
តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ
មានគម្រោងជួបគ្នាជាថ្មីទៀតដើម្បីដោះស្រាយវិបត្តិនយោបាយនៅ
កម្ពុជា ដែលកើតមានតាំងពីក្រោយការបោះឆ្នោតថ្ងៃទី២៨ កក្កដា។
ការជួបគ្នាដំបូង គឺធ្វើឡើងថ្នាក់ក្រុមការងារបច្ចេកទេសសិន
ដើម្បីពិភាក្សាខ្លឹមសារ
និងរៀបចំរបៀបវារៈឲ្យថ្នាក់ដឹកនាំកំពូលគណបក្សជួបគ្នា។
ក្រុមការងារបច្ចេកទេសរបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ជួបគ្នានៅថ្ងៃទី៣ មករា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅថ្ងៃទី១ មករា ឲ្យដឹងថា ការជួបគ្នារវាងក្រុមការងារបច្ចេកទេសរបស់គណបក្សទាំងពីរនេះ នឹងពិភាក្សាលើការរៀបចំសម្រាប់កិច្ចចរចារបស់ថ្នាក់ដឹកនាំកំពូល របស់គណបក្សទាំងពីរនេះ៖ «អំពីរបៀបវារៈ ពេលវេលា ទីកន្លែង និងសមាសភាពថ្នាក់ដឹកនាំកំពូលដែលត្រូវចូលរួមចរចា»។
សមាសភាពក្រុមការងារដែលត្រូវចូលជួបប្រជុំនៅថ្ងៃទី៣ មករា មកពីគណបក្សសង្គ្រោះជាតិ រួមមានលោក យឹម សុវណ្ណ លោក ប៉ុល ហំម លោក គួយ ប៊ុនរឿន។ ចំណែកសមាសភាពមកពីគណបក្សប្រជាជនកម្ពុជា មានលោក ព្រុំ សុខា លោក សក់ សេដ្ឋា និងលោក កើត រិទ្ធ។
លោក ព្រុំ សុខា មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មានប្រសាសន៍នៅថ្ងៃទី១ មករា ឲ្យដឹងថា ការជួបគ្នារបស់ក្រុមការងារបច្ចេកទេសនោះ មិនទាន់មានរបៀបវារៈជាក់លាក់ទេ ប៉ុន្តែក្រុមការងារបច្ចេកទេសរបស់គណបក្សទាំងពីរនេះ អាចលើកយកមកជជែកគ្នាភា្លមៗតែម្ដង ក្នុងពេលជួបគ្នាអំពីរបៀបវារៈកិច្ចប្រជុំ។
លោក ព្រុំ សុខា បន្ថែមឲ្យដឹងថា ជំហររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួបដោះស្រាយគ្នានេះ មាន ២សំខាន់ គឺទី១ បញ្ហាដែលកើតមានក្រោយការបោះឆ្នោតនោះ គឺត្រូវតែដោះស្រាយតាមការចរចាដោយសន្តិវិធី គោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ និងទី២ ការចរចាថ្មីនានាត្រូវតែគោរពទៅតាមការឯកភាពយល់ព្រមជាមួយគ្នា កន្លងមក ហើយរិះរកវិធីដោះស្រាយចំណុចដែលនៅមិនទាន់ចុះសម្រុងជាមួយគ្នាបន្ត ទៅទៀត។
លោក ព្រុំ សុខា៖ «យើងយល់ថា មានតែមធ្យោបាយនេះមួយគត់ដែលល្អបំផុត ដើម្បីរកដំណោះស្រាយបញ្ហាដែលកើតមានសព្វថ្ងៃនេះ។ យើងធ្លាប់ជួបចរចាគ្នាទាំងផ្លូវការ និងផ្សេងៗនោះ ដូច្នេះជួបគ្នាច្រើនដងហើយ។ ដូច្នេះចំពោះគណបក្សប្រជាជនកម្ពុជា ដែលចង់ឲ្យមានដំណោះស្រាយពិតប្រាកដ តាមការចរចា គឺអ្វីដែលយើងធ្លាប់និយាយជាមួយគ្នា ធ្លាប់ឯកភាពគ្នា រកឃើញចំណុចរួម គឺយើងផ្អែកលើនោះ។ យើងខំរកចំណុចរួមដើម្បីដោះស្រាយបញ្ហា»។
ការជួបចរចាគ្នារវាងថ្នាក់ដឹកនាំកំពូល និងតំណាង គណបក្សជាក្រុមបច្ចេកទេស រវាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កន្លងមកមានប្រហែល ៧លើក។ ក្នុងនោះមានការជួបរវាងថ្នាក់ដឹកនាំកំពូលមានចំនួន២លើក៕
ប្រភព អាស៊ីសេរី
0 comments:
Post a Comment