កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលអនុវត្តបានល្អ
ក្នុងការកាត់បន្ថយភាពក្រីក្រនៅលើពិភពលោកនាប៉ុន្មានឆ្នាំថ្មីៗ
កន្លងមកនេះ។
របាយការណ៍វាយតម្លៃភាពក្រីក្រចុងក្រោយរបស់ធនាគារពិភពលោក
ប្រចាំកម្ពុជា បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ ទី២០ កុម្ភៈ រកឃើញថា
ប្រជាពលរដ្ឋកម្ពុជា មានជីវភាពកាន់តែប្រសើរជាងមុន
ដោយសារតែពួកគាត់មានទ្រព្យសម្បត្តិប្រើប្រាស់ក្នុងផ្ទះបានកើនឡើង
ដូចជាទូរទស្សន៍ ម៉ូតូ និងមានទូរស័ព្ទប្រើប្រាស់។
បច្ចុប្បន្ន គ្រួសារមានទូរទស្សន៍ប្រើប្រាស់បានកើនឡើងប្រមាណ ៤ដង
គ្រួសារអ្នកមានម៉ូតូកើនឡើងចំនួនពីរដង បើប្រៀបធៀបនឹងឆ្នាំ២០០៧។
ប្រធានធនាគារពិភពលោក ប្រចាំកម្ពុជា លោក អាឡាសាន សូ (Alasan So)
មានប្រសាសន៍នៅក្នុងការផ្សព្វផ្សាយរបាយការណ៍វាយតម្លៃភាពក្រីក្រ
នោះថា កំណើនសេដ្ឋកិច្ចកម្ពុជា រឹងមាំ និងមានកំណើនខ្លាំង
បានជួយជំរុញឲ្យអត្រាភាពក្រីក្របានថយចុះ
គួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ន៖ «សេដ្ឋកិច្ចកម្ពុជា
សម្រេចបាននូវកំណើនគួរឲ្យកត់សម្គាល់
ដែលជាលទ្ធផលឈានដល់ការកាត់បន្ថយភាពក្រីក្របានចំនួនពាក់កណ្ដាល
ដែលថយចុះពីចំនួន ៥០% នៅឆ្នាំ២០០៤ ដល់ ២០% នាពេលបច្ចុប្បន្ន»។
មានមូលហេតុជាច្រើនដែលជំរុញឲ្យអត្រាភាពក្រីក្រនៅកម្ពុជា
បានថយចុះ។ របាយការណ៍វាយតម្លៃភាពក្រីក្រ
បានរកឃើញកត្តាសំខាន់បំផុតចំនួនពីរ គឺតម្លៃស្រូវ
និងផលិតកម្មស្រូវបានកើនឡើង ដែលជំរុញឲ្យចំណូលកសិករកើនឡើង។ ទីពីរ
ការកើនឡើងប្រាក់ឈ្នួលលើវិស័យកសិកម្ម។
បន្ថែមលើនេះ ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៣លាន ៥សែននាក់
ធ្វើចំណាកស្រុក ដើម្បីរកចំណូលពីតំបន់មួយទៅតំបន់មួយ។
ចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទាំងនោះ បានកើនឡើងរហូតដល់
៦.២០០រៀលនាពេលបច្ចុប្បន្ន ដែលនៅឆ្នាំ២០០៧ មានចំនួនតែ
៤.១០០រៀលតែប៉ុណ្ណោះ។ ប៉ុន្តែរបាយការណ៍របស់ធនាគារពិភពលោក ដដែលនោះ
ក៏បានគូសបញ្ជាក់ទៀតថា
ចំពោះការចំណាយជាមធ្យមរបស់ប្រជាពលរដ្ឋនៅជនបទវិញបានកើនឡើងដល់
ចំនួន ៨.២០០ក្នុងមួយថ្ងៃ។
ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គាត
ឈន់ មានប្រសាសន៍ថា គ្រួសារភាគច្រើនដែលរួចចាកផុតពីភាពក្រីក្រ
ក៏នៅតែងាយរងគ្រោះ
និងអាចធ្លាក់ចូលទៅក្នុងអន្ទាក់ភាពក្រីក្រវិញសាជាថ្មី។
ក្រុមអ្នកងាយរងគ្រោះទាំងនោះមានប្រមាណ ៣លាននាក់។
លោកបញ្ជាក់ទៀតថា ដើម្បីការពារដល់អ្នករងគ្រោះទាំងនោះ
រដ្ឋាភិបាលនឹងបន្តយុទ្ធសាស្ត្រគាំពារសង្គមរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា
១០នាក់ មានពីរនាក់ជាអ្នកក្រ ដោយផ្អែកលើនិយមន័យ ១ដុល្លារ
១៥សេនក្នុងមួយថ្ងៃ។
បន្ថែមលើនេះ ធនាគារពិភពលោក ប្រចាំកម្ពុជា បានរកឃើញថា
ចំនួនប្រជាពលរដ្ឋដែលស្ថិតនៅក្បែរបន្ទាត់ភាពក្រីក្រ
ដែលរស់មានចំណូលតិចជាង ២ដុល្លារ ៣០សេនក្នុងមួយថ្ងៃ មានចំនួនជាង
៨លាននាក់។ ក្រុមនេះជាអ្នកងាយនឹងធ្លាក់ចូលភាពក្រីក្រវិញ
នៅពេលដែលចំណូលរបស់គាត់បាត់បង់ប្រមាណ ១.២០០រៀលក្នុងមួយថ្ងៃ
ដែលបញ្ហានេះនឹងធ្វើឲ្យអត្រាភាពក្រីក្រកើនឡើងដល់ ៤០% វិញ៕
ប្រភព អាស៊ីសេរី
0 comments:
Post a Comment