Friday, December 20, 2013

ភ្នំពេញ: ​សម្តេច​តេ​ជោ​ហ៊ុនសែន​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២០​ខែធ្នូ​ឆ្នាំ​២០១៣​បាន​ បដិសេធ​ចំពោះ​ការទាម​ទា​រ​​​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ លើ​ការបោះឆ្នោត​ឡើងវិញ​។ សម្តេច​ ក៏បានប្រកាសថា សម្តេច​​មិន​ចុះ​​ចេញពី​ដំណែង​តាម​ការទាមទារ​បាតុក​ម្ម​របស់​គណបក្ស​សង្គ្រោះ ​ជាតិ​ដែរ។​
នៅក្រៅ​កិច្ចប្រជុំ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​គូសបញ្ជាក់​ជូន​ប្រជាជន​កម្ពុជា​ថា នៅ​កម្ពុជាមាន​រដ្ឋធម្មនុញ្ញ​មួយ​បាន​កំ​ណ​ត់ហើយ​ដែល​ខុស​ពី​ប្រទេស​ដទៃ​។ ប្រទេស​ដទៃដែល​អនុញ្ញាតឲ្យ​នាយក​រដ្ឋមន្ត្រីប្រកាស​រំ​លាយ​​​សភា ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា មាត្រា​ទី​៧៨ នៃ​រដ្ឋធម្មនុញ្ញ បាន​កំណត់​ថា សភា​មាន​នីតិកាល ៥ ឆ្នាំ សភា​មិន​អាច​រំលាយ​មុន​អាណត្តិ​បានទេ លើកលែងតែ​រាជរដ្ឋាភិបាល ត្រូវ​រំលាយ​ពីរដង ក្នុង​រយៈ​ពេល​ ១២ ខែ​។ ដូច្នេះ​នៅ​ទីនេះ នាយករដ្ឋមន្ត្រី ក៏​គ្មាន​សិទ្ធិ​រំលាយ​សភា ព្រះមហាក្សត្រ ក៏​គ្មាន​សិទ្ធិ​រំលាយ​សភា សភា​ខ្លួនឯង ក៏​គ្មាន​សិទ្ធិ​រំលាយ​សភា​។ ដូច្នេះ​តើ​នរណា​មួយ មាន​សិទ្ធិ​រំលាយ​សភា ដើម្បី​ធ្វើ​ការបោះឆ្នោត​ឡើងវិញ​?​។​
​សម្តេច​ហ៊ុន​សែន បាន​គូសបញ្ជាក់ថា “​ដូច្នេះ​សូម​អ្នក​ទាមទារ​ទាំងឡាយ មើល​ច្បាប់​ឲ្យបាន​ច្បាស់​។ មួយទៀត ទាមទារ​ឲ្យ​ខ្ញុំ​ចុះ​ចេញពី​តំណែង​។ តើ​ខ្ញុំ​បាន​ធ្វើ​កំហុស​អ្វី​? បើសិន​ជា​សភា ទម្លាក់​ខ្ញុំ នោះ​វា​ជា​រឿង​មួយ​។ ក៏​ប៉ុន្តែ​ការ​ចុះចេញ​ពី​តំណែង​របស់​ខ្ញុំ មិនមែន​ជា​ការចង់បាន​របស់​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គាំទ្រ​ខ្ញុំ​នោះ​ទេ​។ ពិតណាស់ អ្នក​ដែល​មិន​បាន​គាំទ្រ​ខ្ញុំ មិនមែន​ទើបតែ​ថ្ងៃនេះ​ទេ តាំងពី​ជំនាន់ ក្រោយ​ពី​រំដោះ​ពី​ប៉ុលពត ភ្លាម ក៏​គេ​ចង់ឲ្យ​ខ្ញុំ​ចាក​ចេញពី​តំណែង​រួចទៅហើយ​។ អីចឹង​ខ្ញុំ​គ្មាន​ការភ្ញាក់ផ្អើល​ចំពោះ​ការទាមទារ ហើយ​ក៏​ខ្ញុំ​ដឹង​ដែរ ថា​នរណា អ្នក​ឲ្យ​សរសេរ​អំពី ហ៊ុន​សែន​អើយ​! ចាកចេញ​ទៅ​នោះ​! ខ្ញុំ​ដឹង​។ មិនមែន​អ្នក​ធ្វើ​បាតុកម្ម​ធម្មតា​ទេ ក៏​ប៉ុន្តែ​គឺជា​មេដឹកនាំ​នយោបាយ​”​។​
​ សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា “​ខ្ញុំ​ឡើង​តាម​រដ្ឋធម្មនុញ្ញ ខ្ញុំ​ចុះ ក៏​ចុះ​តាម​រដ្ឋ ធម្មនុញ្ញ​។ អីចឹង សូម​បញ្ជាក់​ឲ្យ​ហើយ គ្មាន​ការបោះឆ្នោត​ឡើង​វិញ​ទេ ព្រោះ​គ្មាន​អ្នក​រំលាយ​សភា ហើយ​ក៏​គ្មាន​យន្តកា​រណា កំណត់​អំពី​ការបោះឆ្នោត មុន​អាណត្តិ​នោះទេ ហើយ​ក្រៅពី​ការចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ ក៏​មាន​ការចែង នៅក្នុង​ច្បាប់​បោះឆ្នោត​។ ច្បាប់ បោះឆ្នោត ចង​ជាប់​ជា​ចំណង​តែម្តង គឺ​នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ រៀងរាល់ ៥ ឆ្នាំ​ម្តង នៅ​ថ្ងៃ​អាទិត្យ នា​សប្តាហ៍​ទី​៤ នៅ​ខែ​កក្កដា ត្រូវ​ធ្វើ​ការបោះឆ្នោត​។ ដូច្នេះ​ម្ខាង​រដ្ឋធម្មនុញ្ញ​ចង មិនឲ្យ​មាន​នរណា គឺ​រំលាយ​សភា​។ សភា​ខ្លួនឯង ក៏​មិន​អាច​មាន​សិទ្ធិ​រំលាយ​សភា​ទេ​។លើកលែង​តែ​បើ​ខ្លួន​ចង់​រំលាយ​សភា​ខ្លួនឯងទាល់តែ​ខ្លួនឯង​រំលាយ​រាជរដ្ឋាភិ​បាល ពីរដងក្នុង​រយៈពេល ១២ ខែ​។ អីចឹង ចំណុច​នេះ សូម​អ្នក​តវ៉ា មើល​ឲ្យ​ច្បាស់ គ្មាន​នរណា​មាន​សិទ្ធិ​ទាំងអស់​”​។​
​អំពី​បាតុកម្ម​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​បាន​ព្រមាន​ថានឹង​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​វិញត្រូវបាន​សម្តេច​​​​​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ទៅវិញ​ថា រដ្ឋាភិបាល នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។ បាតុកម្ម​បិទផ្លូវ​របស់​គណបក្សប្រឆាំង ក៏​ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ចាត់ទុកថា ជា​ការបិទ​ឈាម​ខ្លួនឯង​។​
សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា “​ឥឡូវ​និយាយ​ដល់​រឿង​បាតុកម្ម​បិទផ្លូវ​។ ខ្ញុំ​គ្រាន់តែ​សូមបញ្ជាក់​ថា បិទផ្លូវ តើ​ប៉ះពាល់​ដល់​អ្វី​? មិនមែន​ប៉ះពាល់​ដល់​រដ្ឋាភិបាល ត្រឹម​រាជរដ្ឋាភិបាល ត្រឹម​ស្ថាប័ន​របស់​រដ្ឋ​មួយចំនួន​ទេ គឺ​ប៉ះពាល់​ដល់​ប្រជាជន​។ ជា​ទង្វើ​ខុសច្បាប់​។ ខ្ញុំ​សូម​ស្នើ ទាំងនេះ គឺជា​វិធានការ ដែល​រាជរដ្ឋាភិបាល ត្រូវ​ឆ្លើយតប​វិធានការ​តាម​ផ្លូវច្បាប់​ហើយ​។ វា​គ្មាន​ជំរើស​ណា​ផ្សេង​ក្រៅពី​នោះ​ទេ​។ សូម​ប្រជាពលរដ្ឋ ជៀស​ឲ្យ​ឆ្ងាយ​អំពី​ទង្វើ​អំពាវនាវ​ឲ្យមាន​ការបិទផ្លូវ​។ បិទផ្លូវ គឺជា​ការបិទ​ឈាម​ខ្លួនឯង​!”​។​
​ជាមួយនឹង​ការគូសបញ្ជាក់​ខាងលើ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ថារាជ​រដ្ឋា​ភិ​បាលមាន​ការអត់ធ្មត់ គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើ​បាតុកម្មដោយ​សន្តិវិធី ប៉ុន្តែ​រាជរដ្ឋាភិ​បាល​ នឹង​មិន​យល់ព្រម​ណាមួយអំពី​បញ្ហា​ទាក់ទិន​ជាមួយនឹង​ការណ៍ដែល​ជា​ទង្វើ​ខុសច្បាប់បង្ក​អស្ថិ​រ​​​​​ភាព​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ទេ​។
​សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់​ជា​ថ្មី​ថា “​យើង​មិន​អាច​ទទួលយក​បាន​លើ​ទង្វើ​ណា​ក៏ដោយ​ចុះ ដែល​ពាក់ព័ន្ធ​ទៅនឹង​ការបំផ្លាញ​ទៅលើ​សន្តិសុខ​របស់​ជាតិ ហើយ​ខ្ញុំ​សូម​ស្នើ​ឲ្យមាន​ការប្រុងប្រយ័​ត្ន​ចំពោះ​បាតដៃ​ទី​៣”​។​
 ការឆ្លើយតប​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដោយ​ច្រានចោល​នូវ​ការទាមទារ​របស់​បាតុកម្ម​គណបក្ស​ប្រឆាំង​​​ខាងលើ ត្រូវបាន​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើងថា លោក​មិន​​មាន​ការភ្ញាក់ផ្អើល​ទេឮព្រោះ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ទទួល​​យក​សំណូមពរ​របស់​ប្រជាពលរដ្ឋ មក​ដោះស្រាយ​យូរ​ឆ្នាំ​មកហើយ ដូចជា បញ្ហាដីធ្លី ជា​ដើម​។​
​លោក កឹម សុខា បាន​មានប្រសាសន៍ថា “​ខ្ញុំ​អត់​មានអី​ភ្ញាក់ផ្អើល​ទេ ព្រោះ​គាត់ ជា​មេដឹក នាំ​មួយ ដែល​មិន​មាន​សម្បជញ្ញៈ មាន​គុណធម៌ មាន​ចិត្ត​ថា យក​សំណូម​ប្រជាពលរដ្ឋ​យកទៅ​ពិចារណា គឺ​គាត់​អត់​មាន​លក្ខណៈ​បែប​នឹង​ទេ​។ គាត់​តែងតែ​ជា​អ្នកដឹកនាំ​មួយ ដែល​តែងតែ​ច្រានចោល​នូវ​អ្វី​ដែល​ជា​ការទាមទារ ឬក៏​ជា​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​”​៕ 

 ប្រភព CEN

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks