Thursday, January 9, 2014

 ដោយ ប៉ែន បូណា
ជម្លោះ​នយោបាយ​រ៉ាំរ៉ៃ​ដែល​បាន​អូស​បន្លាយ​ជា​ច្រើន​ខែ បាន​ឈាន​ដល់​ការ​បង្ហូរ​ឈាម។ ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត មាន​មនុស្ស​យ៉ាង​ហោច​៦​នាក់​ស្លាប់ រាប់​សិប​អ្នក​រង​របួស​និង​ជា​ច្រើន​នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន។ នេះ​នៅ​មិន​ទាន់​រាប់​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ និង​ការ​ខូចខាត​ខាង​ស្មារតី​របស់​ពលរដ្ឋ​ ដែល​បាន​ឃើញ​ហេតុការណ៍​ហិង្សា​គួរ ​ឲ្យ​ព្រឺ​ខ្លាច​នោះ​ផង​ទេ។ ទាំងនេះ​គឺ​ជា​លទ្ធផល​នៃ​ទម្លាប់​អាក្រក់​៤​ប្រការ​របស់​អ្នក​នយោបាយ​ខ្មែរ​ គឺ ទម្លាប់​យក​ជីវិត​មនុស្ស​ជា​ដើម​ទុន ទម្លាប់​ប្រើ​កម្លាំង ទម្លាប់​មិន​ទទួល​ខុស​ត្រូវ និង​ការ​ពឹង​លើ​ឥទ្ធិពល​បរទេស។
កម្មកររងរបួស បន្ទាប់ពីការប៉ះទង្គិចគ្នារវាងបាតុករ និងកម្លាំងអាជ្ញាធរ នៅឯសួនឧស្សាហកម្មកាណាឌីយ៉ា នៅព្រឹកថ្ងៃសុក្រទី ៣មករាឆ្នាំ២០១៤។

ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បណ្តាញសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​បាន​ផ្តោត​ការចាប់អារម្មណ៍​មកលើ​ ឆាក​​​ប្រយុទ្ធ​គ្នា​ស្លា​ប់រស់​ជាថ្មីទៀត​នៅក្នុង​ប្រទេស​កម្ពុជា។ រូបភាព​ដែល​គេ​ពិពណ៌នា​អំពី​កម្ពុជា​ពេល​​​​​​នេះ​ មិន​ខុសពី​បណ្តា​ប្រទេស​ដែល​ កំពុងមាន​សង្គ្រាមស៊ីវិល​នោះ​ប៉ុន្មាន​ទេ។
ឆាកប្រយុទ្ធ​កាលពី​ថ្ងៃទី៤មករា​និង​ការដាក់​ពង្រាយ​ក្រុម​ទាហាន​ឈុត​ប៉ារ៉ា​ប្រដាប់អាវុធ​តាម​បណ្តោ​យ​​​ផ្លូវ​វ៉េងស្រេង ​គឺជា​ឈុត​ឆាក​ សង្គ្រាមយ៉ាងពិត។ ផ្លូវថ្នល់​ក្រាល​ដោយ​ដុំថ្ម ដំបង ដប​ទឹក និង​មាន​ផ្សែង​ហុយ​ទ្រ​លោម។ រថយន្តយោធា​ប្រដាប់​ដោយ​កាំភ្លើងយន្ត​ បើកបរ​ចុះឡើង​នៅតាម​បណ្តា​យ​ផ្លូវ​ ដែល​ជញ្ជាំង​អាគារ​នៅ​ជុំវិញ​នោះ​រង​ការ​ធ្លុះធ្លាយ​ ដោយ​គ្រាប់កាំភ្លើង​ និង​រង​ការបំផ្លាញ​ខ្ទេចខ្ទី​ ដោយ​កំហឹង​របស់​ក្រុមបាតុករ... នេះ​គឺជា​ឈុត​ឆាក​ដែល​គេ​ធ្លាប់តែ​ឃើញ​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ស៊ី​រី​ឬ​អា​ហ្វ​ហ្គា​នី​ស្ថាន តែ​ឥឡូវ​បានមក​លង​ប្រទេស​កម្ពុជា​សា​ជាថ្មី។

