
ភ្នំពេញៈ អាជ្ញាធរអាកាសចរកម្ពុជាបានបង្កើនចំនួនបុគ្គលិកនិងបន្តទាក់ទងជាមួយនឹងសមភាគីវៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការស្រាវជ្រាវរកយន្តហោះម៉ាឡេស៊ីជើងហោះហើរលេខ៣៧០ ដែលបានបាត់ការទំនាក់ទំនងក្រោយហោះចេញពីព្រលានយន្តហោះ១ម៉ោង កាលពីថ្ងៃទី ០៨ មីនា។
ជើងហោះហើរ ៣៧០ ដែលបានធ្វើដំណើរចេញពីទីក្រុងគួរឡាឡំពួរ ឆ្ពោះទៅទីក្រុងប៉េកាំងហើយដឹកអ្នកដំណើរនិងបុគ្គលិកយន្តហោះ ២៣៩ នាក់ ពុំទាន់រកឃើញនៅឡើយទេ បន្ទាប់ពីបាត់ចេញពីរ៉ាដាកាលពីព្រឹកថ្ងៃសៅរ៍ នៅក្នុងដែនអាកាសប្រទេសវៀតណាមគឺនៅខាងត្បូង កោះត្រល់។
លោក ឈុន ស៊ីវ័ន ប្រធាននាយកដ្ឋានចរាចរផ្លូវអាកាសនិងបទដ្ឋាននៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានថ្លែងថា តំបន់នោះគឺស្ថិតនៅចម្ងាយជាង ៣០០ គីឡូម៉ែត្រខាងត្បូងនៃស្ថានីយគ្រប់គ្រងចរាចរផ្លូវអាកាសភ្នំពេញមិនឆ្ងាយពីដែនអាកាសកម្ពុជាទេ។
លោក ស៊ីវ័ន បានបញ្ជាក់ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែករ៉ាដានិងផ្កាយរណបភ្លាមៗ ជាមួយនឹងវៀតណាម បន្ទាប់ពីបានដំណឹងអំពីការបាត់យន្តហោះកាលពីថ្ងៃទី ៨ ខែ មីនា។
លោកបានបន្ថែមថា ពួកគេក៏បានបង្កើតចំនួនបុគ្គលិកឃ្លាំមើលដែនអាកាសកម្ពុជានិងពិនិត្យឈូងសមុទ្រថៃដើម្បីរកសញ្ញាស្រែកហៅជំនួយ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងស្ថានីយគ្រប់គ្រងចរាចរផ្លូវអាកាសនៅរាជធានីភ្នំពេញ។
លោកបានបន្ថែមថា៖ «យើងបានដាក់បន្ថែមបុគ្គលិក ២៤ ម៉ោងក្នុងមួយថ្ងៃដែលឃ្លាំមើលរូបពីផ្កាយរណបនិងប្រព័ន្ធរ៉ាដា»។
សេចក្តីប្រកាសចុងក្រោយបំផុតពីក្រុមហ៊ុនអាកាសចរម៉ាឡេស៊ីដែលបានផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួនកាលពីម្សិលមិញនៅវេលាម៉ោង ១០ ព្រឹកគឺ ៤៨ ម៉ោងបន្ទាប់ពីបាត់យន្តហោះ បានថ្លែងអំណរគុណក្រុមរក និងសង្គ្រោះ ពីប្រទេស អូស្រ្តាលី ចិន ថៃ ឥណ្ឌូនេស៊ី សឹង្ហបូរី វៀតណាម ហ្វីលីពីន និង សហរដ្ឋអាមេរិក។
លោក ស៊ីវ័ន បានថ្លែងថា បើទោះបីជាតំបន់រុករកនៅជិតព្រំដែនអាកាសរវាងកម្ពុជានិងវៀតណាម ក៏ដោយ ក៏ប៉ុន្តែកម្ពុជាពុំមានធនធានដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនៅឯនាសមុទ្រទេ។
លោកបានថ្លែងថា៖ «ដូច្នេះយើងកំពុងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយដោយប្រើប្រាស់អ្វីដែលយើងមាន»។
លោកបានថ្លែងថា៖ «យន្តហោះទាំងអស់មានតំឡើងឧបករណ៍បញ្ជូនសញ្ញាពេលគ្រាអាសន្ន។ ប្រសិនបើយន្តហោះធ្លាក់នៅក្នុងដែនអាកាសកម្ពុជា ឬក្នុងរង្វង់ប្រព័ន្ធរ៉ាដានិងផ្កាយរណបយើងសង្ឃឹមនឹងទទួលបានសញ្ញា»។
លោក Greg Waldron ពី Flightglobal បានថ្លែងថា ឥឡូវនេះ ឱកាសរកឃើញយន្តហោះ ប៊ូអ៊ីង ៧៧៧ ដោយរ៉ាដា ផ្កាយរណប ឬអ៊ិនហ្វ្រា គឺមានតិចតួច។
លោកបានបន្ថែមថា៖ «ឥឡូវនេះ ការរុករកគឺផ្អែកលើភ្នែកផ្ទាល់»។ លោកបានបន្ថែមថា ទូកនេសាទជាច្រើន និងបំណែកនៅជុំវិញឈូងសមុទ្រថៃ អាចផ្តល់ជាសញ្ញាខុសចំពោះប្រតិបតិ្តករប្រព័ន្ធរ៉ាដា។
លោក Waldron បានព្យាករណ៍ថា ការស្វែងរកនេះអាចបន្តជាង ១ សប្តាហ៍ទៀត បើទោះបីជាមានការចូលរួមស្វែងរកពីអន្តរជាតិក៏ដោយ៕ TK
ប្រភពៈ ភ្នំពេញប៉ុសិ៍្ត
0 comments:
Post a Comment