Friday, January 3, 2014

ភ្នំពេញ៖ សង្គហធម៌ធម៌នៃការសង្គ្រោះ ឬធម៌នៃការចែករំលែក ជាការចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់​សង្គមកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍គួរតែត្រូវសណ្ឋិត ក្នុងសណ្តានចិត្តកូនខ្មែរ គ្រប់​រូបនាពេលបច្ចុប្បន្ន ដើម្បីរុញច្រាននាវាកម្ពុជា ឲ្យកាន់តែរីកចម្រើនក៏ដូចជាការនាំមកនូវភាព​សុខ​ដុម​សម្រាប់ ​ប្រទេសរងភាពខ្ទេចខ្ទាំដោយភ្លើង សង្គ្រាមក្នុងតំបន់អាស៊ីមួយនេះផងដែរ។

ការចែករំលែក ដែលប្រជាពលរដ្ឋខ្មែរនិយមហៅថា វប្បធម៌នៃការចែករំលែក មានអត្ថន័យធំធេង ដែលកូនខ្មែរ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គួរតែមានវាក្នុងសណ្តានចិត្ត និងចូលរួម​ប្រតិបត្តិ​ទាំង​​អស់គ្នា។ ការចែករំលែកមានវិសាលភាព គ្រប់ដណ្តប់យ៉ាងទូលំទូលាយ​ទៅលើ សកម្មភាព​រស់​នៅ​​ប្រចាំថ្ងៃក្នុង សង្គមកម្ពុជា។

ការចែករំលែក ឬវប្បធម៌នៃការចែករំលែក គេសង្កេតឃើញថា ប្រជាពលរដ្ឋនៅក្នុងតំបន់អឺរ៉ុប គេ​អនុ​វត្តន៍បាន យ៉ាងល្អប្រសើរ និងយ៉ាងសស្រាក់សស្រាំសម្រាប់ ជាប្រយោជន៍ដល់ប្រជាជន និង​ប្រជា​ជាតិ​​របស់ពួកគេហៀរ រហូតដល់បណ្តាប្រទេសដទៃថែមទៀត។ ការចែករំលែកនេះបានឆ្លុះ​បញ្ចាំង​ឲ្យ​​​ឃើញតាមរយៈសកម្មភាពជាក់ ស្តែងរបស់ពួកគេ ដូចជាការបង្កើតមូលនិធិពីសំណាក់​មហាសេដ្ឋី អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ការប្រគំតន្រ្តី ការសម្តែង របស់តារាល្បីៗ រៃអង្គាសប្រាក់​ជួយដល់​ជន​រង​គ្រោះ ដោយគ្រោះទឹកជំនន់ រញ្ជួយដី ស៊ូណាមិ ឬក៏ដួយដល់ក្រុមក្មេងកំព្រា​អនាថា​គ្មាន​ទីពឹង​ជា​ដើម។

ក្រៅពីការចែករំលែក នូវធនធានពីក្រុមអ្នកមាន ជួយដល់ជនទីទ័លក្រ ឬជួបការលំបាក ទៅគេ​នៅ​ស​ង្កេត​​​​​ឃើញ វប្បធម៌ចែករំលែក របស់ក្រុមសិស្សនិស្សិត ក្នុងបណ្តាប្រទេស ប៉ែក​អឺរ៉ុប ​មួយទៀត​ដែល​គួរ​ឲ្យ​គោរព និងប្រតិបត្តិតាម គឺការចែករំលែកនូវកម្លាំងកាយ ប្រាជ្ញាស្មារតី ភាពចេះដឹង​ផ្ទាល់​របស់​ពួក​គេ​​ទៅ កាន់បណ្តាជនដទៃ តាមរយៈការ ងារស្ម័គ្រចិត្ត។

ក្រោយការបញ្ចប់ការសិក្សា ក៏ដូចជាអំឡុង​ពេល​​សិក្សា ពួកគេតែងតែបំពេញសកម្ម មនុស្សធម៌ របស់​​ពួកគេ ជាមួយការងារស្ម័គ្រចិត្ត ចុះបម្រើ​​ការងារ​​ជាមួយអង្គការមិនថា តែបេសកកម្មនៅក្នុង​ប្រទេសរបស់ពួក គេនោះទេ រហូតដល់​ប្រទេស​ដទៃៗ​ទៀតក៏មាន ដើម្បីជួយដល់កុមារ ជួយដល់​ជនរងគ្រោះផ្សេងៗ តាមអង្គការ ក៏ដូច​ជាតាម​ស​ហ​​គមន៍នានា។

ពិតណាស់នៅសង្គមពាក្យថា វប្បធម៌ នៃការចែករំលែក ត្រូវបានគេនិយាយចាំស្ទាត់រត់មាត់ ហើយ​ក៏​ឃើញ​អនុវត្ត យ៉ាងសស្រាក់សស្រាំនៅក្រោយពេល កម្ពុជាងើបពីភ្នក់ភ្លើងសង្រ្គាម គ្រាកម្សត់ ពល​​រដ្ឋ​​​​ខ្មែរស្រុះស្រួលចិត្តគំនិតតែមួយចេះធ្វើ និងឲ្យទានគ្នាទៅវិញទៅមក ដើម្បីបានរស់​ទាំងអស់​គ្នា។

នៅពេលបច្ចុប្បន្នការចេះជួយគ្នាយ៉ាងស្រុះដៃស្រុះជើងរបស់ប្រជាពលរដ្ឋខ្មែរនៅតាមទីជនបទពេល
មានពិធីបុណ្យទានផ្សេងៗ ក៏ជាសកម្មភាពនៃការចែករំលែកជួយគ្នាមួយ គួរឲ្យ​កោតសរ​សើរ​​ផង​ដែរ។

បណ្តាញព័ត៌មានកាសែត ទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមហ្វេសប៊ុក ដ៏មាន​ប្រជាប្រិយ​ក្នុង​យុគ​សម័យ បច្ចេកវិទ្យាទំនើប គេក៏ឧស្សាហ៍ឃើញណាស់ដែរ នូវការសាបព្រោះ​វប្បធម៌​ចែករំលែ​ក​នេះ តាមរយៈឲ្យទានជា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកាជូនដល់ជនទីទ័លជន​​​ខ្វះខាត​​ក្នុងជីវភាព ក៏ដូចជាជនជួប គ្រោះអាសន្នផ្សេងៗ។ សកម្មភាពទាំងនេះ ពិតជា​កាយ​វិការ​ដ៏​គួរ​​ឲ្យ​​គោរពជាពន់ពេកពីសំណាក់ពលរដ្ឋខ្មែរគ្រប់ រូប។

 នៅលើទំព័រហ្វេសប៊ុករបស់ លោក ឯម ច័ន្ទមករា លោកបានបង្ហោះ​ពីសកម្មភាព​របស់លោក​ដើរ​ចែក​​​​​​​អំណោយ មានប៊ិច សៀវភៅ នំណែក រួមនិងថវិកា ជូនដល់ក្រុមក្មេងកំព្រា និងក្មេង​ពិការ​នៅ​តាម​​​បណ្តាអង្គការមួយចំនួន។ ជាមួយរូបភាពស្តីពីសកម្មភាពចែកអំណោយនោះ លោក បាន​បរិ​យា​យ​​​ថា សម្ភារៈទាំងអស់នោះ គឺទានតិចតួច ស្តួចស្តើងកើតចេញពីទឹកចិត្តរបស់លោក ធ្វើឡើង​ក្នុងថ្ងៃ​​ខួបកំណើត។ ជាការចាប់អារម្មណ៍សម្រាប់អ្នកព័ត៌មាន ដែលចូលចិត្តគិតច្រើន ចាប់អា​រម្មណ៍​ទៅ​លើ​ការ​​​​ចេះឲ្យទានដល់ជនទី ទ័លក្នុងថ្ងៃកំណើត វាពិតជាមានអត្ថន័យ​សម្រាប់​ពលរដ្ឋ​ខ្មែរ។

ទោះ​បី​ជា​​ទាន (ប្រែថា ការឲ្យ) នេះមានទំហំតិច តួចក្តី តែបានរំលេចចេញនូវទឹកចិត្ត និងបង្ហាញ​ពី​ការចែករំលែកនូវសេចក្តីសុខរបស់ លោក ឯម ច័ន្ទមករា ទៅកាន់​ក្រុមក្មេងដ៏សែន​កម្សត់កំពុង​រស់​ក្រោម​​​ម្លប់របស់អង្គការ។ ពិធីបុណ្យខួបកំណើតនេះក្នុងសង្គមគ្រួសារខ្មែរនាពេលបច្ចុប្បន្នកំពុង​ពេញ​​​​​​​និយម​គ្រាន់បើសម្រាប់អ្នកទីក្រុង មិន ចាញ់តំបន់អឺរ៉ុបប៉ុន្មាននោះទេ អ្នកស្តុក​ស្តម្ភខ្លះ​គេហ៊ាន​ចំ​ណាយ​​លុយរាប់រយ រាប់ពាន់ដុល្លារ ដើម្បីប្រារព្ធខួបកំ ណើត បង្ហាញពីអានុភាពរបស់ពួកគេ។

ការ​ចំ​ណាយ​​ទាំងនោះ អាចចំណាយទៅលើការដើរកម្សាន្ត ចំណាយលើ ការហូប ចុក ផឹកស៊ីជា​មួយ​​ស្រា​ថ្លៃៗ ហើយក្អួតចោលវិញក៏មាន និងត្រូវបានបង្ហោះបង្អួតយ៉ាងព្រោងព្រាតលើ បណ្តាញ​សង្គម តែ​កម្រ​ឃើញពួកគេយកថ្ងៃកំណើតរបស់ពួកគេ ជួយជាប្រយោជន៍ ឬទានដល់ជន​ទីទ័ល​ក្រនោះ ឡើយ។

ការប្រារព្ធខួបកំណើតដ៏អធិកអាធ័មវាជាសិទ្ធិរបស់ពលរដ្ឋខ្មែរគ្រប់រូបដែលបានខិតខំប្រកបរបររកស៊ី
មានបាន ដូច្នេះត្រូវតែទទួលបានការសប្បាយជាកិច្ចឆ្លើយតបជាមួយការខិតខំរបស់ពួកគេ។ តែ​ប្រ​សិន​បើក្នុងថ្ងៃកំណើត ថ្ងៃ ដ៏បវរ សម្រាប់ដំណើរជីវិតនេះ ក្រុមអ្នកមានទ្រព្យសម្បត្តិទាំងអស់ អាច​ក្រ​ឡេកឬនឹកឃើញដល់ក្រុមជនកំពុងជួបការលំបាក់ទីទ័លក្នុងជីវិត ហើយយកចំណែកណាបន្តិច​បន្តួចធ្វើជាទានដល់ពួកគេ ពរសព្ទសាធុការកាន់តែច្រើនទៀតនឹងកើតមានដល់​ម្ចាស់ខួប​កំ​ណើត​​​ជាពិសេស​​​ប្រកបដោយភាពសប្បាយ​​​​រីករាយ និងក្តីជ្រះថ្លាក្នុងចិត្តថែម ទៀត។

ការលើកឡើងខាងលើគ្រាន់តែចង់បង្ហាញពីរូបភាពតូចនៃការចែករំលែកសម្រាប់ក្រុមអ្នកនិយមចូល
ចិត្តធ្វើខួប កំណើត។ពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេសប្រាកដណាស់ពិតជាបានដឹងថា ប្រទេសកម្ពុជា ជា​ប្រទេស​​​​កំពុងអភិវឌ្ឍន៍រើខ្លួនចេញពីគ្រោះទុរភឹក្សក្រោយភ្លើងសង្រ្គាម​ប្រៀបដូចជាជន​ក្រី​ក្រម្នាក់​កំ​ពុងប្រវេប្រវា ដើម្បីរស់ដូច្នេះប្រជាជនក្នុងប្រទេសដ៏កម្សត់មួយនេះ អ្នកជួបការលំបាកក្នុង​ជីវិត​រស់​​នៅប្រចាំ​ថ្ងៃពិត​ជាមានច្រើនប្រហែលជាមិនអាចគណនាឡើយដែលដង្ហោយការជួយ​សព្វបែប​យ៉ាង​​​ ។

វាជាការពិតមិនអាចប្រកែកបាន សេចក្តីសុខរបស់ប្រជាពលរដ្ឋមានបានស្រណុកសុខ​ស្រួលជា​បន្ទុក​​​របស់អ្នកដឹកនាំ តែក្នុងនាមជាប្រជាជនមានឈាមជ័រជាខ្មែរតែមួយយើងក៏​អាចជួយ​គ្នា​បាន​ដែរ​​​។ ជួយគ្នាដើម្បីសេចក្តីសុខ របស់ពលរដ្ឋខ្មែរទាំងអស់គ្នា។

ជួយគ្នាទីនេះគឺចង់ផ្តោតជាសំខាន់ទៅលើការចែករំលែកនេះឯងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភមាន​ ​ផ្ទះវីឡាច្រើនល្វែង មានរថយន្ត ម៉ូតូជិះគរចោល ជំនួសដោយការយកលុយទៅ​ដាក់ក្នុង​ធនាគារ​​ស៊ី​ការប្រាក់ដ៏តិចតួច និងចាយ វាយមិនចំគោលដៅ ជំនួសដោយការ​សាងសង់វីឡា​ស្កឹមស្កៃគ្មាន​អ្នក​ដេកជំនួសដោយការទិញរថយន្តមកគរទុកចោលគ្មានអ្នកជិះ ឬឲ្យកូន ជិះបុក​របាំងចែក​ទ្រូង​ផ្លូវ​បំ​ផ្លាញ​​ចោលជាដើមគួរតែបង្វែរមករួមគ្នាជួយជាការវិនិយោគជា​មួយអ្នកក្រដែល​ជាពល​រដ្ឋ​មាន​ឈាម​​​​​ជ័រតែមួយជាមួយយើង។

