Monday, December 2, 2013

ភ្នំពេញ៖ លោក​ សោម ​អូន ​ប្រធាន​សហជីព​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២០​ខែវិច្ឆិកា​នេះ​ថា​កន្លងទៅ ​ថ្មីៗ​នេះ​សហជីព​កម្ពុជា​ដែលមាន​បី​សហភាព​ធំៗ​នៅ​កម្ពុជា​បាន​សហការគ្នា​ ដោយមាន​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO)​ជា​អ្នកសម្របសម្រួល​ឲ្យ​យើង​បាន​ទៅ​ ប្រជុំ​ដើម្បី​បង្កើត​នូវ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​សហជីព​ប្រទេស​ថៃ និង​សហជីព​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ការពារ​ពលករ​កម្ពុជា ដែល​ទៅធ្វើ​ការ​នៅ​ទីនោះ​។​

លោក​បញ្ជាក់ថា “​សំខាន់បំផុត គឺ​ការចុះហត្ថលេខា​នៃ​អនុស្សរណៈ​យោគយល់​នេះ គឺ​ដោយ​យើង​ផ្តោតទៅលើ​អនុសញ្ញា​អន្តរជាតិ របស់​អង្គការ​ពលកម្ម​អន្តរជាតិ ILO ដែល​តម្រូវ​ឲ្យ​ពលករ​គ្រប់​ប្រទេស​ទាំងអស់ គឺថា​ទៅធ្វើ​ការ​នៅទីណា​ក៏ដោយ គឺ​ត្រូវតែ​ទទួលបាន​នូវ​ការការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ពួកគាត់​”​។​

​លោក​បាន​បន្តថា​ដោយឡែក សម្រាប់​សហជីព​កម្ពុជា បាន​ទៅ​ទស្សនកិច្ច​ផ្ទាល់ នៅ​ខេត្ត​រ៉ាក់យ៉ង ប្រទេស​ថៃ ហើយ​ខេត្ត​រ៉ាក់យ៉ង​នេះ លោក​គិតថា ជា​ខេត្ត​មួយ​ដែលមាន​ពលករ​កម្ពុជា​យើង​ទៅធ្វើ​ការ​នៅ​ទីនោះ​ច្រើន ទាំង​ពលករ​ទៅ​ខុសច្បាប់ និង​ស្របច្បាប់ ហើយ​អ្វីដែល​លោក​ចាប់អារម្មណ៍​បំផុត នោះ​គឺ កម្មករ​យើង​ដែល​ធ្វើ​ការបម្រើ​នៅតាម​ទូក ដែល​គេ​ហៅថា​នេសាទ​ទូក​សមុទ្រ​។​នេះ គឺជា​ផ្នែក​មួយ​មានការ​ចាប់អារម្មណ៍​និង​ព្រួយបារម្ភ​ខ្លាំងណាស់​នៅពេល​ទៅ​ ឃើញ​ស្ថានភាព​ជីវិត​ពិត​របស់គាត់​ដែល​គាត់​ទៅធ្វើ​ការ​នៅ​ទីនោះ​។​វា​មាន​ លក្ខណៈ​គ្រោះថ្នាក់​ច្រើន​។​ប្រថុយប្រថាន​ច្រើន​ហើយ​ម្យ៉ាងទៀត​ប្រទេស​ថៃ​ មិនទាន់​មានច្បាប់​សម្រាប់​គ្រប់គ្រង​កម្មករ​នេសាទ​។​យើង​ក៏បាន​ទៅ​មើល​ កន្លែង​សិប្បកម្ម​កែច្នៃ​មួយចំនួន​ដែលមាន​កម្មករ​កម្ពុជា​ធ្វើការ​។

​លោក​បាន​ប្រាប់​បន្តទៀតថា​តាម​អ្វីដែល​យើង​បានធ្វើ​ទស្សនកិច្ច​នេះ អាច​វាយតម្លៃ​បាន​ថា ពលករ​យើង​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ មាន​បី​ផ្នែក គឺ​ទី​១. ពលករ​ទៅតាម​ក្រុមហ៊ុន​ស្របច្បាប់ គឺ​មិនសូវ​ជាមាន​បញ្ហា​ទេ ជា​ប្រភេទ​ពលករ​ដែលមាន​ការទទួល​ខុសត្រូវ​ច្រើន មាន​សុវត្ថិភាព និង​ការ​គាំពារ​បានល្អ​ច្រើន​, ទី​២. ពលករ​ទៅដោយ​មិនមាន​ក្រុមហ៊ុន​ច្បាស់លាស់ (​ទៅតាម​មេខ្យល់​) គឺអាច​ចែកចេញជា​ពីរ​ផ្នែក ទី​១. គាត់​ទៅធ្វើ​ការ​នៅតាម​សិប្បកម្ម​តូចៗ និង​ទី​២. គាត់​ទៅធ្វើ​នេសាទ​។ ដូចនេះ​កម្មករ​ទាំងបី​ផ្នែក​នេះ គឺ​កម្មករ​ផ្នែក​ទី​១. មិនសូវ​ជាមាន​បញ្ហា​ទេ​, ឯ​ទី​២. គឺ​កម្មករ​ដែល​ធ្វើការ​នៅតាម​សិប្បកម្ម ក៏​ជា​បញ្ហា​ដែរ គឺ​អត្ថប្រយោជន៍​ដែល​គាត់​ទទួលបាន មិន​ស្មើនឹង​កម្មករ​ថៃ​ទេ និង​លក្ខខណ្ឌ​ការងារ​របស់​ពួកគាត់​មិន​ត្រឹមត្រូវ គឺ​គ្មាន​កិច្ចសន្យា​ច្បាស់លាស់​ជាមួយ​ក្រុមហ៊ុន​, មួយទៀត យើង​ក្រឡេកមើល​កម្មករ​នេសាទ មាន​បញ្ហា​ធំ​មែនទែន ដោយសារ​គាត់​អត់​មាន​ប្រាក់ខែ​ទេ គឺ​ស៊ីប្រាក់​មួយឆ្នាំ​ម្ដង គឺ​អាស្រ័យទៅលើ​ក្រុមហ៊ុន​ជា​អ្នក​ឲ្យ​គាត់ បើ​ប្រៀបធៀប​ជាមួយ​កម្មករ​ដែល​ធ្វើការ​ក្នុងប្រទេស​យើង គឺ​កម្មករ​ក្នុងប្រទេស​ល្អ​ជាង​។​

