Tuesday, March 11, 2014

20140310_11
កម្មករកំពុងធ្វើការនៅក្នុងរោងចក្រកែច្នៃអង្កររបស់ក្រុមហ៊ុន​ខ្មែរហ៊្វូតនា​ពេលកន្លងមក​​​។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​នឹង​ជួប​ប្រជុំ​ជាមួយ​ក្រុម​ពាណិជ្ជករ ស្រូវ-អង្ករ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ដើម្បី​ពិភាក្សា​ពី​ការ បង្កើត​សហព័ន្ធ​ស្រូវ-អង្ករ​កម្ពុជា ដែល​ជា​ស្ថាប័ន​ថ្នាក់​ជាតិ​សម្រាប់​ជា​ដៃគូ​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​នេះ​។
ការ រៀបចំ​បង្កើត​សហព័ន្ធ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ឯកភាព​ពី លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​បាន​សម្រេច​អនុញ្ញាត​ឲ្យ​មាន​ការ បង្កើត​សហព័ន្ធ​ស្រូវ-អង្ករ​ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល ក្នុង​ការ​សហការ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​នៅក្នុង សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ ២០១៥​។
តំណាង​ពាណិជ្ជករ​ស្រូវ-អង្ករ​នៅ​កម្ពុជា​ដែល​បច្ចុប្បន្ន​នៅ​មាន​ក្រុម​ដោយ​ឡែកៗ​ពី​គ្នា​បាន លើក​ឡើង​ថា ការ​រៀបចំ​សហព័ន្ធ​រួម​គ្នា​ថ្នាក់​ជាតិ​មួយ​គឺជា ការ​ចាំបាច់​ដើម្បី​ធ្វើឲ្យ​ការ​សហការ​ក្នុង​ចំណោម​ពាណិជ្ជករ មាន​ភាព​រឹងមាំ ខណៈ​បេសកកម្ម​កន្លង​មក​ធ្វើ​ឡើង​ដាច់​ដោយឡែក​ពី​គ្នា។
លោក ដេវីដ វ៉ាន់វិចិត្រ អគ្គលេខាធិការ​រង សម្ព័ន្ធ​អ្នក​ផលិត​ស្រូវ និង​នាំ​ចេញ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​សហព័ន្ធ​ថ្នាក់​ជាតិ​គឺជា​ជំហាន​នៃ​ការ​វិវត្ត​មួយ ដើម្បី​បង្កើត​បរិយាកាស​ឲ្យ​ក្រុម​ពាណិជ្ជករ​ទាំងអស់​ធ្វើការ ចុះ​សម្រុង​គ្នា​ឲ្យ​បាន​ល្អ​ជាង​មុន​ដើម្បី​ផលប្រយោជន៍​រួម។
លោក​ថ្លែង​ថា​៖ «​យើង​គាំទ្រ​វិធានការ​ណា​មួយ​ដើម្បី​ឲ្យ​មាន​ការ បង្រួបបង្រួម​គ្នា​ក្នុង​វិស័យ​ស្រូវ-អង្ករ។ កាល​ណា​មាន​សហព័ន្ធ​បង្កើត​ថ្មី ពួកយើង​ទាំងអស់​នឹង​ស្ថិត​ក្រោម​ឆត្រ​តែ​មួយ​របស់​សហព័ន្ធ»។
ប្រទេស​កម្ពុជា​ដែល​បាន​នាំ​ចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​បាន​ជិត​៤០​ម៉ឺន​តោន កាលពី​ឆ្នាំ​មុន​មាន​សមាគម​ស្រូវ-អង្ករ​យ៉ាង​ហោច​ណាស់​បី​ធំៗ​។ សមាគម​នាំ​ចេញ​អង្ករ​កម្ពុជា​ដែល​មាន​លោក លឹម ប៊ុនហេង ជា​ប្រធាន សម្ព័ន្ធ​អ្នក​ផលិត​ស្រូវ និង​នាំ​ចេញ​អង្ករ​កម្ពុជា របស់​លោក ដេវីដ វ៉ាន់វិចិត្រ និង​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​ដែល​មាន​លោក គឹម សាវុធ ជា​ប្រធាន។
ការ មាន​សមាគម​បែកខ្ញែក​គ្នា​នា​ពេល​កន្លង​មក​ហាក់​ធ្វើឲ្យ​ពាណិជ្ជករ ក្រុម​នីមួយៗ​មិន​សហការ​គ្នា​បាន​ល្អ​។ ពេល​ដែល​អង្ករ​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ជា​អង្ករ​មាន​គុណភាព​ល្អ ជាង​គេ​របស់​ពិភពលោក​ជា​លើក​ទី​ពីរ​កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន​នាំ​ចេញ អង្ករ​មួយ​ចំនួន​អះអាង​តាមរយៈ​សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន ថា សមិទ្ធផល​នោះ​ជា​របស់​ក្រុមហ៊ុន​ខ្លួន។ ការ​ប្រកាស​របស់​ក្រុមហ៊ុន​ទាំងនោះ​គឺជា​ការ​ប្រាស់ចាក​ពី​ការ​ព្រមព្រៀង​មុន​ពេល​ចេញ​ដំណើរ​ទៅ​ប្រកួត ខណៈ​កាល​នោះ​តំណាង​សមាគម សហព័ន្ធ និង​ក្រុមហ៊ុន​សុទ្ធតែ​យល់ព្រម​ថា ពួកគេ​តំណាង​ដល់​អង្ករ​កម្ពុជា ហើយ​រាល់​ជោគជ័យ​ទាំងឡាយ​ជា​កេរ្តិ៍ឈ្មោះ និង​ការ​សម្រេច​បាន​របស់​កម្ពុជា​។
លោក គឹម សាវុធ ប្រធាន​សម្ព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សម្ព័ន្ធ​ស្រូវ-អង្ករ​កម្ពុជា ដែល​នឹង​បង្កើត​ឡើង​នា​ពេល​ឆាប់ៗ​នឹង​ធ្វើឲ្យ​ពាណិជ្ជករ​ស្រូវ-អង្ករ​ទាំងអស់​មាន​កិច្ចសហការ​គ្នា​បាន​ល្អ។
លោក​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា សហព័ន្ធ​នេះ​នឹង​ធ្វើការ​មាន​ប្រសិទ្ធភាព​ល្អ ហើយ​ជួយ​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​អង្ករ​កម្ពុជា​កាន់តែ​ខ្លាំង »​។
លោក លឹម ប៊ុនហេង ប្រធាន​សមាគម​នាំ​ចេញ​អង្ករ​កម្ពុជា​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ​។ លោក​ថ្លែង​ថា​៖ «​យើង​រីករាយ​ក្នុង​ការ​រួម​គ្នា​ជា​បាច់​ធំ​មួយ​ដើម្បី​ឲ្យ​កម្លាំង របស់​យើង​ខ្លាំង​នៅលើ​ឆាក​អន្តរជាតិ​»​៕

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks