នៅឆ្នាំនេះ ច្បាប់ថវិកាជាតិត្រូវបានសភាអនុម័តដោយប្រញាប់
និងមិនមានវត្តមានចូលរួមបញ្ចេញមតិឲ្យយោបល់ពីសំណាក់សង្គមស៊ីវិល
ឬតំណាងរាស្ត្រគណបក្សប្រឆាំងឡើយ។
រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិ កាលពីថ្ងៃទី១២
ខែវិច្ឆិកា ដោយសំឡេងគាំទ្រ ១០០%
ក្នុងចំណោមសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា ទាំង ៦៨នាក់។
ច្បាប់ថវិកាជាតិនេះ
ក៏ត្រូវបានព្រឹទ្ធសភាបន្តអនុម័តដោយមិនកែប្រែ
សូម្បីតែ១តួអក្សរនៅថ្ងៃទី២១ ខែវិច្ឆិកា។ សង្គមស៊ីវិលរិះគន់ថា
ការអនុម័តច្បាប់ថវិកាជាតិ
ឬច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងលើកនេះ
ប្រព្រឹត្តទៅដោយមិនមានតម្លាភាពជាងឆ្នាំណាៗទាំងអស់ បើគិតរយៈពេល
១០ឆ្នាំចុងក្រោយនេះ។បើការអនុម័តច្បាប់ឲ្យចាយលុយជាតិ មិនមានតម្លាភាពហើយ
តើការចាយវាយថវិកាជាតិរបស់រាជរដ្ឋាភិបាល
នៅពីរអាណត្តិចុងក្រោយវិញ មានតម្លាភាពកម្រិតណាដែរ?ថវិកាជាតិ
គឺជារបាយការណ៍របស់រាជរដ្ឋាភិបាលក្នុងគម្រោងប្រមូលចំណូល
និងសម្រេចចំណាយប្រចាំឆ្នាំ។ ទំហំថវិកានេះ
នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលកំណត់ពីលទ្ធភាពសម្រាប់ការចំណាយរបស់
ប្រទេសជាតិទាំងមូល។សេចក្តីព្រាងច្បាប់ថវិកាជាតិ ត្រូវបានរៀបចំដោយរាជរដ្ឋាភិបាល
និងចាំបាច់ត្រូវមានការអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភា
មុនពេលអនុវត្ត។ ក្រោយពេលបានអនុម័តដោយអង្គនីតិប្បញ្ញត្តិ
ថវិកាជាតិក្លាយទៅជាច្បាប់។ ច្បាប់ថវិកាជាតិប្រចាំឆ្នាំនីមួយៗ
នឹងរៀបរាប់លម្អិតពីប្រភពចំណូលរបស់ជាតិ រួមមាន
ចំណូលពីពន្ធអាករផ្សេងៗជាច្រើនមុខ ចំណូលលើការវិនិយោគសាធារណៈ
និងចំណូលបានមកពីបរទេស។រាល់ចំណូលចំណាយរបស់ស្ថាប័នរដ្ឋទាំងអស់
ស្ថិតក្រោមការត្រួតពិនិត្យរបស់ស្ថាប័នមានសមត្ថកិច្ចមួយចំនួន
រួមមាន ក្រុមការងារគណនេយ្យភាពខេត្ត
នាយកដ្ឋានសវនកម្មផ្ទៃក្នុងរបស់ក្រសួងស្ថាប័ននីមួយៗ
អាជ្ញាធរសវនកម្មជាតិ រដ្ឋសភា
និងអង្គភាពប្រឆាំងអំពើពុករលួយក្នុងករណីដែលសង្ស័យថា
មានករណីពុករលួយ។ ក៏ប៉ុន្តែ ការប្រើប្រាស់ថវិកាជាតិនៅរយៈពេល
១០ឆ្នាំចុងក្រោយ ឬពីរអាណត្តិចុងក្រោយនេះ
បែរជាត្រូវសង្គមស៊ីវិលរកឃើញថា មានតម្លាភាពដ៏តិចតួចបំផុត។នាយកប្រតិបត្តិវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO
FURUM) លោក ឈិត សំអាត មានប្រសាសន៍ថា តម្លាភាព
ឬភាពបើកចំហនៃព័ត៌មានថវិកាជាតិ ជាប្រការដ៏សំខាន់បំផុត
ដែលញ៉ាំងឲ្យប្រជាពលរដ្ឋទុកចិត្តលើរាជរដ្ឋាភិបាល។ លោកបន្តថា
ពលរដ្ឋគ្រប់រូបបានបង់លុយពន្ធអាករឲ្យរដ្ឋ
ដើម្បីទទួលបានមកវិញនូវសេវាសាធារណៈ និងការគាំពារសង្គមដ៏ប្រសើរ។
ហេតុនេះ ពួកគាត់មានសិទ្ធិត្រូវតែដឹងថា
លុយដែលពួកគាត់បង់ចូលរដ្ឋមានប៉ុន្មាន? ចាយលើអ្វីខ្លះ
ហើយការចាយវាយទាំងនោះមានផលប៉ះពាល់អ្វីខ្លះដល់ប្រយោជន៍ជាតិ
និងអនាគតកូនចៅជំនាន់ក្រោយ?
លោកបញ្ជាក់ថា គិតមកដល់ពេលនេះ
ព័ត៌មានថវិកាជាតិមិនទាន់ត្រូវបានផ្សព្វផ្សាយឲ្យទូលំទូលាយនោះឡើយ
ឬអាចនិយាយបានថា កម្ពុជា ជាប្រទេសដែលរឹតត្បិតព័ត៌មានថវិកាជាតិ៖ «អ៊ីចឹង
កាលណាព័ត៌មានតិចតួច បញ្ជាក់បានថា
ការចូលរួមរបស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ គឺបានន័យថា
មិនបានចូលរួមឲ្យបានពេញលេញ។ នៅប្រទេសផ្សេងៗ
គេចាំអបអរសាទរពេលអនុម័តច្បាប់ថវិកាជាតិ លុយគេដែលចូលបង់ពន្ធ
ថាលុយគាត់បង់ពន្ធបានប៉ុន្មាន យកទៅធ្វើអី
ហើយការធ្វើអីហ្នឹងអាចជួយឲ្យដល់ប្រជាពលរដ្ឋទេ?
ការពារសិទ្ធិរបស់ពលរដ្ឋទេ គោរពយុត្តិធម៌ទេ? អ៊ីចឹង
គឺមានសារសំខាន់ណាស់សម្រាប់ការចូលរួមរបស់ប្រជាជន»។
របាយការណ៍អំពីតម្លាភាព
ឬភាពបើកចំហព័ត៌មាននៃថវិកាជាតិរបស់វេទិកាអង្គការមិនមែន
រដ្ឋាភិបាល ស្ដីពីកម្ពុជា បានសិក្សាលើរបាយការណ៍មួយចំនួន រួមមាន ទី១
របាយការណ៍បុរេថវិកា
ឬការផ្តល់ព័ត៌មានពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឆ្នាំមុន ឆ្នាំនេះ
និងព្យាករសម្រាប់ឆ្នាំថវិកា ឬឆ្នាំសារពើពន្ធបន្ទាប់
ដែលភ្ជាប់នឹងគោលនយោបាយរបស់រដ្ឋ។ ទី២
សេចក្តីព្រាងច្បាប់ថវិកាជាតិប្រចាំឆ្នាំ
ជាឧបករណ៍ដែលរដ្ឋាភិបាលបង្ហាញពីរបៀបគ្រោងប្រមូលចំណូល តាមរយៈពន្ធ
និងប្រភពផ្សេងទៀត
ព្រមទាំងចំណាយសម្រាប់គាំទ្រវិស័យអាទិភាពរបស់ខ្លួន
ដើម្បីបម្លែងគោលនយោបាយឲ្យទៅជាសកម្មភាព។ ទី៣
ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
ឬច្បាប់ថវិកាជាតិ។ ទី៤ ឯកសារថវិកាសម្រាប់ប្រជាពលរដ្ឋ
គឺជារបាយការណ៍បង្ហាញដែលងាយយល់មិនមានលក្ខណៈបច្ចេកទេស
អាចជួយឲ្យសាធារណជនអាចយល់ដឹងពីផែនការចំណូលចំណាយ
និងមូលនិធិសាធារណៈរបស់ប្រជាពលរដ្ឋ។ ទី៥ របាយការណ៍ក្នុងឆ្នាំ
ជារបាយការណ៍សង្ខេបពីប្រសិទ្ធភាពនៃការអនុវត្តថវិកានៅក្នុងឆ្នាំ។
ទី៦ របាយការណ៍ពាក់កណ្ដាលឆ្នាំ
របាយការណ៍នេះផ្តល់ព័ត៌មានដែលអាចឲ្យគេវាយតម្លៃពីស្ថានភាព
សារពើពន្ធរបស់រាជរដ្ឋាភិបាល
ធៀបនឹងផែនការដែលបានដាក់ចេញនៅក្នុងច្បាប់ថវិកា។
វានឹងអនុញ្ញាតឲ្យរដ្ឋាភិបាល ស្ថាប័ននីតិប្បញ្ញត្តិ និងសាធារណជន
អាចកំណត់បានថា តើគួរមានការកែតម្រូវ ឬយ៉ាងណា
ទាក់ទិននឹងចំណូលចំណាយ ឬកម្ចីនៅក្នុងពេល
៦ខែចុងក្រោយក្នុងឆ្នាំនីមួយៗ។ ទី៧ របាយការណ៍បំណាច់ឆ្នាំ
ជារបាយការណ៍ដែលផ្តល់ព័ត៌មានឲ្យសាធារណជន
និងអ្នកធ្វើគោលនយោបាយអំពីគោលនយោបាយពន្ធ កាតព្វកិច្ចបំណុល
និងអាទិភាពចម្បងៗសម្រាប់ថវិកាជាតិនាឆ្នាំខាងមុខ។ ទី៨
របាយការណ៍សវនកម្ម
គឺជាការវាយតម្លៃឯករាជ្យមួយលើគណនីនានារបស់រដ្ឋាភិបាល
មានការប្រមូលចំណូល និងចំណាយ ដោយស្ថាប័នសវនកម្មកំពូលរបស់ជាតិ។
តាមរយៈការសិក្សាលើរបាយការណ៍ទាំង ៨នេះ នៅឆ្នាំ២០០៨ ឆ្នាំ២០១០
និងឆ្នាំ២០១២ វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា
បានរកឃើញថា កម្ពុជា
ជាប្រទេសផ្សព្វផ្សាយព័ត៌មានស្ដីពីថវិកាមិនគ្រប់គ្រាន់។
ក្នុងឆ្នាំ២០០៨ កម្ពុជា ទទួលបានពិន្ទុ១១ លើ១០០។ ឆ្នាំ២០១០ កម្ពុជា
ទទួលបានពិន្ទុចំនួន ២០ លើ ១០០ និងឆ្នាំ២០១២ កម្ពុជា បានពិន្ទុ ១៥ លើ
១០០។ ក្នុងបញ្ហាព័ត៌មានតម្លាភាពថវិកានៅតំបន់អាស៊ីអាគ្នេយ៍ កម្ពុជា
ជាប្រទេសអន់បំផុតលំដាប់ទី២ បន្ទាប់ពីភូមា។
សង្គមស៊ីវិលក៏បានរកឃើញថា
ប្រជាពលរដ្ឋសាមញ្ញមិនបានដឹងទាល់តែសោះពីព័ត៌មានថវិកាជាតិ
ព្រោះតែរដ្ឋាភិបាលមិនបានបោះផ្សាយរបាយការណ៍សម្រាប់ប្រជាពលរដ្ឋ។
ចំពោះរបាយការណ៍ផ្សេងៗទៀតដែលរដ្ឋាភិបាលបោះផ្សាយ
ភាគច្រើនជារបាយការណ៍យឺតពេល
មានចរិតលាក់បាំងបម្រើតែការងារផ្ទៃក្នុង
និងដាក់ឲ្យស្ថិតនៅរប៉ាត់រប៉ាយពិបាករក។អាជីវករលក់ខោអាវនៅម្តុំផ្សារអូរឫស្សី លោកស្រី សេង សុភា ប្រាប់ថា
រូបគាត់មិនបានដឹងថាប្រាក់ពន្ធ និងភាស៊ីដែលបង់រាល់ថ្ងៃហ្នឹង
ត្រូវរាជរដ្ឋាភិបាលយកធ្វើអីនោះទេ។ លោកស្រីបន្តថា
គាត់គ្រាន់តែឮថា រដ្ឋាភិបាលជំពាក់បំណុលគេច្រើន
ហើយពលរដ្ឋត្រូវបង់ពន្ធ។ ហេតុនេះ រូបគាត់ គឺគ្មានជម្រើស។ចំណែកឯពលរដ្ឋម្នាក់ទៀត ដែលរត់ម៉ូតូឌុបជាប់របងសភា ឈ្មោះ ម៉េង
ម៉ៅ ក៏បានប្រាប់ថា រូបគាត់មិនដឹងថា រដ្ឋសភាធ្វើអ្វីខ្លះទេ
ហើយក៏រឹតតែមិនដឹងទៀតថា
ច្បាប់ថវិកាជាតិមានប្រយោជន៍ចំពោះពលរដ្ឋក្រីក្រដូចគាត់
ឬយ៉ាងណាឡើយ។ទាក់ទងនឹងតម្លាភាពក្នុងការផ្តល់ព័ត៌មានថវិកាជូនប្រជាពលរដ្ឋ
អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា
នៅរយៈពេលពីរអាណត្តិចុងក្រោយនេះ
រដ្ឋាភិបាលបានកសាងឯកសារគតិយុត្តិបានច្រើនគួរសម
ដែលអាចធានាឲ្យចំណូល និងចំណាយរបស់រដ្ឋប្រកបដោយប្រសិទ្ធភាព។
ប៉ុន្តែ យន្តការទាំងអស់ គឺមិនត្រូវបានប្រើប្រាស់ទេ
ដោយសារតែបញ្ហាបក្ខពួកនិយម
និងអំណាចប្រមូលផ្តុំក្នុងស្ថាប័ននីមួយៗ។ លោកបន្តថា
ពលរដ្ឋត្រូវព្យាយាមចូលរួម និងហ៊ានទាមទារឲ្យអាជ្ញាធរមូលដ្ឋាន
ផ្តល់សិទ្ធិចូលរួមឲ្យពួកគាត់រាល់សកម្មភាពប្រជុំក្រុមប្រឹក្សា
ឃុំសង្កាត់ ស្រុក ខណ្ឌ
និងតាមដានរាល់ការដេញថ្លៃគម្រោងអភិវឌ្ឍន៍នានា។
លោកបញ្ជាក់ថា ទាំងចំណូល និងចំណាយ ថវិកាជាតិ គឺអាចនិយាយបានថាមានមិនសូវមានតម្លា៖ «អាទិភាព
នៃការចាយវាយវានៅលើបបូរមាត់អ្នកមានអំណាច
អ៊ីចឹងលទ្ធភាពនៃការប្រមូលពន្ធហ្នឹងមានប្រសិទ្ធភាពប៉ុណ្ណា
បើគេកំណត់មួយឆ្នាំៗប៉ុន្មានពាន់លានរៀល
បើគេប្រមូល១ខែបានប៉ុណ្ណឹង ហើយ ១១ខែទៀតគេទុកលុយចាយខ្លួនឯង។
យកទៅចាយវាយអ៊ីចឹងដែរ បញ្ជីធ្វើស្អាត តែចាយវាយចំអត់ គឺអត់ទេ។
សួរទៅបុគ្គលិករដ្ឋ អ្នកណាក៏ដឹងដែរថា
ប្រាក់បេសកកម្មបានយ៉ាងច្រើន ៦០% ទេ បើមេនៅកន្លែងហ្នឹង មានឡាន៣
គឺចាក់ពេញៗទាំងបី ហើយបុគ្គលិកចង់ចុះបេសកកម្មថាអស់សាំងបាត់ហើយ»។
បើតាមច្បាប់ការទូទាត់ថវិកាជាតិ តាំងពីឆ្នាំ២០០៤
រហូតដល់ឆ្នាំ២០១៣ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូល
និងចំណាយទៅវិញក្នុងរង្វង់ទឹកប្រាក់ប្រមាណជាង ៦សែនលានលានរៀល
ឬប្រហាក់ប្រហែលនឹងជាង ១ម៉ឺន ៦ពាន់លានដុល្លារ។
សង្គមស៊ីវិលប្រាប់ថា លុយបានមកពីម្ចាស់ជំនួយនានា ទាំងឲ្យខ្ចី
និងជំនួយឥតសំណង មានចំនួន ៩ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០១០។
តាមច្បាប់ទូទាត់ថវិកាជាតិ បង្ហាញថា រយៈពេល ១០ឆ្នាំចុងក្រោយនេះ
រាជរដ្ឋាភិបាលរកចំណូល
និងចាយវាយសុទ្ធតែលើសផែនការជារៀងរាល់ឆ្នាំ។ ហើយនៅឆ្នាំ២០១៣ នេះ
រាជរដ្ឋាភិបាលមានទុនបម្រុងបរទេស
ឬប្រាក់សម្រាប់ដែលរដ្ឋផ្ញើទុកនៅបរទេសប្រមាណជាង
៤ពាន់លានដុល្លារថែមទៀត។ចំណែកឯតួលេខនៃបំណុលបរទេសវិញ
មិនត្រូវបានរដ្ឋាភិបាលបង្ហាញជាសាធារណៈ ឲ្យពលរដ្ឋដឹងទេ។ ក៏ប៉ុន្តែ
តាមសេចក្តីព្រាងច្បាប់ថវិការយៈពេល ១០ឆ្នាំ ចុងក្រោយបញ្ជាក់ថា
សភាអនុញ្ញាតឲ្យរដ្ឋាភិបាលខ្ចីប្រាក់ក្នុងរង្វង់ទឹកប្រាក់ ៣ពាន់
១០០លាន (អែស.ឌី.អរ = SDR) ឬជិត ៥ពាន់លានដុល្លារ។ កាលពីពេលអនុម័តច្បាប់ថវិកាជាតិឆ្នាំទៅ
តំណាងរាស្ត្រគណបក្សប្រឆាំងបានលើកឡើងថា កម្ពុជា ជាប់បំណុលបរទេសជាង
៧ពាន់លានដុល្លារ តែអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ លោក គាត ឈន់ តបវិញថា បំណុលដែលកម្ពុជា
ជំពាក់មានប្រមាណជាង ៤ពាន់លានដុល្លារ
ហើយក៏មិនទាន់ជាបញ្ហាចោទនោះដែរ។ ចំពោះបញ្ហាជំពាក់បំណុលបរទេសនេះ
នាយកប្រតិបត្តិវេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា លោក ឈិត
សំអាត ព្រមានថា
បើសិនជាព័ត៌មានស្ដីពីថវិកាជាតិនៅតែមិនមានតម្លាភាពនោះ
ពលរដ្ឋនឹងមិនបានត្រៀមខ្លួនជាមុនសោះឡើយ ដើម្បីសងបំណុលបរទេស។
លោកបន្តថា
រដ្ឋាភិបាលជាអ្នកចេញមុខខ្ចីលុយបរទេសមកវិនិយោគលើវិស័យសាធារណៈ
ដូចជាស្ថាបនាប្រព័ន្ធធារាសាស្ត្រ ស្ដារហេដ្ឋារចនាសម្ព័ន្ធនានា។ល។
ដើម្បីបានលុយសងបំណុល រាជរដ្ឋាភិបាលអាណត្តិក្រោយៗទៀត នឹងដំឡើងពន្ធ
ឬលក់ធនធានធម្មជាតិ ហើយចុងក្រោយអ្នកដែលរងប៉ះពាល់
គឺរាស្ត្រខ្មែរទាំងនគរ។ លោក ឈិត សំអាត នៅតែទទូចឲ្យរាជរដ្ឋាភិបាល
បើកចំហព័ត៌មានពីថវិកាជាតិឲ្យបានទូលំទូលាយជាងនេះ
ដើម្បីប្រយោជន៍ជាតិ៖ «អាខ្ចីគេអាវុធមុខពីរហ្នឹង
តែយើងរកចំណូលមិនឃើញ ហើយគេចាប់ផ្ដើមប្រាប់យើងហើយ
ធ្វើនេះៗអ៊ីចឹង កាលមុនឃើញពន្ធលើអចលនទ្រព្យ ឥឡូវមានហើយ តែខ្វះ
គេដំឡើងពន្ធហើយ ប្រជាជនហ្នឹងមានកាតព្វកិច្ចហើយ គឺបង់ពន្ធ។ ពេលនោះ
គឺចាប់ផ្ដើមហើយទំនិញឡើងថ្លៃ វាប៉ះពាល់បន្តគ្នាអ៊ីចឹង
យើងចង់ឲ្យមានការអភិវឌ្ឍ ប៉ុន្តែអភិវឌ្ឍដើម្បីឲ្យមានប្រសិទ្ធភាព។
