
សាខាធនាគារ CIMB នៅរាជធានីភ្នំពេញ។ រូបថត ផា លីណា
ភ្នំពេញៈ លទ្ធផលផ្នែកហិរញ្ញវត្ថុបានចេញផ្សាយកាលពី សប្ដាហ៍មុនបានបង្ហាញថា ប្រាក់ចំណេញ ប្រាក់កម្ចី និងប្រាក់បញ្ញើនៅធនាគារ CIMB ជាធនាគារបុត្រសម្ព័ន្ធរបស់ធនាគារ CIMB Group ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី និងជាធនាគារមួយក្នុងចំណោមធនាគារធំៗគ្រប់គ្រងដោយវិនិយោគិន ម៉ាឡេស៊ី បានកើនឡើងគួរឲ្យកត់សម្គាល់កាលពីឆ្នាំ២០១៣ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានបង្ហាញ ថា ប្រាក់ចំណូលរបស់ធនាគារនេះបានកើនឡើង៧៣ភាគរយធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុនដល់៧,៨លានដុល្លារអាមេរិក។ ប្រាក់បញ្ញើមានចំនួន១៩១លានដុល្លារ កើនឡើងជាង៩៥ភាគរយខណៈដែលប្រាក់កម្ចីមានចំនួន១៣៥លាន ដុល្លារ បានកើនឡើងជាង៦០ភាគរយ បើធៀបនឹងឆ្នាំ២០១២។
លោកស្រី ហេង ធីតា នាយកផ្នែកសេវាហិរញ្ញវត្ថុបុគ្គលបានថ្លែងថា៖ «ក្នុងរយៈពេលជាង៣ឆ្នាំ ដំណើរការរបស់យើងនៅកម្ពុជា អតិថិជនរបស់ធនាគារ CIMB បានកើនឡើងដល់ជាង១៥ ០០០នាក់»។
លោកស្រីបន្តថា៖ «ជាមួយបុគ្គលិកដែលទទួលបានការហ្វឹកហ្វឺនខ្ពស់ជាង២០០នាក់ ធនាគារ CIMB ចាត់ទុក អតិថិជនជាបេះដូងនៃពាណិជ្ជកម្មរបស់យើង។
លោកស្រី ធីតា បន្ថែមថា៖ «ឆ្នាំ២០១៤ នឹងជាឆ្នាំដ៏ គួរឲ្យចាប់អារម្មណ៍មួយ។ យើងរំពឹងថា យើងនឹងបន្តរីកលូតលាស់កាន់តែខ្លាំង បន្ថែមលើលទ្ធផលឆ្នាំ២០១៣»។ លោកស្រីលើកឡើងថា៖ «ជាមួយនឹងកំណើននៃការទទួលយកសេវាកម្មនិងផលិតផលរបស់ CIMB យើងប្តេជ្ញាចិត្តបន្តផ្តល់សេវាកម្មកាន់តែប្រសើរក្នុង ឆ្នាំ២០១៤»។
សព្វថ្ងៃធនាគារ CIMB មានសាខាចំនួន១១ កំពុងបម្រើសេវាកម្ម និងផលិតផលជូនអតិថិជននៅក្នុងទីក្រុងសំខាន់ៗជាច្រើនមានដូចជា ទីក្រុងភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។
លោកឧបនាយករដ្ឋមន្ដ្រីម៉ាឡេស៊ីបានថ្លែងនៅក្នុងជំនួបប្រជុំមួយនៅរាជធានីភ្នំពេញកាលពីចុងខែកុម្ភៈថា ទាំងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរគឺមាន សភាពកាន់តែរលូន ហើយលោកក៏ស្នើឲ្យភាគីទាំងពីរខិតខំបន្តទៀត។
លោកបានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីប្រទេសម៉ាឡេស៊ីជាមួយកម្ពុជាបានកើនឡើង ១៣,៨ភាគរយដល់៤២៩,៥៤លានដុល្លារអាមេរិក កាលពីឆ្នាំមុន ធៀបជាមួយនឹងឆ្នាំ២០១២ ហើយការនាំចេញរបស់ប្រទេសម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជា មានដូចជា វាយនភ័ណ្ឌ ផលិតផលលោហធាតុ អាហារកែច្នៃ និងសារធាតុគីមី ខណៈការនាំចូលពីកម្ពុជាមានដូចជា កៅស៊ូ និងអង្ករ។ ភាគច្រើន ក្រុមហ៊ុនម៉ាឡេស៊ីវិនិយោគខាងវិស័យហិរញ្ញវត្ថុ និងវិស័យសេវាកម្ម ដែលជាវិនិយោគិនបរទេសឈានមុខគេនៅកម្ពុជា។
មានអាជីវកម្មរបស់ម៉ាឡេស៊ីចំនួន១ ៦៩៣ បានចុះបញ្ជីនៅកម្ពុជា ជាមួយនឹងទឹកប្រាក់វិនិយោគរហូតដល់២,៦២ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល១៩ឆ្នាំចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០១៣៕PB
ប្រភពៈ ភ្នំពេញប៉សិ៍្ត
0 comments:
Post a Comment