
ភ្នំពេញៈ ចាប់ពីឆ្នាំ ២០១៥ ខាងមុខតទៅ កម្មករ និយោជិត នឹងទទួលបាននូវប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែរដែលនេះវាជាសេចក្តីប៉ងប្រាថ្នាជាយូរមកហើយ របស់អ្នកដែលធ្វើការខាងវិស័យឯកជន។ នេះបើតាមក្រុមមន្ត្រីបានថ្លែងពីម្សិលមិញ។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ បានថ្លែងនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៣ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០១៤ របស់បេឡាជាតិរបបសន្តិសុខសង្គមកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញថា រាជរដ្ឋាភិបាលនឹងធ្វើការរៀបចំឲ្យមានរបបប្រាក់សោធននិវត្តន៍នេះទៅដល់កម្មករ និយោជិត ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្តនៃច្បាប់ការងារហើយដែលត្រូវតែចាប់ផ្តើមរៀបចំយន្តការចាប់ពីឆ្នាំ ២០១៤ នេះទៅផងដែរ។
លោកបន្តថា៖ «ការរៀបចំឲ្យមានរបបប្រាក់សោធននិវត្តន៍នេះមិនមែនជាការងាយស្រួលនោះទេ វាមានលក្ខណៈស្មុគស្មាញ និងជាការងារបច្ចេកទេស។ខ្ញុំសង្កេតឃើញថា កម្មករ និយោជិតភាគច្រើនមានអាយុប្រមាណជា ៣០ ឬ ៤០ ឆ្នាំចុះក្រោម ដែលត្រូវគិតគូររៀបចំអនាគតពីពេលនេះទៅ»។
លោក អ៊ិត សំហេង បន្ថែមថា នៅពេលដែលរបបប្រាក់សោធននិវត្តន៍នេះចាប់ផ្តើមនៅឆ្នាំ ២០១៥ ទៅតាមប្រព័ន្ធសោធននិវត្តន៍ យ៉ាងហោចណាស់កម្មករនឹងចូលនៅក្នុងបេឡាជាតិរបបសន្តិសុខសង្គម ក្នុងរយៈពេល ២០ឆ្នាំ ដែលនៅក្នុងពេល ២០ ឆ្នាំក្រោយទើបពួកគេអាចទទួលបានប្រាក់សោធននិវត្តន៍បាន គឺនៅឆ្នាំ ២០៣៥ កម្មករដែលចូលនិវត្តន៍នឹងអាចរស់បានដោយងាយស្រួល។
លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម (បសស) បានប្រាប់អ្នកកាសែតកាលពីថ្ងៃម្សិលមិញថា លោកនឹងរៀបចំឲ្យកម្មករ និយោជិត ក្នុងវិស័យឯកជនមានប្រាក់សោធននិវត្តន៍ ដែលវាផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ដល់កម្មករ និយោជិត នៅពេលដែលពួកគេចូលនិវត្តន៍ ដោយពួកគេនឹងទទួលបានប្រាក់នេះដូចនឹងមន្រ្តីរាជការដែរ។
ប៉ុន្តែ លោក សមវិទ្យា បញ្ជាក់ថា៖«ពួកគេអាចទទួលបានប្រាក់នេះ លុះត្រាតែពួកគេបានចុះឈ្មោះចូលជាសមាជិក ក្នុងរយៈពេល ២០ឆ្នាំ ហើយបានរួមចំណែកបង់វិភាគទានជាមួយ បសស របស់យើងយ៉ាងតិច ៦០ខែ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយតែយើងមិនទាន់ដឹងថា តើពួកគាត់ត្រូវបង់ប៉ុន្មាននោះទេ ដោយសារយើងកំពុងរៀបចំ»។
លោកបន្តថា កម្មករ ដែលបានបំពេញទៅតាមបែបបទអាចទទួលបានប្រាក់សោធននិវត្តន៍នៅអាយុ ៥៥ឆ្នាំ។
យោងតាមរបាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គមបានឲ្យដឹងថា សម្រាប់២០១៣ ប.ស.ស បានទទួលចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតតាមបណ្តារាជធានីខេត្ត បានចំនួន ១៥២៤ សហគ្រាស និងមានកម្មករនិយោជិតចំនួន ៧៩០៤១ នាក់។
អ្នកស្រី ជា សុខលី អាយុ ៣៨ ឆ្នាំ ជាកម្មករធ្វើការនៅរោងចក្រមួយក្នុងខណ្ឌ មានជ័យ បានសាទរចំពោះគម្រោងនេះ។ «ខ្ញុំសប្បាយចិត្ត ប្រសិនបើក្រសួងអាចធ្វើបានដូច្នេះមែនពីព្រោះយើងលែងសូវខ្វល់ពេលយើងចាស់ទៅធ្វើការលែងកើត»៕
ប្រភពៈ ភ្នំពេញប៉ុស្តិ៍
0 comments:
Post a Comment