ហេតុអ្វីបានជាកងកម្លាំង គ្រប់គ្រងដោយរដ្ឋាភិបាលលោក ហ៊ុន សែន
បានជ្រើសរើសបំបែកកម្លាំងបាតុករជាកម្មករ តាមរយៈការប្រើប្រាស់កម្លាំងជាមួយនឹងកាំភ្លើងគ្រាប់ពិត?
អ្នកស្រាវជ្រាវសង្គមនិងជាអ្នកវិភាគនយោបាយឯករាជ្យនៅក្នុងប្រទេសកម្ពុជាលោក កែម ឡី ក្នុងសន្និសិទសារព័ត៌មានមួយនៅសណ្ឋាគារអ៊ីមភៀរៀលនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ បានលើកឡើងថា «នោះដោយសារតែគណបក្សប្រជាជនកម្ពុជា មាននូវហេតុផលប្រាំយ៉ាង»។
កងកម្លាំងប្រដាប់ដោយអាវុធ«គ្រាប់ពិត» ត្រូវបានបញ្ជូនឲ្យមកបង្ក្រាបបាតុករដៃទទេ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវវេងស្រេង។ (រូបថត MONOROOM.info/ O.vary)បាតុកម្ម និងអំណាច -
បាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ មានជាបន្តរបន្ទាប់តែគេសង្កេតឃើញមានទ្រង់ទ្រាយធំ ចាប់ពីតាំងពីថ្ងៃទី១៥ ខែធ្នូនោះមក
ជាពិសេសប៉ុន្មានសប្ដាហ៍ចុងក្រោយ។ ក្នុងអំឡុងពេលដើមឆ្នាំ២០១៤ចាប់ពីថ្ងៃតី០២ខែមករាមកឃើញថាកងកម្លាំងការពារសន្តិសុខជាតិ
ដែលប្រើប្រាស់ដោយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចសព្វថ្ងៃនេះបានដាក់ពង្រាយស្ទើគ្រប់ទីកន្លែង
តាមបណ្តោយផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ
មុននឹងឈានទៅដល់ការបង្ក្រាបយ៉ាងរង្គាល ដោយកាំភ្លើងគ្រាប់ពិត
ទៅលើក្រុមបាតុករដៃទទេរ ធ្វើឲ្យមានស្លាប់និងរបួសរាប់សិបនាក់។
លោក កែម ឡី បានបង្ហាញនូវហេតុផលប្រាំយ៉ាងដែលជំរុញឲ្យកងកម្លាំងគ្រប់គ្រងដឹកនាំដោយរដ្ឋាភិបាលលោក ហ៊ុន សែន
ប្រើកាំភ្លើងគ្រាប់ពិតបាញ់តម្រង់បាតុករដែលសុទ្ធសឹងជាជនស៊ីវិល
យ៉ាងដូច្នេះថា៖
ហេតុផលទីមួយ៖ការធ្វើបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិក្នុងថ្ងៃអាទិត្យដំបូងនោះ
មានចំនួននៃបាតុករចូលរួមជាងដប់ម៉ឺននាក់។ និងថ្ងៃអាទិត្យបន្ទាប់មកទៀត
ចំនួនបាតុករបានកើនឡើងជាងម្ភៃម៉ឺននាក់និងជាងសាមសិបម៉ឺននាក់ជាពីរដងបីដងនិងបួនដង ជាមួយនឹងការផ្សារភ្ជាប់ជាមួយនឹងកម្មករ ជាមួយនឹងគ្រូបង្រៀន
ដែលនាំឲ្យមានកម្លាំងប្រជាធិបតេយ្យពេញទូទាំងប្រទេសនេះ
ឯរដ្ឋាភិបាលអាចនឹងបរាជ័យក្នុងការទប់ទល់ជាមួយនឹងកម្លាំងប្រជាធិបតេយ្យុ។
នេះជាមូលហេតុទីមួយ ដែលរដ្ឋាភិបាលត្រូវបង្ខំចិត្តបង្គ្រាប យ៉ាងសាហាវ
ជាមួយនឹងការប្រើប្រាស់នូវអាវុធ(កាំភ្លើង) បាញ់ឥតប្រណី។
ហេតុផលទីពីរ៖ ដោយសារតែរដ្ឋាភិបាលចង់រៀបចំ
ថ្ងៃប្រាំពីរមករាជាថ្ងៃប្រវត្តិសាស្ត្ររបស់គាត់ (គណបក្សប្រជាជនកម្ពុជា)
ជាមួយនឹងការបារម្ភខ្លាចមានបាតុកម្មនោះធំឡើងៗ
ដែលជាការរំខានដល់ការរៀបចំថ្ងៃប្រាំពីរមករា ដែលនេះជាភាពជាក់ស្តែង
ដែលយើងបានមើលឃើញយ៉ាងដូច្នេះ។
ហេតុផលទីបី៖ ដោយសារតែពេលវេលាខាងមុខនឹងមានគណប្រតិភូវៀតណាមនាយករដ្ឋមន្រ្តី វៀតណាម
ដែលជាសមភាគីនៃនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន
ប្រសិនបើមិនបង្ខំចិត្តបង្ហ្រាបទេ នោះបាតុកម្មអាចនឹងហៀរចូលទៅតាមថ្នល់។
ជាងនេះទៅទៀតប្រហែលជានឹងមិនអាចផ្គាប់ចិត្តមេដឹកនាំវៀតណាម
ដូច្នេះត្រូវសម្រេចចិត្តបង្គ្រាប។
ហេតុផលទីបួន៖ តាមភាពជាក់ស្តែងកន្លងមកនេះ
ការបង្កៃគ្រាប់បែកប្រជាជនលែងខ្លាចហើយ ការថតដាក់តាមទូរទស្សន៍ក៏លែងខ្លាច
ការវាយក៏លែងខ្លាច ការចាប់ដាក់គុកដូចលោក ម៉ម សូណង់ដូរ អ្នកបឹងកក់
ហើយដល់ពេលចេញមកវិញក៏លែងខ្លាចមានតែធ្វើបាតុកម្មលើសដើម។
ការបង្ក្រាបតាមរយៈការប្រើដំបង ខែល គ្រាប់ក្លែងក្លាយ ដំបងឆក់
ឬឡានទឹកជាដើមនោះ លែងខ្លាចហើយ ទើបសម្រេចចិត្តប្រើប្រាស់នូវគ្រាប់កាំភ្លើងពិតដែលជាក់ស្តែងនៅស្ទឹងមានជ័យនិងតាមបណ្តោយផ្លូវវ៉េងស្រេង។
និងហេតុផលទីប្រាំចុងក្រោយ៖ ការអស់ទំនុកចិត្តពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទៅតាមករណីមួយចំនួនដូចជា ប្រជាពលរដ្ឋមន្រ្តីរាជការ ទាហាន ប៉ូលីស។ បន្ទាប់មកទៀត ក៏បាត់បង់នូវជំនឿចិត្តលើប៉ូលីស
និងប៉េអឹមថែមទៀត ហើយមានទំនុកចិត្តតែលើក្រុមអង្គរក្សខ្លួនឯង។ ក្រោយមកទៀត
ក៏លែងទុកចិត្តលើអង្គរក្ស ហើយក៏បានបង្កើតនូវកម្លាំងមួយទៀតដែលខ្លួនគិតថាមានភាពទុកចិត្តជាងគេនោះ។ហើយបើកម្លាំងមួយចុងក្រោយនេះនៅមិនទុកចិត្តទៀតនោះគណបក្សប្រជាជនកម្ពុជានឹងត្រូវចប់។
តាមករណីខាងលើ លោកបានលើកជាឧទាហរណ៍ថាដូចជាសម័យខ្មែរក្រហមដោយចោទបញ្ញាវ័ន្តអ្នកធ្វើរដ្ឋប្រហារជំនាន់លុន ណុល នោះក្រុមកុម្មុយនីសនិយមម៉ៅទាំងនេះបានយកក្រុមបញ្ញាវ័ន្ដទៅសម្លាប់។
បន្ទាប់មកលែងទុកចិត្តអ្នកថ្មី សម្លាប់អ្នកថ្មី
ចុងក្រោយលែងទុកចិត្តអ្នកចាស់ ក៏សម្លាប់អ្នកចាស់។លែងទុកចិត្តគ្នាឯងលែងទុកចិត្តកូនឯងលែងទុកចិត្តម្តាយឪពុកឯង ក៏សម្លាប់ចោលទៀត។ លោកបានបន្តរថា
ចុងក្រោយជៀសមិនផុតពីភាព«បរាជ័យក្នុងជិវិតនៃអ្នកដឹកនាំ»។
លោកបានបញ្ជាក់បន្ថែមថា ក្នុងហេតុការនៃការបាញ់ឲ្យមានមនុស្សស្លាប់នោះ
លោកក៏មាន ពូ និងក្មួយធ្វើជាប៉ូលីសនៅក្នុងហេតុការណ៍នៅផ្លូវវ៉េងស្រេងនោះដែរ។លោកបានបន្តរថា៖ «ក្រោយពេលបង្ក្រាបហើយគេក៏បានដកកាំភ្លើងយកទៅអស់យកទៅស្កេនដោះយកគ្រាប់ចេញ ព្រោះខ្លាចក្រោយពេលមានការតាមដាននិងត្រួតពិនិត្យទៅឃើញមានកាំភ្លើងហ្នឹង»។ក្នុងស្ថានភាពបច្ចុប្បន្នបើរដ្ឋាភិបាលចង់លាក់កំបាំងនូវព័ត៌មានអ្វីមួយនោះលោក កែម ឡី បានចាត់ទុកថា នោះជាការមួយ«ហួសសម័យ»ហើយ៕
ប្រភព មនោរម្យ
0 comments:
Post a Comment