Monday, December 15, 2014

របាយការណ៍​ស្ទង់​មតិ​របស់​មូលនិធិ​អាស៊ី (The Asia Foundation) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ បង្ហាញ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ដែល​ត្រូវ​បាន​សាកសួរ​នៅ​ទូទាំង​ប្រទេស​ពលរដ្ឋ​ភាគ​ ច្រើន​យល់​ឃើញ​ថា ប្រទេស​កម្ពុជា កំពុង​ដើរ​នៅ​លើ​ផ្លូវ​ខុស។ បញ្ហា​ពុករលួយ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ បញ្ហា​សង្គម និង​សេដ្ឋកិច្ច គឺ​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ពលរដ្ឋ​យល់​ឃើញ​បែប​នេះ។
«លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៤ ការ​ស្ទង់​មតិ​របស់​អ្នក​បោះ​ឆ្នោត» នេះ​គឺ​ជា​ចំណងជើង​នៃ​ការ​ស្ទង់មតិ​ថ្នាក់​ជាតិ​ដែល​បាន​រៀបចំ​ឡើង​ដោយ​ មូលនិធិ​អាស៊ី រយៈពេល ២០​ថ្ងៃ គឺ​ចន្លោះ​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៤។
ក្នុង​រយៈពេល ២០​ថ្ងៃ​នៃ​ការ​ស្ទង់​មតិ​នេះ ពលរដ្ឋ​ដែល​ជា​អ្នក​បោះ​ឆ្នោត​ចំនួន ១​ពាន់​នាក់​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ទូទាំង​ប្រទេស ត្រូវ​បាន​គេ​សាកសួរ​លើកលែង​តែ​ខេត្ត​កែប​មួយ​ចេញ។
​ការ​ស្ទង់​មតិ​បាន​ផ្ដោត​ទៅ​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​ចំណាប់​អារម្មណ៍​របស់​ពលរដ្ឋ​ទៅ​លើ​បញ្ហា​ធ្ងន់ធ្ងរ​ បំផុត​នៅ​កម្ពុជា ឥរិយាបថ​របស់​ពលរដ្ឋ​ចំពោះ​ការ​គ្រប់គ្រង​នៅ​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​ជាតិ អំពី​គណបក្ស​នយោបាយ ការ​ផ្តល់​អំណាច​ឲ្យ​ស្ត្រី​ចូល​រួម​ក្នុង​វិស័យ​នយោបាយ ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣ ការ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​អំពី​ការ​ទទួល​បាន​ព័ត៌មាន​ជា​ដើម។
​ជា​លទ្ធផល ការ​ស្ទង់​មតិ​សន្និដ្ឋាន​ជា​រួម​ថា បើ​ទោះ​ជា​កម្ពុជា មាន​កំណើន​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ ក៏​ពលរដ្ឋ​ភាគ​ច្រើន​និយាយ​ថា ប្រទេស​កម្ពុជា កំពុង​ដើរ​នៅ​លើ​ផ្លូវ​ខុស។ ក្នុង​នោះ​អ្នក​ឆ្លើយ​សំណួរ ៥៩% ឆ្លើយ​ថា កម្ពុជា​ដើរ​នៅ​លើ​ផ្លូវ​ខុស ខណៈ​ពលរដ្ឋ ៣២% យល់​ថា កម្ពុជា​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ។
​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត បញ្ហា​ពុករលួយ ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​គ្មាន​ទី​ជម្រក បញ្ហា​សុំ​ទាន និង​ពលកម្ម​កុមារ សុទ្ធសឹងតែ​ជា​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​ដែល​ពលរដ្ឋ​គិត​ថា កម្ពុជា​កំពុង​ជួប​ប្រទះ។
​ផ្ទុយ​ទៅ​វិញ សម្រាប់​ពលរដ្ឋ​ដែល​គិត​ថា កម្ពុជា​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ត្រូវ ព្រោះ​តែ​ពួក​គេ​យល់​ឃើញ​ថា កម្ពុជា​មាន​ការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ សាលារៀន អណ្ដូង ទឹក កំណើន​សេដ្ឋកិច្ច សន្តិភាព និង​សេរីភាព​ក្នុង​ការ​ដើរ​ហើរ​ជាដើម។
​នេះ​គឺ​ជា​លើក​ទី​៣​ហើយ ដែល​មូលនិធិ​អាស៊ី បាន​រៀបចំ​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​ស្ទង់​មតិ​លើក​មុន ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០០ ​និង​ឆ្នាំ​២០០៣។
​យ៉ាងណាក៏ដោយ ខុស​ពី​ឆ្នាំ​២០១៤ ការ​ស្ទង់​មតិ​នៅ​ឆ្នាំ​២០០៣ បង្ហាញ​ថា ពលរដ្ឋ ៨១% យល់​ថា កម្ពុជា​ដើរ​លើ​ផ្លូវ​ត្រូវ នៅ​ពេល​ដែល​ពលរដ្ឋ​តែ ៩% ប៉ុណ្ណោះ ដែល​បាន​គិត​ថា កម្ពុជា​ដើរ​នៅ​លើ​ផ្លូវ​ខុស។
​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៣ វិញ ពលរដ្ឋ​ភាគ​ច្រើន​យល់​ថា ការ​បោះ​ឆ្នោត​មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​សេរី និង​យុត្តិធម៌​ឡើយ។ ពួកគេ​បាន​លើក​ឡើង​អំពី​ការ​បាត់​ឈ្មោះ​បោះឆ្នោត និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​រង​ឥទ្ធិពល​ពី​គណបក្ស​នយោបាយ​ ជាដើម។
​យ៉ាងណាក៏ដោយ ការ​ស្ទង់​មតិ​រក​ឃើញ​ថា មាន​កត្តា​សំខាន់​២ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​គាំទ្រ​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​ កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា។ ទី​១ ពួកគេ​គិត​ថា កិច្ចព្រមព្រៀង​នយោបាយ​នោះ បើក​ផ្លូវ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ឲ្យ​មាន គ.ជ.ប មួយ​ដែល​មិន​លំអៀង។ ទី​២ ដោយសារ​ពួកគេ​សង្ឃឹម​ថា គ.ជ.ប ថ្មី នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​លើក​ក្រោយ។
​ចំពោះ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នេះ អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា មាន​ប្រសាសន៍​ថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​ការ​ស្ទង់​មតិ​នេះ​ទេ ព្រោះ​លោក​ថា លោក​មិន​ទាន់​បាន​ឃើញ​របាយការណ៍​ស្ទង់​មតិ​នេះ​នៅ​ឡើយ។
​ក្រៅ​ពី​ការ​ស្ទង់​មតិ​របស់​មូលនិធិ​អាស៊ី របាយការណ៍​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ អាយ.អ.អាយ (IRI) កាល​ពី​ឆ្នាំ​២០១០ បង្ហាញ​ថា ៧៦% នៃ​ពលរដ្ឋ​ខ្មែរ​យល់​ថា រដ្ឋាភិបាល​កម្ពុជា ដើរ​លើ​ផ្លូវ​ត្រូវ។ ទោះ​យ៉ាង​ណា ការ​ស្ទង់​មតិ​ជា​ថ្មី​របស់ អាយ.អ.អាយ នៅ​ចុង​ឆ្នាំ​២០១៣ បង្ហាញ​ថា ពលរដ្ឋ​ដែល​យល់​ថា រដ្ឋាភិបាល​ដើរ​លើ​ផ្លូវ​ត្រូវ​បាន​ធ្លាក់​ចុះ​ពី ៧៦% មក​ត្រឹម ៥៥% វិញ។
​តំណាង​មូលនិធិ​អាស៊ី​ប្រចាំ​កម្ពុជា លោក ស៊ីឡាស អ៊ីវើរ៉ែត្ត (Silas Everett) បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ថា​ការ​ស្ទង់​មតិ​បង្ហាញ​ចំណុច​កំណែទម្រង់​មួយ​ចំនួន​ដែល​ពលរដ្ឋ​ពេញ​ចិត្ត ហើយ​ដែល​អាច​សម្រេច​ទៅ​បាន។ លោក​មាន​ប្រសាសន៍​ថា ដោយសារ​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​ទៅ​លើ​រដ្ឋាភិបាល​មាន​កម្រិត​ទាប ការ​ធ្វើ​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន និង​ការ​បង្កើន​ទំនាក់ទំនង​បើក​ចំហ​រវាង​ពលរដ្ឋ​និង​រដ្ឋាភិបាល​នឹង​ញ៉ាំង​ ឲ្យ​មាន​កំណែ​ទម្រង់​ក្នុង​ការិយាធិបតេយ្យ​រដ្ឋាភិបាល។ លោក​ថា ដោយសារ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នឹង​រៀបចំ​ឡើង​ក្នុង​ឆ្នាំ​២០១៧ ហើយ​ការ​បោះឆ្នោត​តំណាងរាស្ត្រ​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៨ លោក​ថា វា​ពិត​ជា​មាន​សារសំខាន់​ដែល​កម្ពុជា ត្រូវ​បង្ហាញ​នូវ​ដំណោះស្រាយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្ដី​រំពឹង​របស់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត៕


អ្នក​សុំ​ទាន ៦១០


 ប្រភព អាស៊ីសេរី

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks