
ភ្នំពេញៈ ក្រុមហ៊ុនបញ្ជាទិញសំលៀកបំពាក់ពីកម្ពុជារបស់សហរដ្ឋអាមេរិកគឺក្រុមហ៊ុន LevI Srtauss & CO បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការងារកម្ពុជាដោយស្នើឲ្យកម្ពុជាដោះស្រាយបញ្ហាប្រាក់ឈ្នួលរបស់កម្មករឲ្យបានឆាប់ដើម្បីឲ្យវិស័យមួយនេះមានដំណើរការប្រក្រតី។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការងារនៅព្រឹកថ្ងៃទី ០៧ ខែមីនាឆ្នាំ ២០១៤ នៅទីស្តីការក្រសួង លោក Michael KoborI អគ្គនាយករងក្រុមហ៊ុន LevI Srtauss & Co បានថ្លែងថា លោកសង្ឃឹមថាបញ្ហាជម្លោះលើប្រាក់ឈ្នួលនឹងត្រូវបានដោះស្រាយក្នុងពេលខាងមុខឲ្យបានឆាប់ដើម្បីពង្រឹងទំនុកចិត្តលើអ្នកបញ្ជាទិញក្នុងការវិនិយោគនៅប្រទេសកម្ពុជា ព្រោះកន្លងមកមានបាតុកម្មជាច្រើនទាមទារឲ្យដំឡើងប្រាក់ឈ្នួល ១៦០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។
លោកថា «អំឡុងពេលបាតុកម្មថ្មីនេះៗទំនិញពីកម្ពុជាបានធ្លាក់ចុះមួយកម្រិតលើទីផ្សារអន្តរជាតិ ហើយ ក្រុមហ៊ុនរបស់លោកគាំទ្រចំពោះដំណោះស្រាយរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយពីបញ្ហានេះ»។
ថ្លែងនៅក្នុងឱកាសជំនួបនោះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថ្លែងថា លោកមានការព្រួយបារម្ភចំពោះសហជីពមួយចំនួនញុះញង់ឲ្យកម្មករធ្វើបាតុកម្មដែលនាំឲ្យមានការខាតប្រយោជន៍ទាំងកម្មករ និង និយោជក។
យ៉ាងណាក៏ដោយរដ្ឋាភិបាលកំពុងយកចិត្តដាក់ដោះស្រាយបញ្ហានេះដើម្បីស្តារសេ្ថរភាពវិស័យឆ្អឹងខ្នងមួយនេះឲ្យប្រសើរឡើងវិញ។
លោកថា «យើងកំពុងសិក្សាពីរូបមន្តក្នុងការដំឡើងបន្តទៀតដល់កម្មករ»។
នៅថ្ងៃទី ០៨ មីនា ទិវាសិទ្ធិនារីអន្តរជាតិនេះ ក្រុមសហជីពកម្មករ នឹងធ្វើការជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ ដើម្បីអបអរសាទរទិវាសិទិ្ធនារីអន្តរជាតិនិងពិភាក្សាអំពីបញ្ហាបន្ទាន់ ក្នុងឧស្សាហកម្មកាត់ដេរ ទោះបីជាអាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតក៏ដោយ។
ប្រភពៈ ភ្នំពេញប៉ុសិ៍្ត
0 comments:
Post a Comment