Thursday, March 6, 2014

វន់ ពៅ ៦១០មេធាវី​ការពារ​ក្តី​ឲ្យ​បាតុករ និង​ពលរដ្ឋ​សរុប ២១​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​កំពង់ចាម ឲ្យ​ដឹង​ថា សំណុំ​រឿង​បណ្ដឹង​សារទុក្ខ សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​ពួក​គេ​ទាំង​នោះ បាន​ទៅ​ដល់​ដៃ​តុលាការ​កំពូល​រួច​ហើយ​នៅ​ដើម​សប្ដាហ៍​នេះ។ ប៉ុន្តែ តុលាការ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ​បើក​សវនាការ​នៅ​ឡើយ​ទេ។
ទន្ទឹម​នឹង​ការ​រង់ចាំ​ថ្ងៃ​សវនាការ​នោះ បាតុករ និង​ពលរដ្ឋ ៤​នាក់ ក្នុង​ចំណោម ២១​នាក់ ត្រូវ​គ្រូពេទ្យ​អង្គការ​លីកាដូ (Licadho) ប្រាប់​ថា កំពុង​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ និង​ចាំបាច់​ត្រូវ​ចេញ​មក​ព្យាបាល​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង។
គ្រូពេទ្យ​អង្គការ​លីកាដូ បញ្ជាក់​ថា លោក វន់ ពៅ និង​អ្នក​ជាប់​ឃុំ ៣​នាក់​ផ្សេង​ទៀត ដែល​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ត្រូវ​តែ​ប្រញាប់​ចេញ​មក​ព្យាបាល​នៅ​ក្រៅ​ពន្ធនាគារ ដើម្បី​សុវត្ថិភាព​សុខភាព​របស់​ពួក​គេ។
នាយិកា​អង្គការ​លីកាដូ លោកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ថា គ្រូពេទ្យ​អង្គការ​លីកាដូ លោក ខាត់ អាន បាន​ទៅ​ជួយ​ព្យាបាល​ជំងឺ​ឲ្យ​បាតុករ និង​ពលរដ្ឋ​ជាប់​ឃុំ ២១​នាក់ ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង នៅ​ថ្ងៃ​ទី​៥ មីនា។ ក្រោយ​ការ​ពិនិត្យ និង​ព្យាបាល​រួច គ្រូពេទ្យ​បង្ហាញ​ថា លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​អាការៈ​ឈឺ​ចុក​ចាប់​ខ្លាំង​ត្រង់​ក្រលៀន ដែល​របួស​ចាស់​កន្លែង​វះ​កាត់​យក​ដុំ​សាច់​មហា​រីក​ចេញ រហូត​ស្រែក​ទ្រហោយំ​ក្នុង​ពន្ធនាគារ​នោះ ហាក់​អន់​ការ​ឈឺ​ចាប់​បន្តិច។ រីឯ លោក ថេង សាវឿន ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា មាន​អាការៈ​ក្អក​ខ្លាំង​រហូត​មាន​ធ្លាក់​ឈាម។ លោក សុគន្ធ សម្បត្តិពិសិដ្ឋ ដែល​ដៃ​ឆ្វេង​បាក់​នៅ​ពេល​ដែល​កម្លាំង​ទាហាន​ឆត្រ​យោង​៩១១ វាយ និង​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា នោះ មាន​អាការៈ​ហើម​ដៃ​ខ្លាំង ហើយ​ម្នាក់​ទៀត គឺ​លោក យ៉ន ជា ដែល​មាន​គីស​កើត​ក្នុង​ស្បែក​នោះ សង្ស័យ​ថា​អាច​ជា​ដុំ​គីស​មហា​រីក។
លោកស្រី ពុង ឈីវកេក៖ «យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជាង​គេ លោក វន់ ពៅ លោក សម្បត្តិពិសិដ្ឋ ដោយសារ​ដៃ​ហ្នឹង​សំខាន់​ណាស់ បើ​យើង​មើល​មិន​ល្អ អាច​ប្រើ​ការងារ​មិន​បាន​ថ្ងៃ​ក្រោយ ហើយ​លោក សាវឿន ក៏​យើង​ត្រូវ​ប្រយ័ត្ន​ដែរ ព្រោះ​ក្អក ហើយ​មាន​ធ្លាក់​ឈាម ២​ដង។ អ៊ីចឹង យើង​ត្រូវ​ប្រយ័ត្ន ព្រោះ​ជំងឺ​វា​ច្រើន»
មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ​មក​ពី​សហគមន៍​អប់រំ​ច្បាប់​សម្រាប់​ សហគមន៍ លោក ហម ស៊ុនរិទ្ធ បាន​ប្រាប់​ថា គ្រូពេទ្យ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង មិន​អាច​មាន​ឧបករណ៍ និង​លទ្ធភាព​ព្យាបាល​ពួក​គេ​ទាំង ៤​នាក់​នោះ​បាន​ទេ៖ «តាម​តុលាការ​គេ​ សំអាង​ថា នៅ​ទី​នោះ (ពន្ធនាគារ) មាន​ពេទ្យ។ ប៉ុន្តែ ធាតុ​ពិត​ពេទ្យ​នោះ​នៅ​មាន​កម្រិត​ទេ ទាំង​ថ្នាំ​ព្យាបាល​ទាំង​គ្រូពេទ្យ ដូច​ជា​មិន​ទាន់​ឆ្លើយ​តប​នឹង​សភាពការណ៍​ដែល​គាត់​ឈឺ​នឹង​ទេ»
មេធាវី​ការពារ​ក្តី​រូប​នេះ​បន្ត​ថា លោក និង​គ្រួសារ លោក វន់ ពៅ លោក ថេង សាវឿន និង​លោក សុគន្ធ សម្បត្តិពិសិដ្ឋ ធ្លាប់​ធានា​ឲ្យ​ពួក​គេ​ចេញ​មក​ព្យាបាល​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​ខាង​ពន្ធនាគារ។ ប៉ុន្តែ សំណើ​នោះ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បដិសេធ។
ប្រពន្ធ លោក វន់ ពៅ លោកស្រី ប្រាក់ សុវណ្ណារី បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ប្ដី​របស់​លោកស្រី​ស្លាប់​ក្នុង​ ពន្ធនាគារ នៅ​ពេល​របួស​ចាស់​រឹត​តែ​ធ្ងន់ធ្ងរ​មិន​អាច​ព្យាបាល​បាន ប្រសិន​បើ​ប្ដី​របស់​លោកស្រី​នៅ​តែ​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ដោយ​គ្មាន​ការ​ព្យាបាល​ត្រឹមត្រូវ​ពី​គ្រូពេទ្យ។
ជុំវិញ​បញ្ហា​នេះ ប្រធាន​ពន្ធនាគារ​ត្រពាំងផ្លុង លោក គៀ សុវណ្ណា បាន​បដិសេធ​ទាំង​ស្រុង​ចំពោះ​ព័ត៌មាន​ដែល​លេច​ឮ​ថា អ្នក​ទាំង ៤​នាក់​នោះ​មាន​អាការៈ​ជំងឺ​ធ្ងន់ធ្ងរ។ លោក​ប្រាប់​ថា ស្ថានភាព​សុខភាព​របស់​ពួក​គេ​ទាំង ២១​នាក់ ស្ថិត​ក្នុង​ភាព​ប្រក្រតី៖ «ថ្នាំ ​គេ​បើក​ពី​មន្ទីរពេទ្យ​បង្អែក​ផង គេ​ទិញ​សម្រាប់​អង្គភាព​ការពារ​យប់​ព្រលប់​ផង ថ្នាំ​គេ​ស្តុក​ផង ហើយ​ពេទ្យ ភីអែសស៊ី ផង ពេទ្យ​លីកាដូ ផង ចូល​មក​ព្យាបាល​រហូត​ហ្នឹង»
យ៉ាង​ណា អង្គការ​សង្គម​ស៊ីវិល និង​គ្រួសារ​ជន​ជាប់​ចោទ​ទាំង​នោះ បាន​ស្នើសុំ​ឲ្យ​តុលាការ​កំពូល​ពន្លឿន​សវនាការ​ជំនុំ​ជម្រះ​ក្តី​លើ​បណ្ដឹង​ សុំ​នៅ​ក្រៅ​ឃុំ​របស់​ជន​ទាំង ២១​នាក់​នោះ ឲ្យ​បាន​ឆាប់ និង​ស្នើសុំ​ឲ្យ​ដោះ​លែង​ពួក​គេ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។
ក្នុង​ការ​បង្ក្រាប​ការ​តវ៉ា​របស់​កម្មករ​ដែល​ទាមទារ​ដំឡើង​ប្រាក់​ខែ កាល​ពី​ដើម​ខែ​មករា មនុស្ស ២៣​នាក់ ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ក្រោម​បទ​ចោទ​ថា មាន​ចេតនា​ប្រើ​ហិង្សា ធ្វើ​អោយ​ខូចខាត​ទ្រព្យ​សម្បត្តិ ប៉ះពាល់​សណ្ដាប់​ធ្នាប់​ចរាចរណ៍ និង​ប្រមាថ​មន្ត្រី​សាធារណៈ។ ក្នុង​នោះ មនុស្ស ២​នាក់ ត្រូវ​ដោះ​លែង​អោយ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន កាល​ពី​ដើម​ខែ​កុម្ភៈ៕

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks