ភ្នំពេញៈ កាសែតខ្មែរនៅថ្ងៃអង្គារនេះ ចាប់អារម្មណ៍រឿងបញ្ហាផ្សេងៗគ្នា លើទំព័រមុខខ្លួន។ កាសែតកម្ពុជាថ្មី និងរស្មីកម្ពុជា ចាប់អារម្មណ៍នឹងជំនួបចរចាបក្សទាំងពីរកាលពីម្សិលមិញ។ កម្ពុជាថ្មី បានរាយការណ៍ថា ក្រុមការងារគណបក្សទាំងពីរពិភាក្សាបានលទ្ធផលល្អតែមិនចេញសេចក្តីថ្លែងការណ៍រួម។ កាសែតបន្តថា មានចំណុចសំខាន់ៗពីរដែលត្រូវបានក្រុមការងារលើកឡើងគឺ បញ្ហាកំណែទម្រង់ការបោះឆ្នោត និងសុចរិតភាពនៃអង្គការសង្គមស៊ីវិល។ កម្ពុជាថ្មី ដែលមាននិន្នាការគាំទ្រគណបក្សប្រជាជនកម្ពុជានោះ ក៏ចាប់អារម្មណ៍ចុះផ្សាយរឿងគណបក្សកាន់អំណាចនេះដែរ ដោយបានលើកប្រសាសន៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថា គណបក្សប្រជាជនកម្ពុជាថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានបោះឆ្នោតជូន នៅក្នុងពិធីសម្ពោធផ្លូវនៅខេត្តបាត់ដំបងកាលពីម្សិលមិញ។ ទំព័រមុខកម្ពុជាថ្មីក៏ចាប់អារម្មណ៍ចុះផ្សាយរឿង រថយន្តទំនើប២គ្រឿងត្រូវ អណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅដោយសារទុស្សេអាគុយ និងកូនតុងទីនជាង ១០០នាក់ផ្ទុះការតវ៉ាក្រោយមេតុងទីនវេចលុយ ៣០ ម៉ឺនដុល្លាររត់ចោលផ្ទះ។ មិនខុសគ្នាទេ កាសែតរស្មីកម្ពុជាវិញ ក៏ចាប់អារម្មណ៍ជំនួបបក្សទាំងពីរ និងលើកឡើងពីប្រសាសន៍លោកនាយករដ្ឋមន្ត្រីដែរ។
ងាកមកចាប់អារម្មណ៍ព័ត៌មាន កាសែត មនសិការខ្មែរ លើបញ្ហាតែមួយដូច កម្ពុជាថ្មី និងរស្មីកម្ពុជា មនសិការខ្មែរវិញបានចុះផ្សាយព័ត៌មានជំនួបបក្សទាំងពីរថា គណបក្សប្រជាជននៅតែអូសក្រឡា ចំពោះកំណែទម្រង់បោះឆ្នោត និងគ្មានឆន្ទៈបញ្ចប់វិបត្តិនយោបាយឲ្យបានឆាប់រហ័សទេ។ កាសែតប្រឆាំងបន្តនេះរាយការណ៍ព័ត៌មានថា ក្តីសង្ឃឹមនិងជម្រើសសម្រាប់ការផ្លាស់ប្តូរជីវភាពថ្មីរបស់ប្រជារាស្ត្រខ្មែរពឹងអាស្រ័យទៅលើមេដឹកនាំដែលមានព្រហ្មវិហារធម៌និងការទទួលខុសត្រូវ និងអត្ថបទព័ត៌មានមួយទៀតថា ក្រៅពីវាយតម្លៃទាបចំពោះរដ្ឋអំណាចកម្ពុជា ក្រោមការដឹកនាំរបស់ ហ៊ុន សែន គឺនៅមានការថ្កោលទោសលើបទឧក្រិដ្ឋសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ថែមទៀត។
ចំណែកឯ កាសែត កោះសន្តិភាពវិញ នៅថ្ងៃនេះក៏ចាប់អារម្មណ៍ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ដែលចំអកឲ្យបក្សប្រឆាំងថា ដដែលដូចគ្នា ដោយស្រង់សំដីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនថា គេថាមុខដដែល ចុះបក្សប្រឆាំងមុខដដែលដែរ ម៉េចមិនថា?។ ព័ត៌មានទំព័រមុខ កោះសន្តិភាពនៅថ្ងៃនេះ បន្តចាប់អារម្មណ៍ ប៉េអឹមក្រុងប៉ោយប៉ែតបង្ក្រាបអាជីវកម្ម ស៊ីសា និងប៉េអឹមកាប់ដើមឈើទាលនៅមាត់អូរព្រំដែន ថៃខឹងបិទច្រករបៀង នៅខេត្តបន្ទាយមានជ័យ។ ចំណែក នគរវត្ត វិញ ក៏ចាប់អារម្មណ៍រឿង ទាហានឈុតខ្មៅថៃបិទច្រករបៀង ព្រោះខឹងខ្មែរកាប់ឈើក្នុងតំបន់ហាមឃាត់ដែរ ប៉ុន្តែ រឿងធំនៅ នគរវត្ត នៅថ្ងៃនេះ គឺកាសែតនេះ ចាប់អារម្មណ៍រឿង លេចមុខក្រុមនៅពីក្រោយការវាយប្រហារ ភេរវកម្មលើយន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី។ កាសែតនេះ បានរាយការណ៍ថា លិខិតមួយច្បាប់របស់ជនជាតិចិន ដែលគេអះអាងថា ជាអ្នកនៅពីក្រោយការវាយប្រហារភេរវកម្មលើយន្តហោះដឹកអ្នកដំណើររបស់ម៉ាឡេស៊ីកំពុងតែបង្កភាពភ្ញាក់ផ្អើលដល់មិត្តអ្នកអាននៅគ្រប់ទិសទី ពិសេសនៅប្រទេសចិន។ កាសែតនេះបានបន្តថា កាលពីថ្ងៃទី១០ មីនា សារព័ត៌មាន Wantchinatimes បានផ្សព្វផ្សាយថា ជនជាតិចិនមួយក្រុមបានអះអាងថា ក្រុមរបស់ខ្លួនជាអ្នកវាយប្រហារទៅលើយន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី។
ក្រលេកមកចាប់អារម្មណ៍ កាសែត ខេមបូឌា ដេលីវិញ នៅថ្ងៃនេះវិញ បែរជាទៅចាប់អារម្មណ៍រឿង រដ្ឋាភិបាលមានគម្រោងហាមមិនឲ្យអ្នកដែលមានសញ្ជាតិពីរឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី។ កាសែតកូនកាត់នេះបានដកស្រង់សំដីតំណាងរាស្ត្រជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា គឺលោក ជាម យៀប ថា រដ្ឋាភិបាលកំពុងពិចារណាអំពីការកែប្រែច្បាប់ស្តីពីសញ្ជាតិរបស់ប្រទេសកម្ពុជា ដើម្បីហាមមិនឲ្យអ្នកដែលមានសញ្ជាតិពីរឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី។ កាសែតបន្តលើកឡើងសំដីរបស់លោក ជាម យៀបដោយពន្យល់ថា គំនិតកែប្រែដែលលើកឡើងថា នឹងជួយទប់ស្កាត់អំពើក្បត់ជាតិបាននោះ នឹងមិនត្រូវបានដាក់ចេញនៅពេលឆាប់ៗនេះទេ ក៏ប៉ុន្តែគឺជាផែនការមួយក្នុងចំណោមផែនការរយៈពេលវែងរបស់រដ្ឋាភិបាលកម្ពុជា។
សូមអានព័ត៌មានពិស្តារក្នុងកាសែតទាំងនោះ ដែលបានចេញផ្សាយនៅថ្ងៃនេះ
ប្រភពៈ ភ្នំពេញប៉ុសិ៍្ត
0 comments:
Post a Comment