ធនាគារជាតិកម្ពុជា
បានបោះពុម្ពក្រដាសប្រាក់រៀលថ្មីជាបន្តបន្ទាប់។
ការបោះពុម្ពក្រដាសប្រាក់បន្ថែមនេះ
អាចផ្ដល់ផលអាក្រក់សម្រាប់សេដ្ឋកិច្ចកម្ពុជា
ដោយសារតែបរិមាណលុយច្រើនចរាចរលើទីផ្សារ
ឬការបោះពុម្ពនោះបម្រើឲ្យអ្នកនយោបាយមួយក្រុម។ ប៉ុន្តែ
មន្ត្រីធនាគារជាតិកម្ពុជា បានអះអាងថា
ការបោះពុម្ពក្រដាសប្រាក់ថ្មីនេះដើម្បីជំនួសក្រដាសប្រាក់ចាស់ដែល
ខូចខាត និងមិនប៉ះពាល់ដល់តម្លៃលុយរៀលចុះថោកឡើយ។
មធ្យោបាយទូទាត់ដោះដូរពាណិជ្ជកម្ម
និងទ្រទ្រង់ដល់សកម្មភាពសេដ្ឋកិច្ច គឺរូបិយប័ណ្ណ។ ប៉ុន្តែ
តម្លៃរូបិយប័ណ្ណអាចឡើងថ្លៃ ឬចុះថោក ដោយសារតែកត្តាសំខាន់ពីរ
គឺបរិមាណលុយដែលចរាចរលើទីផ្សារ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់។
ការបោះពុម្ពលុយច្រើនពេក អាចប៉ះពាល់ដល់តម្លៃលុយ ឬលុយហើម
នឹងធ្វើឲ្យស្ថាប័នបោះពុម្ពលុយ
ជាពិសេសធនាគារជាតិមិនអាចប្រើប្រាស់គោលនយោបាយរូបិយវត្ថុ
ដើម្បីគ្រប់គ្រងចរាចរសាច់ប្រាក់នៅលើទីផ្សារបានឡើយ។
ការបាត់បង់ប្រសិទ្ធភាពប្រើប្រាស់គោលនយោបាយរូបិយវត្ថុ
អាចខាតបង់ផលចំណេញពីការបោះពុម្ពក្រដាសប្រាក់រៀល
និងអាចធ្វើឲ្យអត្រាអ្នកប្រើប្រាស់ប្រាក់ដុល្លារអាមេរិកកាន់តែ
ច្រើនឡើង។
អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា
ការបោះពុម្ពក្រដាសប្រាក់ថ្មីនៅក្នុងប្រទេសមួយ
បណ្ដាលមកពីគោលបំណងសំខាន់មួយចំនួន ដូចជា
ការបោះពុម្ពបន្ថែមដើម្បីទូទាត់ និងបំពេញក្រដាសចាស់ដែលខូចខាត
ឬការបោះពុម្ពបន្ថែមទៅតាមកំណើនសេដ្ឋកិច្ច
និងតម្រូវការរបស់អ្នកប្រើប្រាស់ជាក់ស្ដែង។ ម៉្យាងវិញទៀត
ការបោះពុម្ពលុយបន្ថែម គឺសម្រាប់បំពេញថវិកាជាតិដែលប្រមូលបានតិច។
រាជរដ្ឋាភិបាល និងធនាគារជាតិកម្ពុជា
បានបោះពុម្ពក្រដាសប្រាក់ប្រភេទថ្មីបីដងកំឡុងឆ្នាំ២០១៣។
លើកទីមួយ ធនាគារជាតិកម្ពុជា បានបោះពុម្ព
និងដាក់ឲ្យចរាចរប្រភេទក្រដាសប្រាក់ប្រភេទ ១ពាន់រៀលកាលពីខែកុម្ភៈឆ្នាំ២០១៣។ លើកទីពីរ
បានបោះពុម្ពប្រភេទក្រដាសប្រាក់ ១សែនរៀល
ចំពេលចម្រើនព្រះជន្មព្រះបាទ នរោត្ដម សីហមុនី កាលពីខែឧសភា
ឆ្នាំ២០១៣។ ហើយការបោះពុម្ពលើកចុងក្រោយនៅក្នុងខែវិច្ឆិកា
គឺប្រភេទក្រដាសប្រាក់ ២ពាន់រៀល។
ការបោះពុម្ពក្រដាសប្រាក់ថ្មីផ្ទួនៗគ្នានេះ
អាចប៉ះពាល់ដល់តម្លៃលុយរៀលដែលចរាចរនៅលើទីផ្សារ
ដោយសារតែបរិមាណលុយដែលបានបោះពុម្ពនោះមិនត្រូវបានគេផ្សព្វផ្សាយ
ជាសាធារណៈឡើយ។ យ៉ាងណាក៏ដោយ
អ្នកពាក់ព័ន្ធវិស័យរូបិយវត្ថុបានសង្កេតឃើញថា
អត្រាតម្លៃលុយរៀលធៀបនឹងដុល្លារអាមេរិក មិនមានការប្រែប្រួលឡើយ។
ម្ចាស់ហាងប្ដូរប្រាក់ លី ហ៊ួរ អ្នកស្រី ស៊ាង លីម បានអះអាងថា
អត្រាប្ដូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក
មានស្ថិរភាពប្រមាណ ៤ពាន់រៀលក្នុងមួយដុល្លារអាមេរិក៖ «ដូចថាមិន
ចុះថោកខ្លាំងប៉ុន្មានទេ ព្រោះការមុនវា ៤ពាន់ ៥០ ឬ ៤ពាន់ ៧០
តែឥឡូវចុះមកនៅសល់តែ ៣.៩៩០ ហើយប្រាក់រៀលតាំងពី ៥ឆ្នាំហើយ
គឺធនាគារជាតិ ប្រហែលជាគាត់ស្ទង់ដឹង
ដឹងថាប្រាក់នោះត្រូវចេញយ៉ាងម៉េច
វាត្រូវនឹងថ្លៃវាអត់ឡើងចុះអីច្រើន»។
អ្នកស្រី ស៊ាង លីម បញ្ជាក់ទៀតថា
ជាទូទៅអ្នកដែលមានតម្រូវការក្រដាសប្រាក់ ១០ម៉ឺនរៀល
គឺសម្រាប់ការបង់ពន្ធ ទឹកភ្លើង
ឬដើម្បីផ្ទេរប្រាក់ទៅតាមបណ្ដាខេត្តជាដើម។ ម៉្យាងវិញទៀត
តម្លៃលុយរៀលឡើងថ្លៃ គឺនៅកំឡុងពេលប្រមូលផលកសិកម្ម។
បន្ថែមលើនេះ ប្រធានសមាគមស្ថាប័នមីក្រូហិរញ្ញវត្ថុកម្ពុជា
និងជានាយកប្រតិបត្តិនៃស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា លោកបណ្ឌិត
ប៊ុន មុនី បានសង្កេតឃើញថា ការបោះពុម្ពក្រដាសប្រាក់រៀលថ្មីនេះ
ដើម្បីបំពេញបន្ថែមឱនភាពក្រដាសប្រាក់រៀល៖«ខ្ញុំគិតថាដូចជាអត់
មានបញ្ហាអីទេខាងការបោះពុម្ពលុយបន្ថែម
វាជាការបំពេញបន្ថែមចំពោះការផ្លាស់ប្ដូរលុយចាស់លុយថ្មីហ្នឹងឯង
តាមខ្ញុំយល់។ តែគេអត់បានផ្សព្វផ្សាយថា
ការបោះនោះជាការបោះបន្ថែម ឬមួយក៏ជាការប្ដូរ
ពីព្រោះលុយចាស់វារហែកច្រើនគេត្រូវដុតចោល
ហើយគេជំនួសវិញនូវលុយក្រដាសថ្មី។
វាជារឿងធម្មតាក្នុងការផ្លាស់ប្ដូរក្រដាសប្រាក់
ព្រោះក្រដាសប្រាក់យើងគុណភាពមិនសូវល្អ»។
លោកបណ្ឌិត ប៊ុន មុនី មានប្រសាសន៍បន្ថែមទៀតថា
នៅពេលលុយថ្មីប្រកាសឲ្យចរាចរនៅលើទីផ្សារ
តម្លៃលុយមិនចុះថោកឡើយ។
អត្រាប្ដូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក
ស្ថិតនៅអត្រាដដែលប្រមាណ ៤ពាន់រៀលនាពេលបច្ចុប្បន្ន។ លោកបន្តថា
ការបោះពុម្ពលុយរៀលបន្ថែមនេះ មិនទាក់ទងនឹងរឿងនយោបាយឡើយ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីធនាគារជាតិកម្ពុជា បានអះអាងថា
រៀងរាល់ឆ្នាំ
ធនាគារជាតិបានបោះពុម្ពលុយបន្ថែមដែលមានគុណភាពខ្ពស់ស្របទៅតាម
កំណើនសេដ្ឋកិច្ចដែលកម្ពុជា សម្រេចបាន មានន័យថា
នៅពេលដែលសេដ្ឋកិច្ចមានកំណើនកាន់តែខ្ពស់
សកម្មភាពជំនួញមានកាន់តែច្រើនដែលធ្វើឲ្យតម្រូវការលុយរៀលកើនឡើង
ដែរ។
របាយការណ៍របស់ធនាគារជាតិកម្ពុជាបានបង្ហាញថា
ធនាគារជាតិមានវិធានការដែលអាចគ្រប់គ្រងអត្រាប្ដូរប្រាក់រៀលឲ្យ
មានស្ថិរភាព។ វិធានការលើកកម្ពស់ប្រាក់រៀល រួមមាន
ការប្រមូលពន្ធជាប្រាក់រៀល ការអនុញ្ញាតឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ
និងធនាគារមួយចំនួន អាចដកជាប្រាក់រៀលនៅតាមម៉ាស៊ីន អេ.ធី.អិម
(ATM) ជាដើម។
តាមការប៉ាន់ស្មានដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)
ប្រចាំកម្ពុជា បានបង្ហាញថា ការប្រើប្រាស់លុយរៀលនៅកម្ពុជា
បានកើនឡើងនាពេលពេលបច្ចុប្បន្ន ដែលមានអត្រាក្នុងរង្វង់ ២០%
បើធៀបនឹងបរិមាណលុយបរទេសសរុបដែលចរាចរនៅក្នុងសេដ្ឋកិច្ចកម្ពុជា៕
ប្រភព អាស៊ីសេរី
0 comments:
Post a Comment