ដើម្បីឲ្យមានប្រសិទ្ធភាពបាន លុះណាតែមានតម្លាភាព
លុះណាតែមានការចូលរួម មិនមែនសង្គមស៊ីវិលយើងនិយាយទេ
សូម្បីតែរដ្ឋាភិបាលក៏និយាយដែរ នៅក្នុងគោលនយោបាយអភិបាលកិច្ចល្អ
ក៏និយាយរឿងនេះដែរ»។
ក្នុងការបង្កើនតម្លាភាពថវិកាជាតិ វាអាស្រ័យលើភាពខ្លាំង
ឬខ្សោយនៃស្ថាប័នសវនកម្មជាតិ និងស្ថាប័នរដ្ឋសភា។
អាជ្ញាធរសវនកម្មជាតិ
ជាស្ថាប័នសាធារណៈមួយដែលឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារ
និងមានភារកិច្ចអនុវត្តមុខងារសវនកម្មផ្ទៃក្រៅរបស់រាជរដ្ឋាភិបាល។
តាមច្បាប់ស្ដីពីការបង្កើតអាជ្ញាធរសវនកម្មជាតិ មាត្រា២ មាត្រា៣
មាត្រា២៩ និងមាត្រា៣៧ បង្រួមសេចក្តីថា
អាជ្ញាធរសវនកម្មជាតិមាននាទីធ្វើសវនកម្ម
និងផ្សព្វផ្សាយរបាយការណ៍សវនកម្មក្នុងករណីចាំបាច់។
ក្នុងពេលបំពេញការងារជាង ១០ឆ្នាំ
អង្គភាពត្រួតពិនិត្យមួយនេះបានចេញរបាយការណ៍សវនកម្មជាសាធារណៈតែ
២ដងគត់ គឺរបាយការណ៍សវនកម្មលើការអនុវត្តថវិកាឆ្នាំ២០០៦
ដែលផ្សាយជាសាធារណៈតាមគេហទំព័រនៅក្នុងខែកញ្ញា ឆ្នាំ២០០៩
និងរបាយការណ៍សវនកម្មលើការអនុវត្តថវិកាឆ្នាំ២០០៧
ដែលផ្សាយជាសាធារណៈនៅឆ្នាំ២០១១។ សង្គមស៊ីវិល ហៅរបាយការណ៍ទាំងពីរនេះថា ជារបាយការណ៍ហួសពេល និងគ្មានឥទ្ធិពល។វិទ្យុអាស៊ីសេរី
មិនអាចសុំការបំភ្លឺពីប្រធានអាជ្ញាធរសវនកម្មជាតិ អ្នកស្រី សោម
គីមសួហ៌ បានទេ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣។ រីឯស្ថាប័នរដ្ឋសភាវិញ ក៏ត្រូវបានសង្គមស៊ីវិលរកឃើញថា
រដ្ឋសភាពិបាករកព័ត៌មានថវិកាគ្រប់គ្រាន់សម្រាប់ធ្វើការពិភាក្សាបែប
វិភាគ ឬការជជែកដេញដោលគ្នាពីការគ្រប់គ្រងមូលនិធិសាធារណៈ។ របាយការណ៍ឃ្លាំមើលអ្នកតំណាងរាស្ត្ររបស់អង្គការ ខុមហ្វ្រែល
(Comfrel) ដែលអង្កេតរដ្ឋសភាពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០១២
បានបង្ហាញថា រដ្ឋសភាក៏ជាទីដែលអ្នកតំណាងរាស្ត្រពិបាកសួរដេញដោល
ក្នុងពេលដែលមន្ត្រីរដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
មកឆ្លើយបំភ្លឺក្នុងសភា។
នៅក្នុងកិច្ចប្រជុំអនុម័តសេចក្តីព្រាងថវិកាជាតិ
កាលពីថ្ងៃទី១២ វិច្ឆិកា
នៅក្នុងរដ្ឋសភាដែលគ្មានវត្តមានបក្សប្រឆាំង
បានប្រជុំអនុម័តច្បាប់ថវិកាជាតិទាំងតក់ក្រហល់
ដោយមិនពិភាក្សាបន្តិចឡើយជាមួយពលរដ្ឋ
និងសង្គមស៊ីវិលដែលធ្វើការក្នុងរឿងនេះ។
រាល់ឯកសារសេចក្តីព្រាងច្បាប់ថវិកាជាតិ
ក៏រដ្ឋសភាមិនបានចែកជូនអ្នកកាសែតដែលចុះទៅយកព័ត៌មាននៅទីនោះ
ដែរ ដោយបុគ្គលិករដ្ឋសភាប្រាប់ថា
មិនមានក្រដាសគ្រប់គ្រាន់សម្រាប់ថតចម្លង។វេទិកាអង្គការមិនមែនរដ្ឋាភិបាល ដែលតាមដានរឿងរ៉ាវថវិកាជាតិ
ឲ្យដឹងថា ខ្លួនបានដាក់សំណើជាលាយលក្ខណ៍អក្សរទៅកាន់រដ្ឋសភា
ដើម្បីសុំសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៣ ពីរដងរួចហើយ
ប៉ុន្តែរដ្ឋសភាបែរជាមិនតបវិញសោះ។សង្គមស៊ីវិលកត់សម្គាល់ថា
ក្នុងរយៈពេលដែលព័ត៌មានស្ដីពីថវិកាជាតិមិនត្រូវបានប្រជាពលរដ្ឋយល់
ដឹងទូលំទូលាយនោះ នៅពីរអាណត្តិចុងក្រោយនេះ ធនធានធម្មជាតិ
ទ្រព្យសម្បត្តិរដ្ឋជាច្រើនកន្លែង
ត្រូវបានរាជរដ្ឋាភិបាលប្រគល់ឲ្យក្រុមហ៊ុនឯកជនក្រោមហេតុផល
អភិវឌ្ឍន៍។ ហើយមិនថាតែពលរដ្ឋនៅកន្លែងដទៃទេ
ដែលមិនបានដឹងពីគម្រោងការនៃការអភិវឌ្ឍទាំងនោះ
សូម្បីតែអ្នកប៉ះពាល់ផ្ទាល់
អាជ្ញាធរមូលដ្ឋានកន្លែងខ្លះបានត្រឹមតែមើលសេចក្តីជូនដំណឹងរបស់
ទីស្ដីការគណៈរដ្ឋមន្ត្រី ឬ ស.ជ.ណ តែប៉ុណ្ណោះ។រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជនចំនួន
ជាង ២លានហិកតារ នៅទូទាំងប្រទេស
ផ្តល់សិទ្ធិឲ្យក្រុមហ៊ុនមួយចំនួនសិក្សាពីរ៉ែនៅលើដីខ្មែរ
ប៉ុន្តែព័ត៌មានស្ដីពីការរកស៊ីទាំងនោះ
ត្រូវដាក់ឲ្យស្ថិតជាអាថ៌កំបាំង។ នៅអាណត្តិទី៥ នេះ រាជរដ្ឋាភិបាល
សន្យាថា
នឹងប្ដេជ្ញាចិត្តសម្រេចឲ្យបាននូវការបង្កើតច្បាប់ស្ដីពីសិទ្ធិ
ទទួលបានព័ត៌មាន ដើម្បីបំពេញសេចក្តីត្រូវការជូនពលរដ្ឋ ឬហៅថា
ជាផ្នែកមួយនៃកំណែទម្រង់ស៊ីជម្រៅ។ ប៉ុន្តែ
តើជាការកែទម្រង់ស៊ីជម្រៅមែនទេ នៅពេលដែលព័ត៌មាននៃការប្រមូល
និងចាយថវិកាជាតិ មិនត្រូវបានពលរដ្ឋយល់ដឹងទូលំទូលាយនោះ?
ប្រភព RFA
0 comments:
Post a Comment