លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានធ្ងន់ៗ
មិនចំឈ្មោះទៅដល់ក្រុមមនុស្សដែលលោកហៅថា ក្រុមប្រតិកិរិយា
ប៉ុនប៉ងយកប្រទេសកម្ពុជា ធ្វើជាចំណាប់ខ្មាំង។ លោកបន្តថា
រដ្ឋាភិបាលអាណត្តិទី៥ ដែលកើតចេញពីការបោះឆ្នោត
បានដំណើរការងារជាធម្មតា ដោយគ្មានការរាំងស្ទះនោះទេ។
ប្រមុខដឹកនាំរដ្ឋាភិបាលលើកឡើងដូច្នេះនៅក្នុងពិធីប្រគល់សញ្ញាបត្រ
ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង ៤ពាន់នាក់
នៅមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃច័ន្ទ ទី១០ ខែកុម្ភៈ។លោកអះអាងបន្តថា មកដល់ពេលនេះសកម្មភាពរបស់រាជរដ្ឋាភិបាល
បានប្រព្រឹត្តទៅជាធម្មតា
រីឯសិស្សនិស្សិតបានបន្តការសិក្សារៀនសូត្រជាធម្មតានៅតាមសាលា
រៀងៗខ្លួន។
ទោះជាបែបណា សម្រាប់មេដឹកនាំគណបក្សប្រឆាំងបានថ្លែងប្រតិកម្មថា
លោកនាយករដ្ឋមន្ត្រីកំពុងព្រួយបារម្ភចំពោះការដាក់សម្ពាធរបស់
អន្តរជាតិមកលើរដ្ឋាភិបាលខុសច្បាប់របស់ខ្លួន។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ
បានប្រដូចការលើកឡើងរបស់លោក ហ៊ុន សែន
ទៅនឹងរបបខ្មែរក្រហមធ្លាប់បានអនុវត្តកន្លងមក។ លោកបន្តថា
មកដល់ពេលនេះ
សហគមន៍អន្តរជាតិកំពុងផ្ដោតការយកចិត្តទុកដាក់មកលើសកម្មភាពដឹក
នាំខុសច្បាប់របស់រដ្ឋាភិបាលបច្ចុប្បន្ន។ទាក់ទិនបញ្ហានេះ លោក កែម ឡី អ្នកវិភាគឯករាជ្យ
និងជាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម ថ្លែងថា
ល្មមដល់ពេលដែលអ្នកនយោបាយខ្មែរបញ្ឈប់សកម្មភាពលាបពណ៌គ្នាទៀតទៅ
និងត្រូវងាកមករួមគ្នាអភិវឌ្ឍប្រទេសជាតិប្រសើរជាង។
ការបោះឆ្នោតនីតិកាលទី៥ បានចាប់ផ្ដើមកាលពីថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣។ ការបោះឆ្នោតនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប.) បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ឈ្នះបានអសនៈសភាចំនួន
៦៨ ចំណែកគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥អាសនៈ។
ប៉ុន្តែគណបក្សសង្គ្រោះជាតិ
មិនយល់ព្រមទទួលយកលទ្ធផលនេះទេមកទល់បច្ចុប្បន្ននេះ ដោយចោទថា
មានការបន្លំសន្លឹកឆ្នោត
នឹងបន្តតវ៉ាទាមទាររកយុត្តិធម៌លើលទ្ធផលបោះឆ្នោត
ឬសុំឲ្យបោះឆ្នោតឡើងវិញ។
ប៉ុន្តែការទាមទាររបស់គណបក្សប្រឆាំងត្រូវបានមេដឹកនាំគណបក្សប្រជាជន
កម្ពុជា បដិសេធ៕
ប្រភព អាស៊ីសេរី
0 comments:
Post a Comment