រាជធានីភ្នំពញ ៖ រថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីបើកលឿនពេកបួងចង្កូតទៅបុកកៀររថយន្តមួយគ្រឿងធ្វើឱ្យក្រពិតគូទចំហៀងខាងស្តាំ និងជ្រុលទៅបុកម៉ូតូមន្ត្រីនគរបាលខណ្ឌ៧មករាម្នាក់កំពុងដឹកប្អូនប្រុសទើបត្រឡប់មកពីប្រទេសថៃកិនជាប់ពីក្រោមរថយន្ត តែសំណាងល្អអ្នកជិះម៉ូតូទាំង២នាក់លោតចេញពីម៉ូតូមិនរងរបួសទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី៦ ធ្នូ ២០១៣ នៅចំណុចស្តុបម៉ុងឌីយ៉ាល់ តាមមហាវិថីម៉ៅសេទុងកែងផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុរថយន្ត២គ្រឿង និងម៉ូតូមួយគ្រឿងបានឈប់នៅលើផ្លូវលេខ៣៣៦ដើម្បីរង់ចាំភ្លើងស្តុប ស្រាប់តែរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីទើបនឹងមកពីប្រមូលសំរាមនៅផ្សារដេប៉ូក្នុងបំណងយកទៅចាក់នៅកន្លែងចាក់សំរាមជើងឯកជិះមកដល់ស្តុបបានបត់ស្តាំឆ្ពោះទៅផ្លូវលេខ៣៣៦ ក្នុងល្បឿនលឿនពេកបត់ទៅបុករថយន្តម៉ាកMITSUBISI TRITON ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២T៩៩៦៦ ដែលកំពុងឈប់ចាំភ្លើងស្តុបបណ្តាលឱ្យក្រពិតគូទមួយចំហៀងខាងឆ្វេង ចំណែកម៉ូតូមីអូ ពណ៌ខ្មៅ ជិះគ្នា២នាក់ដែលអ្នកបើកម៉ូតូត្រូវបានគេស្គាល់ថា ជាមន្ត្រីនគរបាលខណ្ឌ៧មករា កំពុងតែឈប់ទន្ទឹមរថយន្ត MITSUBISI TRITON នោះ ពេលឃើញបែបនេះក៏ជិះគេចទៅខាងឆ្វេងដៃ តែគេចមិនផុតត្រូវរថយន្តដឹកសំរាមបុកកិនជាប់ម៉ូតូពីក្រោមរថយន្ត ចំណែកអ្នកជិះម៉ូតូទាំង២នាក់នាំគ្នាលោតចេញពីម៉ូតូផុតពីគ្រោះថ្នាក់។
ក្រោយកើតហេតុរថយន្តបង្ក និងរថយន្តខូចខាត ព្រមទាំងម៉ូតូត្រូវនគរបាលធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយ៕
ប្រភព កោះសន្តិភាព
0 comments:
Post a Comment