រាប់​ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត​មកមនុស្ស​យ៉ាងហោចណាស់៦នាក់​ស្លាប់ រាប់សិប​នាក់​រង​របួ​ស​​​​​និង​ច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​មន្ទីរឃុំឃាំង ។ រូបភាព​និង​តុល្យ​ការគួរ​ឲ្យ​ព្រឺ​ខ្លាច​ទាំង​​​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាងច្បាស់​ក្រឡែត​ នូវ​របៀប​ធ្វើ​នយោបាយ​ដ៏​ គ្រោះថ្នាក់​ដែល​គ្មានអ្វី​ប្រែ​ប្រួល​នៅឡើយ។ នោះ​គឺជា​នយោបាយ​ដែល​បញ្ចប់​ដោយ​ឈាម​និង​ទឹកភ្នែក​ និង​ជាពិសេស​ន​យោ​បាយ​យក​ ជីវិត​មនុស្ស​ធ្វើជា​ដើមទុន​នៅតែមាន​អត្ថិភាព​នៅឡើយ។​ ជាការ​ពិតណាស់ សេ​ណា​រី​យោ​នៃ​អំពើហិង្សា​ទាំងនេះ​ ត្រូវបាន​គេ​មើលឃើញ​តាំងពី​ដើមទី​ម្ល៉េះ ​ ហើយក៏​ត្រូវបាន​គេ​និយាយ​ឡើង​​​សឹក​បបូរមាត់​ទៅហើយ ប៉ុន្តែ ម្តង​ហើយ​ម្តងទៀត គណបក្ស​​ជាប់ឆ្នោត​ទាំងពីរ​ នៅតែ​បោះបង់​តុ​ចរចា ហើយ​មានៈ​រុញ​ស្ថានការណ៍​ទៅរក​អំពើ​ហិង្សា​​កាន់តែ​ធំទៅៗជា​លំដាប់។
ដើមចម​នៃ​បញ្ហា​នេះ​ត្រូវគេ​មើលឃើញថា ​បណ្តាលមកពី​ទម្លាប់​អាក្រក់៤ប្រកា​រ៖ ទី១ គឺ​ទម្លាប់​ធ្វើ​ន​យោ​បាយ​ដោយ​យកអាយុ​ជីវិត​មនុស្ស​ធ្វើជា​ដើមទុន។ ទី២ គឺ​ទម្លាប់​មិន​ទទួលខុសត្រូវ​ពោលគឺ​ទទួ​ល​​​​តែ​ត្រូវ តែ​មិន​ទទួលខុស។ ទី៣ គឺ​ទម្លាប់​ប្រើ​កម្លាំងបាយ​ មិន​ប្រើ​កម្លាំង​បញ្ញា និង​ទី៤ គឺ​ទម្លាប់​ពឹង​លើ​ឥទ្ធិពល​បរទេស​នៅ​ពីក្រោយ​ខ្នង ​ហើយ​ងាក​មក​ប្រយុទ្ធ​ ស្លាប់​រស់​រវាង​ខ្មែរ​គ្នាឯង។ ទម្លាប់​ទាំង​​៤​​ប្រ​​ការនេះ​ បាន​ស្តែងឡើង​យ៉ាងច្បាស់​រួចហើយ​នៅក្នុង​ ប្រវត្តិសាស្ត្រ​ខ្មែរ ប៉ុន្តែ វា​នៅតែ​មិនទាន់មាន​អ្វី​ប្រែប្រួល​នៅឡើយ​ទេ​រហូតមកដល់​បច្ចុប្បន្ន។
ជាទូទៅ នៅពេល​មាន​វិបត្តិ​នយោបាយ​ស្រាយ​មិន​ចេញ និង​នៅពេលដែល​បញ្ហា​កាន់តែ​ឡើងក​ម្តៅ អ្នក​​​​​​​នយោបាយ​មិនសូវ​ចេះ​ប្រើ​វិធី​ពន្លត់ភ្លើង​ទេ ប៉ុន្តែ ច្រើនតែ​ដុត​បន្ថែម​រហូតដល់​ឆេះ​រោលរាល​ពេញ​​បន្ទុក។ ពេលនោះ ម្នាក់ៗក៏​ក្រពុលមុខ ទប់​កំហឹង​លែង​បាន​ក៏​ផ្ទុះ​អំពើ​ហិង្សា​​បង្ហូរឈាម​តែម្តង។ រី​​ឯ​​​អ្នកនយោបាយ​វិញ ​ក៏​ផ្តើម​ទម្លាក់កំហុស​ដាក់គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​ជា​ទម្លាប់ដដែលៗក្នុង​ឆាកនយោបាយ​កម្ពុជា។
យ៉ាងណា​ក៏ដោយចុះ ក៏​អ្វីដែល​គ្រប់ភាគី​ត្រូវតែ​ច្បាស់លាស់​នោះ​គឺ អំពើហិង្សា​ទោះជា​ប្រព្រឹត្តឡើង​ដោយ​ក្រុមបាតុករ​ក្តី ​ឬ​ដោយ​សមត្ថកិច្ច​ ក្តី​ គឺជា​រឿង​ខុសច្បាប់។ ភាពច្បាស់លាស់​មួយទៀត​ដែល​គ្មាន​អ្នកណា​ប្រកែក​បានដែរ​នោះ ​គឺ​សមត្ថកិច្ច​ មិនអាច​ប្រើ​អាវុធ​ទៅលើ​ក្រុម​បាតុករ​​ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​បានឡើយ។ ភាពច្បាស់លាស់​ទាំងពីរ​នេះ​គឺជា​ជំនួយ​ស្មារតី​​យ៉ាងសំខាន់​ណាស់​ ក្នុងការ​ ចង្អុលមុខ​អ្នកទទួលខុសត្រូវ​ចំពោះ​អំពើហិង្សា​បង្ហូរឈាម​ដែល​បាន​កើតឡើង។

