សកម្មជននិងអ្នកគាំទ្របក្សប្រជាជនកម្ពុជា ជិត ២០០នាក់
នាំគ្នាមកតវ៉ាដោយបិទផ្លូវជាតិលេខ៧ នៅមុខសាលាឃុំស្នួល
ខេត្តក្រចេះ នៅព្រឹកថ្ងៃ១០ កុម្ភៈ។
ការតវ៉ានេះគឺដើម្បីទាមទារឱ្យអាជ្ញាធរចេញមុខដោះស្រាយជុំវិញ
រឿងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់តាមការសន្យារបស់អាជ្ញាធរ
ប៉ុន្តែពួកគាត់នៅតែមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិដដែល
ទើបធ្វើឲ្យប្រជាពលរដ្ឋទាំងនោះសម្រេចចេញមកតវ៉ាដោយបិទផ្លូវ
តែម្ដង បើទោះជាមានការសម្របសម្រួលពីអាជ្ញាធរក៏ដោយ។
ការសន្យារបស់អាជ្ញាធរចំពោះរឿងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូន
សកម្មជន និងអ្នកគាំទ្របក្សប្រជាជនកម្ពុជា នៅឃុំស្នួល ស្រុកស្នួល
ខេត្តក្រចេះ នៅតែពន្យារពេល
ទើបធ្វើឱ្យសកម្មជននិងអ្នកគាំទ្របក្សប្រជាជនទាំងនោះទ្រាំលែងបាន
ហើយនាំគ្នាមកតវ៉ាដោយបិទផ្លូវជាតិលេខ ៧ គឺនៅមុខសាលាឃុំស្នួល
តែម្តង នៅព្រឹកថ្ងៃទី១០ កុម្ភៈ។
ប្រធានក្រុមគណបក្សប្រជាជនកម្ពុជា
និងជាសមាជិកសហព័ន្ធយុវជនកម្ពុជា នៅឃុំស្នួល ខេត្តក្រចេះ លោក សួន
វិច្ឆិកា បានមានប្រសាសន៍ថា មូលហេតុដែលពួកគាត់នាំគ្នាជិត ២០០នាក់
ដើម្បីមកធ្វើការតវ៉ាដោយបិទផ្លូវនៅមុខសាលាឃុំស្នួលនោះ
គឺដើម្បីទាមទារឱ្យអាជ្ញាធរគិតគូររឿងចេញប្លង់កម្មសិទ្ធិដីធ្លីជូន
ពួកគាត់
ពីព្រោះប្រជាពលរដ្ឋមិនអាចទ្រាំទៅនឹងការពន្យារពេលរបស់អាជ្ញាធរ
ក្នុងចេញប្លង់តទៅទៀតបាននោះទេ។
លោកបន្តថា ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ដែលមានជាង
៣០០ក្បាលដីដែរនោះ បានបដិសេធចំពោះពាក្យបណ្ដឹងរបស់ក្រុមហ៊ុនកូរ៉េ
ដែលបានដាក់ពាក្យប្ដឹងជំទាស់នៅក្រសួងនាពេលកន្លងមក
ហើយប្រជាពលរដ្ឋយល់ថា
ការដាក់ពាក្យបណ្ដឹងជំទាស់ក្នុងពេលដែលក្រុមនិស្សិតចុះវាស់វែង
ក្បាលដីជូនប្រជាពលរដ្ឋរួចនោះ
ថាជារឿងខុសទៅនឹងសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាល។
លោក សួន វិច្ឆិកា៖ «ក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងជំទាស់នៅ
ក្រសួង រួចទៅក្រសួងបានឱ្យក្រុមការងារខេត្ត
និងស្រុកជាអ្នកដោះស្រាយ
ប៉ុន្តែយោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនហ្នឹង គឺប្រជាពលរដ្ឋហ្នឹង
ក្រុមប្រជាពលរដ្ឋហ្នឹងសូមធ្វើការបដិសេធចោល
ពីព្រោះអីក្រុមហ៊ុនមិនបានដាក់ពាក្យបណ្ដឹងនៅក្រុមមន្ត្រី
វិនិច្ឆ័យដែលបិទផ្សាយនៅសាលាឃុំអស់រយៈមួយខែនៅសាលាឃុំទេ»។
លោក សួន វិច្ឆិកា បន្តថា ក្រៅពីនេះ ប្រជាពលរដ្ឋយល់ថា
ការពន្យារពេលក្នុងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់នេះ
អាចទំនងជាមន្ត្រីដែលបម្រើការងារនៅថ្នាក់ខេត្តមួយចំនួនជាប់
ពាក់ព័ន្ធជាមួយក្រុមហ៊ុនទៀតផង
ទើបធ្វើរឿងនេះនៅតែមិនទាន់អាចដោះស្រាយបាន។
លោកបញ្ជាក់ថា នៅម៉ោងប្រមាណជា ២រៀល
ទើបក្រុមអ្នកតវ៉ាដែលមានពាក់អាវបក្សប្រជាជន
កាន់រូបថតលោកនាយករដ្ឋមន្ត្រី និងបក្សប្រជាជនផងនោះ
បាននាំគ្នាយល់ព្រមបើកផ្លូវឡើងវិញ
បន្ទាប់ពីមានការសន្យាដកទាហានដែលដាក់ការពារដីឱ្យក្រុមហ៊ុន
និងព្រមឱ្យតំណាង ៨នាក់ចូលជួបដោះស្រាយបញ្ហានេះនៅសាលាឃុំស្នួល
នៅថ្ងៃ១១ កុម្ភៈ។
អភិបាលស្រុកស្នួល លោក គង់ គឹមនី បានមានប្រសាសន៍ថា
ពិតជាមានការតវ៉ាដោយបិទផ្លូវនៅមុខសាលាឃុំស្នួលមែន
ហើយខាងអាជ្ញាធរស្រុកបានចេញមុខទៅធ្វើការសម្របសម្រួលក្រោមការ
បញ្ជាពីសំណាក់អភិបាលខេត្ត ប៉ុន្តែប្រជាពលរដ្ឋគាត់ចង់បានប្រញាប់
រីឯអាជ្ញាធរត្រូវធ្វើការទៅតាមនីតិវិធី
ទើបធ្វើឱ្យការចរចានៅមានបញ្ហា។
លោក គង់ គឹមនី៖ «នៅថ្នាក់ស្រុក ហើយនៅថ្នាក់ស្រុក
ស្អែកហ្នឹងខ្ញុំត្រូវឱ្យតំណាងរបស់គាត់ហ្នឹងចូលមកហ្នឹង
ដើម្បីឱ្យយើងកោះហៅក្រុមហ៊ុនមួយសាទៀត ដើម្បីប្រជុំ។
អ៊ីចឹងប្រជុំរួចហើយបានយើងបញ្ជូនទៅខាងមន្ទីរដែនដីខេត្ត
ដើម្បីបន្តតទៅទៀត។ នីតិវិធីគឺអ៊ីចឹងណាបង!
ហើយគាត់ចង់ឱ្យលឿនចង់បានមួយអាទិត្យ
ឬបីថ្ងៃទៅតាមនេះគាត់អ៊ីចឹង ទើបមានការពិបាកបន្តិច»។
លោកបញ្ជាក់ថា
ក្នុងនាមជាអាជ្ញាធរចេញមុខដោះស្រាយជូនប្រជាពលរដ្ឋទាំងអស់
គឺមិនចំពោះថា ប្រជាពលរដ្ឋទាំងនោះកាន់គណបក្សណានោះឡើយ
គឺដោះស្រាយជូនពួកគាត់ដោយគ្មានការរើសអើង។
ដោយឡែកប្រធានមន្ទីរនគរូបនីយកម្មនិងសំណង់ខេត្តក្រចេះ លោក កៅ
ម៉ាឌីឡែន បានមានប្រសាសន៍ថា
មិនមានមន្ត្រីខេត្តណាម្នាក់ជាប់ពាក់ព័ន្ធនឹងដីនោះទេ
ផ្ទុយទៅវិញ
មន្រ្តីទាំងនោះបានខិតខំបំពេញការងារស្ទើរគ្មានថ្ងៃសម្រាក
ដើម្បីឱ្យរឿងនេះឆាប់ចប់ ប៉ុន្តែពិបាកត្រង់ថា
ដីដែលប្រជាពលរដ្ឋកំពុងតវ៉ានោះ
គឺពាក់ព័ន្ធទៅនឹងដីទំនាស់ជាមួយក្រុមហ៊ុនកូរ៉េ
ទើបខាងលោកត្រូវការពេលវេលាដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់។
លោក កៅ ម៉ាឌីឡែន៖ «ដីនេះ គឺពាក់ព័ន្ធដីទំនាស់! បាទ!
អីចឹងប្រសិនបើពាក់ព័ន្ធនឹងដីទំនាស់
យើងត្រូវដោះស្រាយទៅតាមនីតិវិធី។ ឥឡូវនីតិវិធីយើងគឺត្រូវដោះស្រាយ
គណៈកម្មាធិការរដ្ឋបាលរបស់យើងបានដោះស្រាយរួចហើយ
ហើយគណៈកម្មាធិការរដ្ឋបាលរបស់យើងហ្នឹង
បានបញ្ជូនសំណុំឯកសារហ្នឹងទៅគណៈកម្មាធិការសុរិយោដីថ្នាក់ស្រុក
ដើម្បីឱ្យគណៈកម្មាធិការសុរិយោដីថ្នាក់ស្រុកហ្នឹង
គាត់ដោះស្រាយជាបន្ត ហើយនៅពេលណាគាត់ដោះស្រាយមិនបាន
គាត់នឹងបញ្ជូនឯកសារហ្នឹងមកខាងសុរិយោដីថ្នាក់ខេត្ត»។
លោកបញ្ជាក់ថា
ខាងលោកបានពន្យល់ឱ្យប្រជាពលរដ្ឋបានយល់ពីនីតិវិធីក្នុងការ
ដោះស្រាយខ្លះៗ ហើយប្រជាពលរដ្ឋក៏បានយល់ច្រើនចំពោះបញ្ហានេះ
ទើបធ្វើឱ្យពួកគាត់ស្ងប់ចិត្ត។ តែយ៉ាងណាក៏ដោយ
ខាងលោកនៅតែខិតខំពន្លឿននីតិវិធីដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឱ្យ
ឆាប់តាមដែលអាចធ្វើទៅបាន៕
ប្រភព អាស៊ីសេរី
0 comments:
Post a Comment