Thursday, April 17, 2014

តែប៉ុន្មានសប្ដាហ៍មុននេះប៉ុណ្ណោះ ដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងព្រ មានចាត់វិធានការលើមេដឹកនាំគណបក្ស ប្រ​ឆាំង លោក សម រង្ស៊ី ជាពិសេសនៅ​ក្នុង​សារ​ព្រ​មាន​ចុងក្រោយ ថានឹងដាក់ពាក្យ​បណ្ដឹងប្ដឹង​លោក សម រង្ស៊ី ទៅតុលាការឲ្យ​បាន​​មុន​​ចូល​ឆ្នាំ​​។​​​​​ តែមកដល់ថ្ងៃទី១៧ ខែមេសានេះទៅហើយ ចំណាត់ការនោះដូចជាស្ងាត់ដូច«ចោរ»លួចសេះ។
វិភាគនយោបាយ - ទាំងលោក ហ៊ុន សែន ទាំងលោក សម រង្ស៊ី ទំនងជា​បានរីករាយ​សើច​សប្បាយ​​ទទួល​​​អំណរ​ឆ្នាំថ្មី យ៉ាង​ក្អាកក្អាយ ជាពិសេសបន្ទាប់ពីអ្នកនយោបាយទាំងពីរ បានហៅទូរស័ព្ទ​រកគ្នា កាលពីថ្ងៃទី៩ ខែមេសា កន្លង​មកនោះ។ យ៉ាងណាក៏ដោយ ក៏ការប្រកាសចាត់​​វិធាន​​ការរបស់​លោក​​នាយ​​​​ក​រដ្ឋមន្ត្រី ក្នុងពេលកន្លងមក ប្រែក្លាយ​ជា«សាប» បើគេ​មើលទៅលើវិធានការជាហូរហែរ ប្រ​កាស​​​​ដោយរដ្ឋាភិបាលរបស់លោក និងរូបលោកដោយផ្ទាល់ ជាច្រើនដងមកនោះ។ ពាក្យ​​សម្ដី​​និង​​បទ​​​​​​​បញ្ជាដែល«សាប»ទាំងនេះ អាចនឹងធ្វើឲ្យមានមន្ទិល ទាក់ទងនឹង​ប្រសិទ្ធិភាព​នៃកំណែ​​​ទម្រង់​​«ស៊ីជម្រៅ» របស់រដ្ឋាភិបាលអាណត្តិទីប្រាំ ថាតើវាគួឲ្យជឿជាក់ដល់កម្រិតណា?
ព្រមានលើកទីមួយ៖ លោកហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើង ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់​ទំនប់​វារីអគ្គិសនីស្ទឹង អាតៃនៅខេត្ដពោធិ៍សាត់នាពេលថ្មីៗនេះ ដោយព្រមានជាទូទៅថា លោកបើក​​ឱកាស​​​​​​ឲ្យមាន​ការ​បញ្ចេញមតិ ប៉ុន្តែមិនអនុញ្ញាតឲ្យមានការបង្កសង្គ្រាមស៊ីវិលទេ។ លោកថា៖ «បញ្ចេញ​​មតិអ្វីបញ្ចេញទៅ តែកុំនាំគ្នា​បង្កើតសង្គ្រាម ព្រោះសង្គ្រាមនេះបើកើតហើយមិនងាយរំលត់ទេ»។តើនរណាទៅ ជាអ្នកបង្កើតសង្គ្រាម បើអ្នក​មាន​អាវុធ អាចធ្វើការបាញ់បោះបាន សុទ្ធតែ​​នៅ​ក្រោម​​បញ្ជា​​​​របស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នោះ?
ព្រមានលើកទីពីរ៖ នៅក្នុងពិធីចែកសញ្ញាប័ត្រដល់ និស្សិតថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងប​រិញ្ញា​​បត្រ​​​​ជាន់ខ្ពស់ នៃវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃទី៧ ខែមេសា នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​​កោះ​​​ពេជ្រ​​​​ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ក៏បានព្រមានជាថ្មីទៀតដោយសម្ដីខ្លាំងៗ ចំៗ ទៅលោក សម​ រង្ស៊ី មេបក្សប្រឆាំងថា លោកនឹងឲ្យមេធាវី​រដ្ឋាភិបាលសិក្សាធ្វើពាក្យប្តឹងលោក សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ឲ្យបាន«មុនចូលឆ្នាំខ្មែរ»។ លោកថា ល្មមលោក សម រង្ស៊ី គួរបញ្ឈប់ប្រើសារព្រមានធ្វើបាតុកម្ម សម្រាប់ថ្ងៃអនាគតទៅ ហើយមេគណបក្ស​ប្រឆាំង ត្រូវបញ្ឈប់​​ការ​​​ពឹង​​ពាក់«ទូតបរទេស»នៅក្នុងបញ្ហាអាសន្នអ្វីមួយនោះ។
ករណីប្តឹងលោក សម រង្ស៊ី ឡើងតុលាការនេះ ត្រូវបានលោក ហ៊ុន សែន ភ្ជាប់រឿងដឹក​​នាំធ្វើ​​​«បាតុកម្ម» បង្កហិង្សា​នាពេលកន្លងមក ទៅនឹងការបំពានទៅលើសេចក្តីសំរេច របស់ក្រុមប្រឹក្សា​​ធម្ម​​នុ​​ញ្ញ​​​​​កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០០៣​ដែរ ដែលលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក និយាយថា«ត្រូវតែ»មានទោសនោះ។ ពិសេសរឿង​មេបក្សប្រឆាំងដឹកនាំធ្វើមហាបាតុកម្មសារជាថ្មី នាថ្ងៃទី២ ខែឧសភាខាងមុខ ដែលមានអ្នកចូលរួម ២លាននាក់នោះ ត្រូវបានលោក​​និយាយ​​ទៀត​​​ថា​​៖ «ហ្អែងធ្វើបាតុកម្ម មិនបាតុកម្មដូចគ្នាវើយ! អាមួយគាំទ្រ អាមួយប្រឆាំងដាក់គ្នាទៅ។ (...) អារឿងសរសេរសំបុត្រ សរសេរអីទៅព្រះករុណា និងប្រមាថព្រះមហាក្សត្រស្អីៗ ហើយអ្នកច្បាប់ចេញ​មក​និយាយ ខ្ញុំអបអរ ខ្ញុំទទួល។ ក៏ប៉ុន្តែទោសអ្នកឯង រឿងប្រមាថព្រះមហាក្សត្រអត់ទាន់មានច្បាប់ណាចែងថា មាន​ទោសប៉ុន្មានទេ ប៉ុន្តែ​​ទោស​​អ្នកឯង​​កុំភ្លេច​​​ឲ្យសោះ ប្រឆាំងនឹងក្រុមប្រឹក្សាធម្មនុញ្ញ គឺមានទោស។»។
តែមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង១១ព្រឹកនេះ ការថ្លែងបញ្ជាក់​ពីការដាក់​​ពាក្យ​​បណ្ដឹង ឲ្យបាន​«មុន»ចូលឆ្នាំ ដូចជាគ្មានស្រមោលអ្វីបន្ដិចណាសោះ។ នេះបើរាប់ទាំងការព្រមាន​លើក​មុនៗផង ដូចជាថា នឹង​ទម្លាយ​​ឯកសារ​ខ្សែអាត់​សំឡេង​ក្នុង​តុ​ចរចារ​ថ្ងៃទី១៧ ខែកញ្ញា នោះ ដើម្បី​​​ឲ្យ​​​គេ​ឯងដឹងថា លោក សម រង្ស៊ី និយាយ​យ៉ាងដូចម្ដេច ខាងក្នុងនិងខាងក្រៅ។ មកដល់​​ពេល​​នេះ ​តើឯកសារ​ខ្សែអាត់​សំឡេង​ក្នុង​តុ​ចរចារនោះ នៅឯណា?
សម្តីច្រើន តែមិនបានមួយ«ជ្រក់» ឬត្រូវនិយាយពីសមត្ថភាព...
នៅពេលថ្លែងសារជាសាធារណៈទាក់ទងនឹងសំនុំរឿងរសើបៗជាច្រើនឬនិយាយពីគោលនយោបាយ របស់​រដ្ឋាភិបាលអាណ្ណត្តិទីប្រាំនេះផង លោក ហ៊ុន សែន បានចំណាយពេលរាប់ម៉ោង ដើម្បី​ថ្លែង​ទៅ​កាន់​​ប្រជាជាតិ។ ប៉ុន្តែ​ពាក្យសម្ដី ឬគោលនយោបាយដ៏ហូរហៀរ ដែលត្រូវបាន​ស្រែកហ៊ោក​ញ្ជៀវ​បន្ទរ​​យ៉ាងក្លៀវក្លាដោយក្រុមអ្នកហែហម​ផងទាំងនោះប្រៀបបាននឹងស្គប្រហោងក្នុង ដែលមាន​បរិមាណ​​​ច្រើន តែមានរសជាតិ«សាប»មិនឆ្ងាញ់ ដូចទៅនឹងអ្វី​ដែលការអភិវឌ្ឍន៍របស់ប្រទេស តម្រូវ​ឲ្យ​​​ធ្វើនោះទេ។
ក្នុងនោះ មិនពិបាកទៅមើលឯណាច្រើនទេ  គេគ្រាន់តែសម្លឹងមើលការបង្ក្រាបអំពើពុករលួយ យុត្តិ​ធម៌​​​សង្គម គ្រោះ​ថ្នាក់ចរាចរណ៍ ការរំលោភលើដីធ្លី... និងសំនុំរឿងដ៏ក្ដៅមួយចំនួន ដូចយ៉ាងការ​​កាប់​​បំផ្លាញ​​​​​ព្រៃឈើនោះជាដើម។ បើគេចាំមិនភ្លេចទេ លោក ហ៊ុន សែន ធ្លាប់បានអះអាងថា លោក​​នឹង​​កាត់​​​ករ បើសិនមានការកាប់បំផ្លាញព្រៃឈើ ឬលោកមិនអាចទប់ស្កាត់ការបំផ្លាញព្រៃឈើបាន។ តែ​​ពេល​​​នេះ ព្រៃឈើនៅតែត្រូវបានបន្តការកាប់យ៉ាងរង្គាល ហើយលោក ហ៊ុន សែន និងរដ្ឋាភិ​​បាល​របស់​​​ ក៏មិនមានវិធានការអ្វី  រីឯ«ក»របស់លោកកំពុងនៅជាប់​នឹងស្មានៅ​ឡើយដែរ។
តាម​​ពិតទៅ ប្រសិទ្ធភាពដែលចេញពីសម្ដីរបស់លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក មាន​​ច្រើន​​​ណាស់ ហើយពេលខ្លះប្រសិទ្ធភាពបានកើតមានឡើង ដោយមិនចាំបាច់ឲ្យលោក ហ៊ុន សែន និយា​យចេញមួយម៉ាត់ផង។ បើគេរំលឹកឡើងវិញត្រួសៗ ពីប្រសិទ្ធិភាពដ៏វិសេសវិសាលទាំងនោះ មាន​​ដូចជា ការបង្ក្រាបបាតុកម្ម ការវាយក្បាល​ក្រុមអ្នកតវ៉ាបែកហូរឈាម ការអនុម័ត្រ និងកា​រអ​នុវ​ត្ត​​សន្ធិសញ្ញាព្រំដែនជាមួយប្រទេសវៀតណាម ការប្រគល់ដីសម្បទាន​សេដ្ឋកិច្ចទៅ​ឲ្យក្រុម​ហ៊ុន​ឯក​ជន​បូករួមនឹងការ​សម្ពោធសមិទ្ធិផលមិនស្វាង (ទាំងថ្មីទាំងចាស់ ដូចជា​ផ្លូវ​ថ្នល់ សាលា​រៀន...) ជាច្រើនទៀត៕

ប្រភព មនោរម្យ


0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks