
កងទ័ពតំបន់គ្រីមាទើបបង្កើតថ្មីប្រមាណ១០០នាក់ ដើរក្បួន បន្ទាប់ពីការសច្ចាប្រណិធាននៅក្រុង Simferopol កាលពីថ្ងៃទី៨ មីនា។ AFP
ក្រុងស៊ីមហ្វើរ៉ូពុលៈ កម្លាំងជីវពល គាំទ្រវិមានក្រឹមឡាំង បានបាញ់គ្រាប់កាំភ្លើងព្រមាន ខណៈ ក្រុមអ្នកសង្កេតការណ៍បរទេស បានព្យាយាមចូលតំបន់គ្រីមា ពីថ្ងៃសៅរ៍ ក្នុងពេលរុស្ស៊ីបានបង្កើនការប្រឈមមុខដាក់គ្នាជាមួយ លោកខាងលិច ជុំវិញបញ្ហាអ៊ុយក្រែន ដោយគំរាមកំហែងមិនឲ្យក្រុងវ៉ាស៊ីនតោន ត្រួតពិនិត្យអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ភាពតានតឹងកាន់តែធំ និងគ្រោះថ្នាក់នៅឧបទ្វីបតំបន់សមុទ្រខ្មៅ ដែលរុស្ស៊ីបានដណ្តើមកាន់កាប់ប្រកបដោយប្រសិទ្ធភាពកាលពី សប្តាហ៍មុន គេបានឃើញខ្មាន់កាំភ្លើងក្នុងឈុតយោធានិងមួករោមសត្វ៤០នាក់ បាញ់ជាច្រើនគ្រាប់ បង្ហើរពីលើក្បួនរថយន្តមួយ ដែលមានអ្នកសង្កេតការណ៍ស៊ីវិល និងយោធា៥៤នាក់មកពី២៩ ប្រទេសនៃអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅទ្វីបអឺរ៉ុប (OSCE)។
នេះគឺឈានដល់ថ្ងៃទីបីជាប់គ្នាហើយ ដែលក្បួនរថយន្តក្រុង របស់អង្គការ OSCE បានប៉ុនប៉ងចូលឧបទ្វីបដែលបែកបាក់ដោយភាពតានតឹងនេះដើម្បីពិនិត្យ មើលជម្លោះជាប់គាំងដែលកំពុងប្រឈមមុខដាក់គ្នារវាងទាហានអ៊ុយក្រែន ដែលគេគ្របសង្កត់ប្រឆាំងនឹងកម្លាំងរុស្ស៊ី និងកម្លាំងជីវពលគាំទ្រវិមានក្រឹមឡាំង។
សេវាកម្មឆ្មាំព្រំដែនអ៊ុយក្រែន បានបន្ថែមទៅនឹងបរិយាកាសរក កលនឹងផ្ទុះ ដោយរាយការណ៍ថា យន្តហោះល្បាតធុនស្រាលរបស់ខ្លួនមួយ បានរងការវាយប្រហារពី«ក្រុមជ្រុលនិយម»នៅក្នុងតំបន់ ជាមួយគ្នានោះ ប៉ុន្តែមិនត្រូវបាន ប៉ះពាល់នោះទេ។
បេសកកម្មឃ្លាំមើលនោះគឺជា ផ្នែកទ្រឹស្តីមួយនៃការជំរុញ ខាងការទូតបីមុខព្រួញរបស់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលបូកបញ្ចូលទាំងការអំពាវនាវឲ្យរុស្ស៊ីដកទ័ពរបស់ខ្លួន ពីតំបន់គ្រីមាទៅចូលបន្ទាយវិញនិងដើម្បីឲ្យអ៊ុយក្រែនរៀបចំការ បោះឆ្នោតមុនកាលកំណត់ក្នុងខែ ឧសភា។
អ៊ុយក្រែនដែលប្រជាជន៤៦លាននាក់ និងបែកបាក់គ្នាខាងវប្បធម៌នេះ បានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីភាពវឹកវរសម្លាប់មនុស្សបីខែដែលបានធ្វើឲ្យប្រធានាធិបតីអស់អំណាច លោក វិកទ័រ យ៉ានូកូវិច ទៅលាក់ខ្លួននៅរុស្ស៊ី។
វិមានក្រឹមឡាំង ចោទប្រកាន់ ក្រុមអ្នកគ្រប់គ្រងថ្មីពីបទញុះញង់ បរិយាកាសបំភិតបំភ័យប្រឆាំងក្រុមវាគ្មិនរុស្ស៊ី ដែលបង្កើតក្រុម សំឡេងភាគច្រើននៃតំបន់អាគ្នេយ៍អ៊ុយក្រែន។ រឿងនោះ បានបង្កឲ្យ ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន គំរាមកំហែងប្រើកម្លាំងជាការសម្រេច ចិត្តដ៏តក់ស្លុត ដែលបានបង្កជាវិបត្តិសន្តិសុខលោកខាងកើត និងខាងលិចដ៏អាក្រក់បំផុត។
រុស្ស៊ី និយាយថា ខ្លួនបានបង្កើន ការការពារមូលដ្ឋានទ័ពជើងទឹកតំបន់គ្រីមារបស់ខ្លួន និងកំពុងធ្វើការរួមជាមួយកងឯកភាពស្វ័យ ការពារក្នុងតំបន់ ប៉ុន្តែបានបដិសេធ មិនទទួលស្គាល់ទាហានពិសេស ដែលកំពុងពង្រាយ។
ប៉ុន្តែ ឧត្តមសេនីយ៍ឆ្មាំព្រំដែនអ៊ុយក្រែន លោក Mykola Kovil បាននិយាយថា ពេលនេះមាន ទាហានរុស្ស៊ី៣ម៉ឺននាក់នៅក្នុងតំបន់គ្រីមា ក្នុងនោះ៥ពាន់នាក់ជាទាហានដែលអនុញ្ញាតឲ្យចូលក្រោម កិច្ចព្រមព្រៀងជាមួយក្រុងកៀវ ទាក់ទងទៅនឹងមូលដ្ឋានកងនាវាសមុទ្រខ្មៅ។
សេវាកម្មឆ្មាំព្រំដែននោះកាលពីថ្ងៃសៅរ៍ក៏បានចោទប្រកាន់រុស្ស៊ីពីបទដណ្តើមកាន់កាប់ស្ថានីយចំណត នាវាចម្លងមួយនិងចំណតនាវាទ័ពជើងទឹកមួយ នៅភាគខាង កើតនិងភាគនិរតីតំបន់គ្រីមាដើម្បី បញ្ជូនក្បួនរថយន្តដឹកជញ្ជូនយោធា៦៧គ្រឿងជាមួយទាហាន ទៅ កាន់ក្រុង Simferopol របស់តំបន់នោះ។
រុស្ស៊ី បង្កើនការគំរាមកំហែងនុយក្លេអ៊ែរ
ការសម្រេច ចិត្តរបស់រុស្ស៊ីដើម្បីបញ្ចេញសាច់ដុំយោធារបស់ខ្លួន បានបណ្តាលឲ្យក្រុងវ៉ាស៊ីនតោនប្រកាសផែនការហាមប្រាមទិដ្ឋាការ និងការបង្កកទ្រព្យសម្បត្តិលើ ក្រុមមន្ត្រីក្រុងម៉ូស្គូ ខណៈកំពុង ផ្អាកប្រតិបត្តិការយោធារូបភាពជាច្រើន។
សហភាពអឺរ៉ុបបានគំរាមកំហែង បន្ថែមទៀតដើម្បីរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៊ី បើសិនជា ពួកគេមិនចរចាបើកចំហជាមួយអ៊ុយក្រែនទេនោះ។
ការិយាល័យរបស់ ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ បាននិយាយថា លោកនិងលោក អូបាម៉ា បានឯកភាពគ្នាតាមទូរស័ព្ទពីថ្ងៃសៅរ៍ថា វិធានការថ្មី នឹងត្រូវចាត់ ដែលប៉ះពាល់គួរឲ្យកត់សម្គាល់លើទំនាក់ទំនងរវាងសហគមន៍អន្តរជាតិ និងរុស្ស៊ី បើសិនជាក្រុងម៉ូស្គូមិនកាត់បន្ថយការគំរាមកំហែងសន្តិសុខកំពុង កើនឡើងភ្លាមៗនៅជាយខាងកើតអឺរ៉ុបនោះទេ។
ប៉ុន្តែរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស៊ើហ្គេយ៍ ឡាវរ៉ូវ បានប្រាប់សមភាគីអាមេរិក លោកចន ឃើរី ថា វិធានការទណ្ឌកម្ម ណាមួយ នឹងក្លាយជាការវាយប្រហារបំផ្លិចបំផ្លាញមួយ។
ក្រុមហ៊ុន ថាមពលរដ្ឋដ៏ធំរបស់រុស្ស៊ី Gazprom បានចាប់ផ្តើម បង្កើនសម្ពាធកាលពីថ្ងៃសុក្រដោយព្រមានអ៊ុយក្រែនថា ខ្លួនអាចកាត់ផ្តាច់ការដឹកជញ្ជូនឧស្ម័ន ដោយសារតែបំណុលកើនឡើង។ ការផ្អាកនោះនឹងស្ទើរតែប៉ះពាល់ដល់អតិថិជនអឺរ៉ុបខាងលិច និងធ្វើឲ្យខូចខាតកិត្តិនាមរបស់វិមានក្រឹមឡាំងថែមទៀត៕
ប្រភពៈ ភ្នំពេញប៉ុសិ៍្ត
0 comments:
Post a Comment