ក្នុងសង្គម​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋគេ​មិនអាច​អនុញ្ញាត​ឲ្យ​មាន​ហេតុការណ៍​បែបនេះ​ ​គ្មាន​អ្នក​ទទួ​ល​​​​​​ខុសត្រូវ​បាន ​ឡើយ ​ពីព្រោះ​ជីវិត​មនុស្ស​មិនមែនជា​ល្បែង​លេងសើច​ ឬក៏​ជា​ដើមទុន​សម្រាប់​ ការ​ដណ្តើម​អំណាច​របស់​អ្នកនយោបាយ​ឡើយ។ ឥឡូវនេះ ភាគី​នីមួយៗ​បាន​​ប្រើប្រាស់​ផ្លូវ​តុលាការ​ដូច​​គ្នា​ ដើម្បី​បង្ហាញ​ពី​បំណង ​ស្វែងរក​យុត្តិធម៌​របស់​ពួកគេ។ ប៉ុន្តែ ការប្រើប្រាស់​តុលាការ​ ទំនងជា​ដើម្បី​ការពារ​​​​​​​មហិច្ឆតា​នយោបាយ​របស់ខ្លួន​  ច្រើនជាង​ដើម្បី​បុព្វហេតុ​យុត្តិធម៌? ក្នុង​បរិបទ​នេះ ការស្វែង​រក​​​អ្នក​ទទួលខុសត្រូវ​ក្នុង​អំពើហិង្សា​នេះ​នៅតែ​ជា​រឿង​ស្មុគស្មាញ​ ដដែល។
ដូច្នេះ ដល់ពេល​ហើយ​ដែល​អ្នកនយោបាយ​ខ្មែរ​គួរតែ​ភ្ញាក់រលឹក ​ផ្លាស់ប្តូរ​របៀប​ធ្វើ​ នយោបាយ​ចាស់​គំរឹ​​ល​មួយចំនួន​ដូច​បានលើកឡើង​ខាងដើម​ជា​ចាំបាច់។ ការផ្លាស់ប្តូរ​ទម្លាប់​នេះ​មិន​ពិបាក​​សោះ​ ប្រ​សិន​​បើ​គេ​គ្រាន់តែ​គិត​ អាណិតអាសូរ​ដល់​ឈាម​ខ្មែរ។ ប៉ុន្តែ ប្រសិនបើ​មិនអាច​ប្តូរ​បានទេ​នោះ ប្រទេស​កម្ពុជា​គ្មាន​ថ្ងៃ​អាច​រកឃើញ​សុខសន្តិភាព​ពិតប្រាកដ​បានឡើយ៕



0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks