![]() |
លោក Hisamichi Koga ថ្លែងក្នុងសន្និសីទកាលពីចុងសប្តាហ៍មុន។ Bangkokpost |
ក្រុង បាងកកៈ វិនិយោគិន ជប៉ុន ទំនងជានឹងផ្លាស់ប្តូរការវិនិយោគរបស់ខ្លួនចេញពីប្រទេស ថៃ ទៅកាន់ប្រទេសជាសមាជិកអាស៊ានផ្សេងទៀតប្រសិនបើភាពចលាចលផ្នែកនយោបាយអូសបន្លាយពី ៦ ដល់ ១២ខែ បន្តទៀតដែលនឹងធ្វើខូចខាតដល់សេដ្ឋកិច្ចទាំងមូល។
ថ្លែងកាលពីសប្តាហ៍មុនក្នុងសន្និសីទទីក្រុង បាងកក ស្ដីពីនិន្នាការវិនិយោគ ជប៉ុន ក្រុមមន្ដ្រីប្រតិបតិ្តរបស់ក្រុមហ៊ុននានាបានថ្លែងថា ជម្លោះដែលបន្តរយៈពេលវែងមួយនឹងប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍បង្ការគ្រោះទឹកជំនន់និងគម្រោងផ្នែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតរបស់ប្រទេស ថៃ។
មន្ត្រីប្រតិបត្តិទាំងនោះបានបន្តថា អាទិភាពសម្រាប់ប្រទេស ថៃ គឺជួយសម្រួលដល់ការវិនិយោគនៅក្នុងវិស័យសេវាកម្ម និងកែលម្អប្រព័ន្ធអប់រំដើម្បីឆ្លៀតយកប្រយោជន៍លើនិន្នាការរបស់ក្រុមហ៊ុន ជប៉ុន ដែលពង្រីកអាជីវកម្មនៅក្រៅប្រទេសកំណើតរបស់ខ្លួន។
លោក Hisamichi Koga អនុប្រធានសភាពាណិជ្ជកម្ម ជប៉ុន នៅទីក្រុង បាងកក បានថ្លែងថា៖ «ភាពចលាចលនេះបានធ្វើឲ្យវិនិយោគិន ជប៉ុន សម្លឹងមើលទិសដៅវិនិយោគជំនួសដូចជា ប្រទេស ឥណ្ឌូនេស៊ី និង ហ្វីលីពីន»។
លោកបន្តថា៖ «ប្រសិនបើស្ថានការណ៍អូសបន្លាយរយៈពេល ៦ ខែដល់មួយឆ្នាំទៀត ពួកគេអាចផ្លាស់ប្តូរការវិនិយោគពីប្រទេស ថៃ ទៅកាន់បណ្ដាប្រទេសផ្សេងទៀត»។
ដោយលើកឡើងព័ត៌មានពីធនាគារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន លោកបានបញ្ជាក់ថា ក្រុមហ៊ុន ជប៉ុន ជាច្រើនកំពុងបង្កើនការវិនិយោគនៅក្រៅប្រទេសដើម្បីជម្នះជាមួយនឹងការធ្លាក់ចុះរយៈពេលវែងរបស់តម្លៃប្រាក់យ៉េន និងការធ្លាក់ចុះតម្រូវការនៅក្នុងប្រទេស។
លោក Koga បានលើកឡើងថា៖ «ពួកគេកំពុងពង្រីកអាជីវកម្មក្នុងតំបន់អាស៊ីជាពិសេសប្រទេស ថៃ និងតំបន់អាស៊ាន ដែលមានចំនួនប្រជាជនច្រើនចំនួន ៦០០ លាននាក់ ហើយកំពុងបន្តកើនឡើង»។
ការវិនិយោគរបស់វិនិយោគិន ជប៉ុន ក្នុងតំបន់អាស៊ីអាគ្នេយ៍បានកើនឡើង ៥៥ ភាគរយនៅក្នុងរយៈពេល ៦ខែ ដំបូងឆ្នាំ ២០១៣ ដល់ ១០,៣ ពាន់លានដុល្លារអាមេរិក។
លោក Setsuo Iuchi ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ ជប៉ុន ក្នុងទីក្រុង បាងកក បានថ្លែងថា ទំនុកចិត្តរបស់វិនិយោគិន ជប៉ុន បានរងផលប៉ះពាល់ដោយសារតែភាពបែកបាក់ផ្នែកនយោបាយបានពន្យារពេលការតែងតាំងក្រុមប្រឹក្សាវិនិយោគ (BoI) ថ្មី និងការអនុម័តលើគ្រោងធំៗដែលតម្រូវឲ្យមានការយល់ព្រមពីក្រុមប្រឹក្សា BoI មួយនេះ។
លោកបន្តថា វិនិយោគិនជាច្រើនកំពុងសម្លឹងមើលឱកាសទូទាំងតំបន់អាស៊ានដោយសារតែ ស្ថានការណ៍នៅក្នុងប្រទេស ថៃ ធ្វើឲ្យវិនិយោគិនគ្រប់គ្នាមានការខកចិត្ត ហើយហានិភ័យផ្នែកនយោបាយបានផ្លាស់ប្តូរ។
លោក Kanetsugu Mike មន្ដ្រីប្រតិបតិ្តគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ Tokyo-Mitsubishi UFJ បានថ្លែងថា ប្រទេស ថៃ និង ឥណ្ឌូនេស៊ី បានរក្សាទិសដៅវិនិយោគដែលអនុគ្រោះសម្រាប់ក្រុមហ៊ុន ជប៉ុន។
លោកបានបន្តថា ទោះបីជាមានភាពចលាចលផ្នែកនយោបាយក៏ដោយក៏ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ដ៏ល្អរបស់ប្រទេស ថៃ ផ្ដល់ឲ្យខ្លួននូវការទទួលបានអត្ថប្រយោជន៍ពីភាពប្រកួតប្រជែងមួយដែរខណៈប្រទេស ឥណ្ឌូនេស៊ី មានសេដ្ឋកិច្ចដ៏ធំមួយ។
លោក Koga បានមានប្រសាសន៍បន្តថា ក្រុមហ៊ុនមិនមែនផលិតកម្មរបស់ ជប៉ុន កាន់តែច្រើនកំពុងចូលមកប្រទេស ថៃ ដូច្នេះជំនួយបន្ថែមទៀតពីសំណាក់រដ្ឋាភិបាលគឺជាការចាំបាច់បំផុតនៅក្នុងវិស័យជាច្រើនដូចជាក្នុងវិស័យច្បាប់ពាណិជ្ជកម្មបរទេសជាដើម៕ PB
ប្រភពៈ ភ្នំពេញប៉ុសិ៍្ត
0 comments:
Post a Comment