Thursday, January 2, 2014

រយៈពេល ៣​ខែ​ហើយ​ដែល​បេក្ខជន​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អវត្តមាន​នៅ​ក្នុង​រដ្ឋសភា និង​បន្ត​ដឹក​នាំ​មហា​បាតុកម្ម​អហិង្សា ដោយ​មាន​ពលរដ្ឋ​ច្រើន​ម៉ឺន​នាក់​ចូល​រួម​ដង្ហែ​ក្បួន​បាតុកម្ម​នៅ​តាម​ដង​ វិថី​នានា​ក្នុង​ក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។ គណៈកម្មការ​រដ្ឋសភា​ត្រៀម​នឹង​រាយការណ៍​ករណី​នេះ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ។
 ប្រជុំ​សភា ២០១៣ ៧៥
គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា គ្រោង​ធ្វើ​របាយការណ៍​ពី​អវត្តមាន​បេក្ខជន​សភា​របស់​គណបក្ស​សង្គ្រោះ​​​​​ជាតិ ៥៥​រូប ថ្វាយ​ព្រះមហាក្សត្រ និង​ស្ថាប័ន​ដែល​ជាប់​ពាក់ព័ន្ធ។

គេហទំព័រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ធ្នូ បាន​ដក​ស្រង់​សម្ដី លោក ងួន ញិល អនុ​ប្រធាន​រដ្ឋសភា​ថា គណៈកម្មការ​អចិន្ត្រៃយ៍​សភា​នឹង​ផ្ញើ​របាយការណ៍​អវត្តមាន​តំណាង​រា​​ស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ ថ្វាយ​ព្រះមហាក្សត្រ ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

លោក​បាន​ពន្យល់​ថា យោង​តាម​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ អ្នក​តំ​ណាង​​​រាស្ត្រ​ដែល​បាន​ទទួល​ការ​ទុក​ចិត្ត​ ពី​ពលរដ្ឋ​តាម​រយៈ​ការ​បោះ​ឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​ទទួល​បាន​សំឡេង ៦៨​កៅអី ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៥​កៅអី។ ប៉ុន្តែ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ឈ្មោះ​ក្នុង​រដ្ឋសភា មិន​ដែល​ឃើញ​ទៅ​ធ្វើ​ការ​ដូច​តាម​បំណង​ម្ចាស់​ឆ្នោត​បាន​បោះ​ឲ្យ​នោះ​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រឹម​តែ​មិន​ចូល​ធ្វើ​ការ​បម្រើ​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្ក​ការ​ញុះញង់​បាតុកម្ម​ប៉ុនប៉ង​ទម្លាក់​ការ​ដឹក​នាំ​រដ្ឋា​ភិ​បាល​​​​ស្រប​ច្បាប់​ចេញ​ទៀត។

លោក ងួន ញិល មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​បញ្ជូន​របាយការណ៍​អវត្តមាន​របស់​បេក្ខជន​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ណា​ច្បាស់​លាស់​ទេ ហើយ​ក្នុង​គោល​បំណង​អ្វី​ឲ្យ​ជាក់​លាក់​ដែរ។ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ទេព នីថា បញ្ជា​ក់​​ថា គិត​ត្រឹម​ថ្ងៃ​ទី​១ មករា នេះ គ.ជ.ប នៅ​មិន​ទាន់​បាន​ទទួល​របាយការណ៍​ពី​អវត្តមាន​ការងារ​តំ​​ណាង​រាស្ត្រ​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​ខាង​រដ្ឋសភា​ផ្ញើ​ឲ្យ​នៅ​ឡើយ​ទេ។

នាយក​ប្រតិបត្តិ​អង្គការ និកហ្វិក (Nicfec) លោក ហង្ស ពុទ្ធា យល់​ឃើញ​ថា ការ​បញ្ជូន​របាយការណ៍​ស្ដីពី​អវត្តមាន​ការងារ​របស់​តំណាង​រាស្ត្រ​ជាប់​ ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ជា​ការ​ត្រឹមត្រូវ។ ប៉ុន្តែ សូម​ឲ្យ​របាយការណ៍​នោះ ​មាន​ទិស​ដៅ​រក​ដំណោះស្រាយ​ណា​មួយ ជំរុញ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស ​ប្រឆាំង​ចូល​ធ្វើ​ការ​វិញ មិន​មែន​ជា​របាយការណ៍​ដែល​ថ្វាយ​ព្រះមហាក្សត្រ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បណ្ដេញ ឬ​បញ្ឈប់​តំណាង​រាស្ត្រ​ គណបក្ស​ប្រឆាំង​ចេញ​ពី​រដ្ឋសភា​ទេ។

ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង ​ធ្លាប់​រិះគន់​រដ្ឋសភា​ នៅ​ពេល​នេះ​ថាជា​សភា​ឯក​បក្ស ឬ​សភា​មិន​គ្រប់​ទឹក និង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព ចំពោះ​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​នៃ​ការ​បោះ​ឆ្នោត។

បេក្ខជន​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង បដិសេធ​មិន​ចូល​រដ្ឋសភា និង​បាន​ធ្វើ​បាតុកម្ម​អហិង្សា ដោយ​មាន​ពលរដ្ឋ​ច្រើន​ម៉ឺន​នាក់​ចូល​រួម​ដង្ហែ​ក្បួន​បាតុកម្ម​នៅ​តាម​វិថី​ នានា ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​ទាមទារ​ទម្លាក់​នាយក​រដ្ឋមន្ត្រី៕

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks