គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃប្រទេសកម្ពុជា
បានប្រកាសជាផ្លូវការនៅចុង សប្ដាហ៍នេះ ថាគណៈកម្មាធិការនេះ
នឹង«មិន»រៀបចំការបោះឆ្នោត តាមការទាមទាររបស់គណបក្សសង្គ្រោះជាតិនោះទេ
ខណៈរលកបាតុកម្មរៀបចំឡើងដោយគណបក្សប្រឆាំងមួយនេះ បានកើតឡើងយ៉ាងខ្លាំងក្លា។
ការបដិសេធរបស់ គ.ជ.ប. និងលោក ហ៊ុន សែន បន្តបន្ទាប់គ្នានេះបានបង្កឲ្យមានការអំពាវនាវទ្វេដងឲ្យមានបាតុកម្មជាទូទៅនិងទំហំធំមួយនៅទូទាំងប្រទេសប្រឆាំងនឹងរដ្ឋាភិបាលសព្វថ្ងៃដែលចេញមកពីរដ្ឋសភា«ឯកបក្ស» នៃគណបក្សប្រជាជនកម្ពុជា។
នយោបាយកម្ពុជា -កាលពីថ្ងៃសៅរ៍ទី២១ខែធ្នូឆ្នាំ២០១៣នេះអ្នកនាំពាក្យនិងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) លោក ទេព នីថា បានថ្លែងថា ច្បាប់បោះឆ្នោត
និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា
បានបញ្ជាក់តែពីនិតិវិធីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
តែមិនបានថ្លែងពីការរៀបចំឡើងវិញ នៃការបោះឆ្នោតនោះទេ។
ការរៀបចំការបោះឆ្នោតឡើងវិញអាចប្រព្រឹត្តិទៅបាន នៅក្នុងលក្ខខ័ណ្ឌតែមួយគត់
នោះគឺ «បន្ទាប់ពីសភាតំណាងរាស្ត្រត្រូវបានរំលាយ ដែលប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា មិនទាន់ធ្លាប់ជួបប្រទះបញ្ហានេះនៅឡើយ»។
លោកទេព នីថា បានបញ្ជាក់ទៀតថា «ដូច្នេះ គ្មានការបោះឆ្នោតសារឡើងវិញ តាមការទាមទាររបស់គណបក្សសង្គ្រោះជាតិ» នោះទេ។សេចក្ដីប្រកាសជាផ្លូវការរបស់ គ.ជ.ប.
បានធ្វើឡើងនៅក្រោយតែបន្តិចតែប៉ុណ្ណោះ
សេចក្ដីថ្លែងរបស់បុរសខ្លាំងនៃប្រទេសកម្ពុជា លោក ហ៊ុន សែន ដែលបានកាន់អំណាច
និងនៅអង្គុយលើកៅអីជានាយករដ្ឋមន្ត្រី តាំងពីជិត៣០ឆ្នាំមកហើយ។
កាលពីព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ កន្លងមកនេះ លោក ហ៊ុន សែន
បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមន្ទីររដ្ឋសភាជាតិថា ប្រទេសកម្ពុជា
មិនមានច្បាប់សម្រាប់រៀបចំ ការបោះឆ្នោតឡើងវិញនោះទេ។ ក្នុងឱកាសនោះដែរ
លោកនាយករដ្ឋមន្ត្រីដែលជ្រើសតាំងដោយរដ្ឋសភាឯកបក្សចេញពីគណបក្សប្រជាជនបានថ្លែងថា លោកនឹងមិនចុះចេញពីតំណែង តាមការទាមទាររបស់ក្រុមបាតុករ
និងគណបក្សប្រឆាំងឡើយ។ លោកបានចោទជាសំនួរថា «តើខ្ញុំបានធ្វើកំហុសអ្វី?»។
ទំនងជាបានប្រតិកម្មតបវិញ ទៅនឹងអ្វីដែលលោក ហ៊ុន សែន និងគ.ជ.ប.
លើកឡើងខាងលើនៅថ្ងៃអាទិត្យទី២២ខែធ្នូនេះ រលកបាតុកម្មនៅរាជធានីភ្នំពេញ
បានកើនឡើងកាន់តែខ្លាំង ដើម្បីទាមទារឲ្យខាងតែបាន នូវការបោះឆ្នោតឡើងវិញនិងតម្រូវឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី។
ក្រុមអ្នករៀបចំបាតុកម្ម ដែលភាគច្រើនស្និតនឹងគណបក្សសង្គ្រោះជាតិបានថ្លែងថាមនុស្សម្នាមិនតិចជាង៥សែននាក់បានប្រមូលគ្នាមកជួបជុំនៅទីលានប្រជាធិបតេយ្យ
និងចុះដើរតាមដងផ្លូវនានាប្រឆាំងនឹងរដ្ឋាភិបាល។ ក្រុមអ្នកស្និតនឹងរដ្ឋាភិបាល
គណបក្សប្រជាជនកម្ពុជា ក៏បានទទួលស្គាល់មានអ្នកចូលរួមច្រើនដែរ
តែថាពួកគេបានបញ្ជាក់មានចំនួនច្រើនដោយសារតែមានការរាប់បញ្ចូលទាំងបណ្ដាជន
ដែលនៅជាប់គាំងចរាចរណ៍ នៅតាមដងផ្លូវនោះផង។
ប៉ុន្តែការលើកឡើងពីចំនួនអ្នកចូលរួមខាងលើត្រូវបានក្រុមអ្នកឃ្លាំមើលឯករាជ្យថ្លែងបញ្ជាក់ថា
ជាទូទៅរាជធានីភ្នំពេញកម្រ នឹងមានការកកស្ទះចរាចរណ៍នៅពេលចុងសប្ដាហ៍នោះណាស់ហើយក៏រិតតែគ្មានការកកស្ទះនេះទៅទៀតប្រសិនបើបណ្ដាជនដឹងថាមានរលកបាតុកម្មនៅតាមដងផ្លូវ។
ប៉ុន្តែថាការលើកឡើងពីចំនួនរហូតដល់ ៥សែននាក់ វាដូចជាច្រើនពេក
ខណៈទីលានប្រជាធិបតេយ្យអាចទទួលបានមនុស្ស រវាងតែពី១ម៉ឺននាក់
ទៅ៣ម៉ឺននាក់ប៉ុណ្ណោះ៕
ប្រភព មនោរម្យ
0 comments:
Post a Comment