បុគ្គលិកផ្នែកចុងភៅ និងផ្នែកលាងចានជាង ២០នាក់
នៅសណ្ឋាគារឋានសួគ៌បូកគោ ក្នុងខេត្តកំពត ត្រូវគេបញ្ឈប់ពីការងារ។
ការបញ្ឈប់នេះ ត្រូវបានពួកគេចាត់ទុកថា
ធ្វើឡើងពុំបានអនុវត្តតាមច្បាប់ការងារ
និងផ្ទុយពីលក្ខខណ្ឌដែលមានចែងក្នុងក្រុមហ៊ុន។
ប៉ុន្តែអ្នកគ្រប់គ្រងផ្នែកធនធានមនុស្សរបស់ឋានសួគ៌បូកគោបដិសេធថា
បុគ្គលិកទាំងនេះមិនទាន់បានបញ្ឈប់នៅឡើយទេ។
បុគ្គលិកដែលបម្រើការផ្នែកចុងភៅ និងលាងចានក្នុងក្រុមហ៊ុនរបស់លោក
សុខ គង់ ដែលវិនិយោគនៅលើភ្នំបូកគោ ទាមទារឲ្យស្ថាប័នមួយនេះ
ពន្យល់ពីមូលហេតុនៃការបញ្ឈប់ពួកគេឲ្យបានច្បាស់លាស់
និងគប្បីអនុវត្តតាមច្បាប់ការងារមុននឹងបណ្ដេញពួកចេញ។
ប្រធានផ្នែកចុងភៅនៅលើភ្នំបូកគោ លោក គុយ សុខគង់
ឲ្យដឹងនៅថ្ងៃទី២៣ កុម្ភៈ ថា បុគ្គលិកដែលមានផ្នែកខុសៗគ្នា
ដូចជាផ្នែកលាងចាន និងផ្នែកចុងភៅ
ត្រូវបានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនឋានសួគ៌បូកគោបញ្ឈប់ដោយឆៅៗ
ហើយពុំមានសំណងណាមួយឡើយ។
លោក គុយ សុខគង់ ធ្លាប់បម្រើការជាចុងភៅឲ្យក្រុមហ៊ុនរបស់លោក សុខ
គង់ អស់រយៈពេលជាង ២ឆ្នាំកន្លងមកហើយ។ លោកបន្តថា
ពួកលោកទាមទារឲ្យភាគីក្រុមហ៊ុនត្រូវបង្ហាញពីផ្លូវច្បាប់ដោយ
តម្លាភាពចំពោះការបញ្ឈប់ដែលអនុវត្តផ្ទុយពីលក្ខខណ្ឌ
ដូចដែលមានចែងនៅក្នុងក្រុមហ៊ុន។
បុគ្គលិកជាង ២០នាក់ ទាំងផ្នែកលាងចាន និងចុងភៅនេះ
ត្រូវបានភាគីក្រុមហ៊ុនបញ្ឈប់ភ្លាមៗជាបន្តបន្ទាប់។
មូលហេតុដែលឈានដល់ការបញ្ឈប់នេះ
ក្រោយពីគ្រូពេទ្យប្រចាំសណ្ឋាគារឋានសួគ៌បូកគោធ្វើតេស្តឈាមរកឃើញ
ថា ពួកគេមានមេរោគថ្លើម កាលពីជាងមួយសប្ដាហ៍កន្លងទៅ។
ចំណែកបុគ្គលិកម្នាក់ទៀត
ក្នុងចំណោមអ្នកដែលត្រូវគេបញ្ឈប់ដែរនោះ លោក យ៉េង នុត ចាត់ទុកថា
ការបញ្ឈប់នេះធ្វើឡើងដោយតក់ក្រហល់
និងពុំបានអនុវត្តតាមលក្ខន្តិកៈរបស់ក្រុមហ៊ុនម្ដងណាឡើយ។ ហេតុនេះ
ពួកគេទាមទារឲ្យភាគីក្រុមហ៊ុនរបស់លោក សុខ គង់
គប្បីទទួលខុសត្រូវក្នុងរឿងនេះ។
លក្ខន្តិកៈរបស់សណ្ឋាគារឋានសួគ៌បូកគោ បានចែងថា
ក្រោយពេលកម្មករនិយោជិកក្លាយជាបុគ្គលិកពេញសិទ្ធិនៅសណ្ឋាគារ
ដែលមានរយៈពេលខ្លី អាចមានសិទ្ធិឈប់សម្រាកព្យាបាលជំងឺរយៈពេល
៧ថ្ងៃដោយមានប្រាក់ឈ្នួល
តែត្រូវមានលិខិតបញ្ជាក់ពីគ្រូពេទ្យដែលតែងតាំងពីសណ្ឋាគារ។
លើសពីនេះ ច្បាប់សម្រាករយៈពេលយូរថ្ងៃវិញ បានកំណត់ថា
បុគ្គលិកអាចមានសិទ្ធិឈប់រយៈពេល ១ខែ
ចំពោះច្បាប់ឈឺដែលមានលិខិតអនុញ្ញាតពីគ្រូពេទ្យ
ឬគ្រូពេទ្យដែលតែងតាំងរបស់សណ្ឋាគារ
ហើយស្ថាប័ននឹងបើកប្រាក់ខែរយៈពេល ១ខែពេញ សម្រាប់ខែទីមួយ។
ចំណែកខែទីពីរ និងខែទីបីវិញ បើកជូន
៦០ភាគរយនៃប្រាក់ខែរបស់បុគ្គលិក។ ចំពោះខែទីបួន ដល់ខែទីប្រាំមួយ
ឈប់បើកឲ្យ ប៉ុន្តែនៅជាបុគ្គលិក។ លើសពីនេះ
បើសិនបុគ្គលិកឈប់សម្រាកព្យាបាលជំងឺរយៈពេលលើសពី ៦ខែ
សណ្ឋាគារមានសិទ្ធិបញ្ឈប់បុគ្គលិកនោះស្របតាមច្បាប់ការងារ។
ចំណែកបុគ្គលិកផ្នែកធនធានមនុស្សរបស់សណ្ឋាគារឋានសួគ៌បូកគោ
ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ
បានឆ្លើយតបចំពោះបញ្ហានេះ ដោយអះអាងថា
ត្រូវរង់ចាំការដោះស្រាយជាមុនសិន។
យ៉ាងណាបុគ្គលិកដែលត្រូវបញ្ឈប់មួយចំនួនថ្លែងថា
ក្នុងចំណោមបុគ្គលិកជាង ១ពាន់នាក់ទៀត
ក៏នឹងត្រូវប្រឈមការបញ្ឈប់ទៀតដែរ
ព្រោះកំពុងស្ថិតក្នុងដំណាក់កាលនៃការធ្វើតេស្តឈាមនៅឡើយទេនៅពេល
នេះ ហើយការបញ្ឈប់នេះនឹងត្រូវធ្វើឡើង
បើសិនជាត្រូវគេរកឃើញថា មានមេរោគថ្លើមដែរនោះ។
លោក មឿន តុលា
ប្រធានកម្មវិធីសិទ្ធិការងារមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍
ចាត់ទុកថា
ប្រសិនបើការបញ្ឈប់នោះស្ថិតក្រោមហេតុផលបុគ្គលិកមានកំហុសធ្ងន់ធ្ងរ
ឬថា
ស្ថាប័នក្ស័យធនហើយពុំមានលទ្ធភាពផ្តក់ការងារឲ្យកម្មករនិយោជិកបាន
នោះការបញ្ឈប់ដោយប្រការណាមួយក្នុងចំណោមនេះ គឺជារឿងត្រឹមត្រូវ។
ប៉ុន្តែបើការអនុវត្តនេះ ផ្ទុយពីលក្ខខណ្ឌទាំងនេះ លោកចាត់ទុកថា
គឺជាការរំលោភច្បាប់។
លោក មឿន តុលា បន្តថា
ហេតុនេះបើកម្មករនិយោជិកកើតទុកមិនសុខចិត្តអាចដាក់ពាក្យបណ្ដឹង
ប្រឆាំងសេចក្ដីសម្រេចនេះទៅស្ថាប័នពាក់ព័ន្ធនៅក្នុងតំបន់បាន។
មាត្រា ២១ ស្ដីពីច្បាប់ការងារចែងថា
នៅរាល់ពេលដែលទទួលឱ្យធ្វើការ ឬបញ្ឈប់កម្មករនិយោជិកណាម្នាក់
និយោជកត្រូវធ្វើសេចក្ដីប្រកាសជូនដំណឹងទៅក្រសួងទទួលបន្ទុកវិស័យ
ការងារ ហើយសេចក្ដីប្រកាសជូនដំណឹងនេះ
ត្រូវតែធ្វើជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ១៥ថ្ងៃយ៉ាងយូរ
បន្ទាប់ពីទទួលឱ្យធ្វើការ ឬបញ្ឈប់លែងឱ្យធ្វើការ។
ចំណែករយៈពេលនេះ ត្រូវកំណត់ឱ្យដល់ ៣០ថ្ងៃ ចំពោះសហគ្រាសកសិកម្ម៕
ប្រភព អាស៊ីសេរី
0 comments:
Post a Comment