
ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយរៀងៗខ្លួន កាលពីម្សិលមិញ ក្រោយពីកិច្ចប្រជុំរយៈពេលបីម៉ោងរបស់គណៈកម្មការចម្រុះស្តីពីកំណែទម្រង់ការបោះឆ្នោតដែលមានសមាសភាព ៦រូបម្ខាង បានបរាជ័យមិនបានឈានដល់កិច្ចព្រមព្រៀងណាមួយទេ។
ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិបានបំភ្លឺថា ខ្លួនចង់បានស្នើសមាជិក គ.ជ.ប ដែលតម្រូវឲ្យមានការអនុម័តដោយសំឡេងពីរភាគបី នៅក្នុងសភាជាជាងភាគច្រើនដាច់ខាតដែលតម្រូវនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែ សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជាវិញ បានបដិសេធត្រង់ចំណុចនេះ និងបានសម្តែងការសោកស្តាយ ចំពោះគណបក្សសង្គ្រោះជាតិ នៅតែយកបញ្ហានេះមកធ្វើជាលក្ខខណ្ឌ ដែលអាចបង្កការរាំងស្ទះដល់ដំណើការកំណែទម្រង់បោះឆ្នោតនាពេលខាងមុខ។
កិច្ចប្រជុំលើក ទី១ នៃគណៈកម្មការនេះ កាលពីថ្ងៃចន្ទសប្តាហ៍មុន ដែលជាកិច្ចខិតខំប្រឹងប្រែងបញ្ចប់ការធ្វើពហិការរបស់គណបក្ស សង្គ្រោះជាតិ មិនចូលសភា បាននាំឲ្យមានការចេញសេចក្តីថ្លែងការណ៍រួមមួយដែលសន្យាធ្វើកំណែ ទម្រង់បញ្ជីអ្នកបោះឆ្នោតនិងសន្យាថា ច្បាប់ស្តីពីហិរញ្ញវត្ថុរបស់គណបក្សនយោបាយនឹងត្រូវបង្កើតឡើង។
ទោះជាលទ្ធផលនៃកិច្ចប្រជុំកាលពីម្សិលមិញមិនមានលទ្ធផល ប៉ុន្តែគណបក្សទាំងពីរ បានសន្យាថានឹង បន្តកិច្ចចរចានេះ នៅថ្ងៃចន្ទ សប្តាហ៍ក្រោយទៀត។
ប្រភពៈ ភ្នំពេញប៉ុសិ៍្ត
0 comments:
Post a Comment