ការជួយអ្នកដែលមានបញ្ហាជួបការលំបាកក្នុងជីវភាព មិនមែនជា​ការ​ឲ្យ​​​​លុយត្រង់ៗយកទៅចាយ​នោះ​ទេ ព្រោះ ការជួយបែបនេះ ជាការជួយគ្មានយុទ្ធសាស្រ្ត ហើយ​ជួយ​​​​បានតែមួយរយៈពេលខ្លី តែត្រូវបើកការវិយោគដោយសុទ្ធចិត្ត ដោយស្មោះត្រង់ ពោល​វិនិ​យោគ​​បែបណាជួយឲ្យអ្នក​មាន​ជីវភាពលំបាកទាំងនោះអាចកែប្រែជីវភាពរស់បានសមរម្យឡើងវិញ ដូច​ជា​ការជួយបណ្តុះគំនិត បង្ហាត់បង្ហាញ បង្រៀនវិជ្ជាជីវៈខ្លីៗ និងផ្តល់ដើមទុនជូនពួក គាត់​ប្រកប​អាជី​វ​កម្ម​អ្វីមួយសមរម្យ​ដែលអាចជួយយិតយោងជីវភាពឲ្យចាកផុតពីភាពលំបាកវេទនា។ ការជួយឲ្យ ជីវភាពអ្នកក្រ​ទទួល​បានភាពប្រសើរនៅមានច្រើនទៀត ដែលអ្នកមានធនធានទាំងអស់ អាច​រក​លទ្ធ​​ភាពជូយពួកគាត់​។

មិន​ថាតែអ្នកមានស្តុកស្តម្ភពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ សុទ្ធតែអាចជួយគ្នាបានគ្រប់រូបភាពដោយ​​​ ផ្អែកលើស្មា រតី នៃវប្បធម៌ចែករំលែក ដូចជានិស្សិត​មានចំណេះដឹងអាចធ្វើកា​រស្ម័គ្រ​ចិត្តជួយ​បង្ហាត់​បង្ហាញ​ប្រជាពលរដ្ឋតាមសហគមន៍នូវអ្វីដែលពួកគាត់មិនទាន់បានដឹង ក្រុមតារាអាច​បង្កើត​មូលនិ​ធិ​ជួយ​​​​​ដល់​​​ក្រុមអ្នកគាំទ្របង្កើតចេញជា មណ្ឌលអប់រំសិក្សាស្រាវជ្រាវផ្សេងៗ

អ្នកលក់ដូរ បើចំ​ណេញ​រស់​នៅបានសមរម្យហើយ គួរកុំរឹតករអ្នកទិញយក ចំណេញច្រើន អ្នកមាន​ផ្ទះជួល​បើជីវភាព​រស់​បាន​​​សមរម្យហើយ គួរគិតកំណត់តម្លៃជួលផ្ទះសមរម្យណាមួយដល់ ក្រុម​កម្ម​ករ សិស្សិនិស្សិត និង​​ដល់​​​អ្នកជួល ក្រុមគ្រូពេទ្យមានលុយ មានឡាន រស់នៅបានប្រសើរគួរកុំយក​ថ្លៃព្យា បាល​​ចំណេញ​​កប់​​ពពួក ថៅកែបើចំណេញច្រើន មានផ្ទះថ្ម​រថយន្តល្អជិះហើយកុំរឹតត្បិត រឿង​ប្រាក់​ខែបុគ្គលិក និយោជិត ឬបាវបម្រើ គួរផ្តល់ប្រាក់ខែ​សមរម្យអាច​រស់នៅ​ដោយស្មើមុខស្មើ​មាត់នៅក្នុងសង្គម...។

ការរៀបរាប់នូវការចែករំលែកខាងលើនេះ ជាវប្បធម៌ នៃការចែករំលែកនូវសេចក្តីសុខ​ឲ្យគ្នាទៅវិញ​​ទៅមកមិន​​ថា តែជនជាតិខ្មែរ ឬជនជាតិណានោះទេ។ កាលណាយើងចែករំលែកនូវសេចក្តីសុខ ភាព​ស្រណុកក្នុងជីវិតដល់អ្នកដទៃ យើងក៏រមែងទទួលបានមក​វិញនូវ​​សេចក្តីសុខ​ទាំងអស់​​នោះ​វិញ​​​ផង​​ដែរ។

ប្រសិនបើពលរដ្ឋខ្មែរគ្រប់រូបអាត្មានិយម គិតតែពីសេចក្តីសុខផ្ទាល់ខ្លួន មិនព្រមបង្ហៀរ​សេចក្តី​សុខ​ខ្លះដល់អ្នកដទៃ ទេ តើនឹងមានអ្វីកើតឡើងសម្រាប់សង្គម?  

បញ្ហាប្រាកដជាមាន ហើយមានច្រើនទៀត សង្គមកម្ពុជាមានកញ្ចក់អតីតកាល ឆ្លុះបញ្ចាំងឲ្យ​​ពល​រដ្ឋ​​ឃើញ​​​​​​យ៉ាងប្រត្យក្ស។ សម្រាប់ពេលបច្ចុប្បន្នបញ្ហាកំពុងតែកើនមានហើយ គម្លាតរវាងអ្នក​មាន និង​អ្នក​​ក្រ អ្នកលំបាក និងអ្នក ស្រណុក បង្កជាវិបត្តិ កំពុងក្លាយជាចំណោទបញ្ហា ជាមួយ​សម្រែក​ទាម​​ទារ​ស្ទើរ​រាល់ថ្ងៃកណ្តាលរាជធានីភ្នំពេញ។ អតីតកាលព្រោះតែគម្លាតរវាងអ្នកក្រ និង​អ្នក​មាន​​ធ្វើឲ្យ​​ពល​​រដ្ឋ​​​​ខ្មែរទូទាំងនគរឈ្លោះកាប់សម្លាប់គ្នាគួរឲ្យសង្វេគ។

វិបត្តិទំនិញឡើងថ្លៃ វិបត្តិ នៃការជិះជាន់ និងវិបត្តិផ្សេងៗដ៏ច្រើនស្អេកស្កះ បណ្តាលមកពីអ្វី គឺសុទ្ធ​​សឹង​តែ​​​កើតពី ការដែលពលរដ្ឋក្នុងសង្គមមួយនេះ បាត់អស់នូវសង្គហធម៌ ធម៌នៃការចែករំលែក ធម៌នៃការសង្គ្រោះ សល់តែក្តី លោភលន់មិនចេះឆ្អែតឆ្អន់ ឈ្មួញ នាយទុន មួយចំនួនធំ គិតតែភាព​ចំណេញ​​កប់ក្តោង មិនគិតពីផលប៉ះពាល់។

ការបាត់បង់នូវ​​​ធម៌នៃការចែករំលែក និងភាពអាត្មានិយមរបស់បុគ្គលទាំងនោះ នឹងជះឥទ្ធិពល​អា​ក្រក់​​ពេល​ណា មួយជាក់ជាមិនខាន ហើយមិនមែនតែរូបគេនោះទេ គឺប៉ះពាល់ដល់សង្គម​ជាតិ​ទាំង​​មូល ដែលអាចឈានដល់ការ បែកបាក់បាត់បង់ដូចទស្សវត្សរ៍ឆ្នាំ៧០អីចឹងដែរ។

សរុបមកវិញ ការចែករំលែក ដែលកើតចេញពីទឹកចិត្តខ្មែរ ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គឺពិតជា​សំ​​ខាន់​​​ណាស់ ក្នុងការធ្វើឲ្យមានសេចក្តីសុខ និងនាំមកនូវភាពរីកចម្រើនដល់សង្គមជាតិ ហើយបើ​គេ​នៅ​​តែបន្តលុបបំបាត់កប់ ចោលនូវសណ្តានចិត្ត នៃការចែករំលែកគ្នារស់ ព្យាយាម​​ឱប​​ក្រ​សោប​សេច​​ក្តីសុខ ភាពមានបានរៀងៗខ្លួន នៅថ្ងៃ ណាមួយ​ភាពវេទនានឹងវិលត្រឡើបមករកពលរដ្ឋខ្មែរ នឹង​អន្ទងតាមលងជារៀងរហូត។

ដូច្នេះសុខដុមនីយកម្មនៅ ក្នុងសង្គម កម្ពុជា គឺជារឿង​​ដែលពល​រដ្ឋ​​​ខ្មែរ​​គ្រប់រូបត្រូវគិតគូរគ្រប់គ្នា ដោយផ្សាភ្ជាប់ជានិច្ចជាមួយពាក្យថា «ការ ចែករំលែក»៕

សម្រាប់ការបញ្ចេញទស្សនៈ លោកអ្នកអាចផ្ញើសារតាមរយៈ E-mail: vannsaray.dap@gmail.com

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks