
កម្មករឈរសាទរនៅមុខផ្ទះដែលគេជួលស្នាក់នៅពេលតវ៉ាកាលពីខែមករា។ រូបថត ផា លីណា
ភ្នំពេញៈ ការធ្វើកូដកម្មនៅផ្ទះមិនទៅធ្វើការនៅក្នុងវិស័យកាត់ដេរ ដែលគ្រោងធ្វើឡើងនៅថ្ងៃស្អែកនេះ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីកម្មករ និងមេដឹកនាំសហជីពមួយចំនួន ជំរុញឲ្យមានការពន្យារពេលរហូតដល់ក្រោយពីចូលឆ្នាំខ្មែររួច។ នេះបើតាមមេដឹកនាំសហជីពម្នាក់ ដែលបានថ្លែងកាលពីម្សិលមិញ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករ(CUMW) បានថ្លែងថា កម្មករមួយចំនួន ភ័យខ្លាចថា កូដកម្មនេះ នឹងធ្វើឲ្យពួកគេមិនមានប្រាក់សម្រាប់ពិធីចូលឆ្នាំខ្មែរនា ពេលខាងមុខនេះ។
លោកបន្ថែមថា មេដឹកនាំសហជីពចំនួន១៨ដែលដឹកនាំឲ្យមានកូដកម្មនេះ នឹងជួបប្រជុំគ្នានៅថ្ងៃនេះ ដើម្បីសម្រេចថា តើនឹងត្រូវបន្តធ្វើកូដកម្មឬអត់? លោកបន្តថា៖ «យើងចង់បន្តការគ្រោងធ្វើកូដកម្មនេះ ប៉ុន្តែយើងបានទទួលសំណូមពរនេះ ពីសមាជិកនិងកម្មករឲ្យពន្យារពេលរហូតដល់បន្ទាប់ពីចូល ឆ្នាំខ្មែរខែក្រោយ»។
អស់រយៈពេលជាច្រើនសប្តាហ៍សហជីព បានគំរាមថា កូដកម្មនៅផ្ទះ មិនទៅធ្វើការនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃស្អែក ហើយនឹងបន្តរហូតដល់យ៉ាងហោចណាស់ថ្ងៃទី១៩ ខែមីនា។ សហជីព និងកម្មករ ដែលចង់ធ្វើកូដកម្មនេះ គឺដើម្បីទាមទារប្រាក់ខែអប្បបរមាចំនួន១៦០ដុល្លារ និងការដោះលែងសកម្មជនសហជីពនិងកម្មករកំពុងជាប់ឃុំចំនួន២១ នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងអំឡុងបាតុកម្មកាលពីដើមខែ មករា។ កិច្ចខិតខំប្រឹងប្រែងរបស់សហជីព ដើម្បីប្រារព្ធធ្វើវេទិកាសាធារណៈមួយនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃសៅរ៍ នៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ត្រូវបានរារាំងដោយអាជ្ញាធរ ដោយសារអាជ្ញាធរបានធ្វើការបិទតំបន់នោះ។
លោក ប៉ាវ ស៊ីណា បានថ្លែងបន្តថា៖ «ប្រសិនបើយើងបន្តទៅមុខថានឹងធ្វើកូដ-កម្ម យើងនឹងប្រកាសទៅកម្មករទាំងអស់ឲ្យនៅផ្ទះដើម្បីចៀសវាងបញ្ហា ណាមួយជាមួយនគរបាលឬកងរាជអាវុធហត្ថ»។
ប៉ុន្តែលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានថ្លែងកាលពីម្សិលមិញថា មិនមានពាក្យ«ប្រសិនបើ»ទេ កូដកម្មនឹងត្រូវធ្វើឡើង។
លោកថ្លែងបន្តថា៖ «ខ្ញុំនឹងមិនបោះបង់ផែនការរបស់ខ្ញុំ ក្នុងការធ្វើកូដកម្មនេះនៅថ្ងៃពុធទេ បើទោះបីជាមេដឹកនាំសហជីពដទៃៗទៀត សម្រេចពន្យារពេលរហូតដល់ខែក្រោយក៏ដោយ»។ «ការពន្យារពេលនឹងធ្វើឲ្យចំណាយពេលឥតប្រយោជន៍ និងមានន័យថា យើងនឹងមិនទទួលបានលទ្ធផល»។
អ្នកនាង អៀរ លីម អាយុ ២៥ ឆ្នាំ ជាកម្មការិនីម្នាក់ នៅសួនឧស្សាហកម្មការណាឌីយ៉ា នៅជិតកន្លែងដែលកម្លាំងប្រដាប់អាវុធបានបាញ់មនុស្សយ៉ាងហោចណាស់ ៤ នាក់ស្លាប់ កាលពីថ្ងៃទី៣ ខែមករា គឺជាកម្មករម្នាក់ដែលមិនបោះបង់ផែនការធ្វើកូដកម្មនេះទេ។
អ្នកនាងបានថ្លែងកាលពីម្សិលមិញថា៖ «ខ្ញុំពិតជាភ័យខ្លាច ប៉ុន្តែយើងត្រូវការប្រាក់ខែខ្ពស់ជាងមុន និងអត្ថប្រយោជន៍ច្រើនជាងមុន។ ខ្ញុំនឹងចូលរួមកូដកម្មនេះ។ វាមិនល្អប្រសិនបើយើងពន្យារពេលនោះ»៕ PS
ប្រភពៈ ភ្នំពេញប៉ុសិ៍្ត
0 comments:
Post a Comment