​លោក សោម អូន បាន​បន្តថា សហជីប​រវាង​ប្រទេស​កម្ពុជា និង​ថៃ បានធ្វើការ​ជាមួយគ្នា​ប្រហែល​១​ឆ្នាំ​ហើយ ទម្រាំ​ឈានដល់​ការធ្វើ​អនុស្សរណៈ​យោគយល់ (MOU) ក្នុងការ​ជជែក​គ្នា​រវាង​សហ​ពី​ជ​ទាំងពីរ ដោយមាន​ការសម្របសម្រួល​ពី​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO)​។

​លោក​បញ្ជាក់ “​អីចឹង យើង​ឃើញថា រយៈពេល​មួយឆ្នាំ​ជាង​នេះ គឺ​ចុងក្រោយ​យើង​បាន​ជោគជ័យ​ទៅលើ​កិច្ចព្រមព្រៀង​មួយ ដែល​យើង​ធ្វើការ​ប្រជុំ​ពីរ​ថ្ងៃ យើង​ធ្វើ​ទស្សនកិច្ច​ពីរ​ថ្ងៃ​ហើយ​យើង​បាន​ឯកភាពគ្នា​ទាំងស្រុង ចុះ​អនុស្សរណៈ យោគយល់​គ្នា រវាង​សហជីព​កម្ពុជា​និង​សហជីព​ថៃ​។​អីចឹង​គោលបំណង​ជារួម​នៃ​អនុស្សរណៈ​ យោគយល់​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​ជួយ​ការពារ​កម្មករ​អន្តោរ​ប្រវេសន៍ មិន​ថា កម្មករ​កម្ពុជា កម្មករ​ថៃ ក៏ត្រូវ​បាន​ជួយ​”​។​

​លោក​បន្ថែមថា ជំហាន​ទី​១ យើង​បាន​បង្កើត​អនុស្សរណៈ​(MOU)​រួចហើយ ប៉ុន្តែ​ជំហាន​ទី​២​ត្រូវ​អនុវត្តន៍​អនុស្សរណៈ ឲ្យ​មាន​ប្រសិទ្ធភាព​។ ភាគី​ទាំងពីរ​ត្រូវបង្កើត​នូវ​យន្ដការ​មួយចំនួនទៀត ដើម្បី​ត្រួតពិនិត្យ​លើ​អនុស្សរណៈ​របស់​យើង​។ ដូច្នេះ សរុបមក​អ្វីដែល​យើង​ធ្វើ គឺ​ក្នុង​គោលបំណង​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ការពារ​ទៅ​ល់​ពលករ​របស់​យើង ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ទាំង​ខុសច្បាប់ ទាំង​ស្របច្បាប់​។​

​លោក​ឲ្យ​ដឹងថា គិតតែ​ខេត្ត​រ៉ាក់យ៉ង ពលករ​ដែល​គ្មាន​លិខិតឆ្លងដែន​ត្រូវបាន​ក្រសួង​ការងារ​ជួយ​ធ្វើ​សៀវភៅ​ការងារ បាន​ចំនួន​ប្រហែល ២​ម៉ឺន​នាក់ ហើយ​កម្មករ​ដែល​មិនទាន់​បានធ្វើ​មាន​ប្រហែល ៤​សែន​នាក់​៕









លោក​ សោម ​អូន ​ប្រធាន​សហជីព​កម្ពុជា​ សហការគ្នា​ដោយមាន​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO)​ជា​អ្នកសម្របសម្រួល​ឲ្យ​ យើង​បាន​ទៅ​ប្រជុំ​ដើម្បី​បង្កើត​នូវ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​សហជីព​ ប្រទេស​ថៃ និង​សហជីព​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ការពារ​ពលករ​កម្ពុជា

ប្រភពៈ សក្កដា បន្តពី ភូមិអច្ឆរិយៈ

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks