Monday, December 16, 2013

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង កំពុង​លង់​ខ្លួន​​ចាញ់​បោក​កលល្បិច​​​របស់​ក្រុមហ៊ុន​បណ្ដាញ អែហ្វ.អ៊ិច.អាយ.ស៊ី (Fxic) ជា​ក្រុម​រក​ស៊ី​លើ​ផ្នែក​​​បណ្ដាក់​លុយ​ដោយ​ទទួល​បាន​ការ​ប្រាក់​ខ្ពស់។ ក្នុង​នោះ​មាន​​ប្រជាពលរដ្ឋ​ខ្លះ​បាន​លង់​ខ្លួន​​ដោយសារ​ការ​បញ្ចុះបញ្ចូល​ របស់​បុគ្គលិក​ក្រុមហ៊ុន​មួយ​នេះ​ ហើយ​បាន​យក​ប្រាក់​របស់​ខ្លួន​ទៅ​ដាក់​យក​ការ​ប្រាក់​ចាញ់​បោក​ក្រុមហ៊ុន​ អស់​រាប់​ម៉ឺន​ដុល្លារ។
​​​​​​​​ប្រជាពលរដ្ឋ​ក្នុង​នោះ រួម​ទាំង​ព្រះសង្ឃ​ផង នៅ​ខេត្ត​ព្រៃវែង បាន​ចាញ់​បោក​ការ​បញ្ចុះបញ្ចូល​របស់​សមាជិក​​ក្រុមហ៊ុន​បណ្ដាញ​នេះ​ ដោយ​​​បាន​យក​ប្រាក់​របស់​ខ្លួន​ទៅ​ដាក់​ដើម្បី​ជា​ប្រយោជន៍​​ទទួល​បាន​ការ​ ប្រាក់​ខ្ពស់​ពី​ក្រុមហ៊ុន​មួយ​នេះ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ការ​ដាក់​ប្រាក់​របស់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ បែរ​ជា​​ខាត​បង់​ទាំង​ដើម​ទាំង​ចុង ដោយ​​ពុំ​ទទួល​បាន​តាម​​​អ្វី​​​ដែល​ក្រុមហ៊ុន​បាន​មក​ណែនាំ​ប្រជាពលរដ្ឋ​ នោះ​ឡើយ។
ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​បាន​​ចាញ់​បោក​​​ ក្រុមហ៊ុន​នេះ គឺ​លោក ពេញ លេញ រស់​នៅ​ភូមិ​ព្រៃចម្ការ ឃុំ​ស្ពឺខ នៃ​ស្រុក​បាភ្នំ ឲ្យ​ដឹង​ថា សមាជិក​បណ្ដាញ​របស់​ក្រុមហ៊ុន​រក​ស៊ី​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​ប្រាក់​បាន​ការ​ ​ខ្ពស់​មួយ​នេះ បាន​ធ្វើ​សកម្មភាព​ដើរ​ឃោសនា​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​តាម​ភូមិ ជាពិសេស​ក្នុង​ទី​វត្ត​អារាម​តែ​ម្ដង។
លោក ពេញ លេញ​ បញ្ជាក់​ថា ក្រុម​ការងារ​របស់​ក្រុមហ៊ុន​បាន​មក​ពន្យល់​លោក​ដោយ​សន្យា​ផ្ដល់​ការ​ប្រាក់ ​​រៀង​រាល់​ខែ​​ទាំង​ដើម​ទាំង​ចុង​ក្នុង​​រយៈ​ពេល ១៥​ខែ ហើយ​អ្នក​ដែល​បាន​មក​ណែនាំ​រូប​លោក​នោះ​ គឺ​ជា​ព្រះសង្ឃ​ ហើយ​ព្រះសង្ឃ​អង្គ​នោះ​ គង់​នៅ​វត្ត​មួយ​កន្លែង​ក្នុង​​ខេត្ត​សៀមរាប។ លោក​បន្ត​ថា ដោយ​ឃើញ​ជា​ព្រះសង្ឃ​ដូច្នោះ​ ធ្វើ​ឲ្យ​លោក​មាន​ជំនឿ ហើយ​បាន​សម្រេច​ចិត្ត​យក​​ប្លង់​ដី​របស់​ខ្លួន​ទៅ​ដាក់​បញ្ចាំ​នៅ​ធនាគារ បាន​ប្រាក់​ជាង ១​ម៉ឺន​ដុល្លារ រួច​យក​ប្រាក់​នោះ​​ទៅ​ដាក់​ជាមួយ​​ក្រុមហ៊ុន​តាម​រយៈ​ព្រះសង្ឃ​តែម្ដង។ ប៉ុន្តែ​ក្រោយ​ពី​បាន​យក​ប្រាក់​ទៅ​ដាក់​ជាមួយ​ក្រុមហ៊ុន​ហើយ បែរ​ជា​ពុំ​បាន​ទទួល​ការ​ប្រាក់​ដូច​ការ​អះអាង​ឡើយ។
លោក ពេញ លេញ៖ «យក​ប្លង់​ដី​ទៅ​បញ្ចាំ​ឲ្យ​គេ​ហ្នឹង ដល់​ពេល​នេះ​លោក​ហ្នឹង​អ្នក​ធានា ថា​បើក​លុយ​ឲ្យ​រៀង​រាល់​ខែ ១៥​ខែ រួច​ទាំង​ដើម​ទាំង​ការ។ ដល់​បើក​បាន​តែ ២​ខែ​បាត់​ទៅ​ ដល់​ខ្ញុំ​តេ​ទៅ​សួរ​ក្រុមហ៊ុន គេ​ថា​ឲ្យ​រក​អតិថិជន​បន្ត​បាន​បើក​លុយ​ឲ្យ​ទៀត។ ដល់​អ៊ីចឹង​ខ្ញុំ​នឹក​ឃើញ​ថា ក្រុមហ៊ុន​បោក​ទេ​យ៉ាង ក្នុង​ចិត្ត​ខ្ញុំ​គិត​អ៊ីចឹង។ ខ្ញុំ​តេ​ទៅ​លោក​សង្ឃ ដល់​តេ​ទៅ​លោក​សង្ឃៗ​ដែល​នាំ​ដាក់​ហ្នឹង​ថា បង​ឯង​ទៅ​ដាក់​ខ្លួន​ឯង ទៅ​ដោះ​ស្រាយ​ខ្លួន​​ឯង​ទៅ ឆ្លើយ​ថា​អ៊ីចឹង បាន​ខ្ញុំ​អស់​ជំនឿ ខ្ញុំ​ភ័យ​ខ្លួន​ឯង។ ដល់​ចុង​ក្រោយ​មក ខ្ញុំ​ធ្វើ​ពាក្យ​ប្ដឹង​លោក​សង្ឃ​ហ្នឹង ដាក់​ទៅ​តុលាការ​ខេត្ត​ព្រៃវែង»
​​​​បច្ចុប្បន្ន​សំណុំ​រឿង​នេះ​នៅ​ពុំ​ទាន់​មាន​ចំណាត់ការ​អ្វី​មួយ​ជា​ដុំ​កំភួន​ពី​តុលាការ​ខេត្ត​ព្រៃវែង នៅ​ឡើយ​ទេ។
ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បណ្ដាញ​ជា​ប្រភេទ​ក្រុម​មួយ​គ្មាន​អាគារ​​ទីស្នាក់ការ​របស់​ខ្លួន ​ច្បាស់​លាស់​ឡើយ ហើយ​ក្រុមហ៊ុន​មួយ​នេះ​រក​ស៊ី​ដោយ​ពឹង​​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ប្រាក់​ បញ្ញើ​របស់​អតិថិជន​ដែល​បាន​យក​ប្រាក់​មក​ដាក់ និង​ទទួល​បានការ​ប្រាក់​​ខ្ពស់ គឺ​ការ​ប្រាក់​មួយ​ខែ​ប្រមាណ ១០​ភាគរយ​នៃ​ចំនួន​ទឹក​ប្រាក់​របស់​អតិថិជន​ដែល​បាន​​យក​មក​ដាក់​ជា​មួយ​ ក្រុមហ៊ុន។ ជាង​នេះ​ទៅ​ទៀត បើ​សិន​ជា​សមាជិក​ណា​អាច​រក​អតិថិជន​ចំណូល​ថ្មី​បន្ថែម នោះ​សមាជិក​នឹង​ទទួល​បាន​ការ​ប្រាក់​​បន្ថែម​​​ទៀត​ប្រមាណ ៥​ភាគរយ បើ​រក​បាន​សមាជិក​កាន់​តែ​ច្រើន​ នោះ​ប្រាក់​ចំណូល​នឹង​កាន់​តែ​បន្ថែម​កើន​​ឡើង​ជា​លំដាប់​ដែរ។
ស្រដៀង​គ្នា​នេះ​ដែរ ព្រះតេជព្រះគុណ ព្រះនាម រ័ត្ន ពិសិដ្ឋ គង់​នៅ​មួយ​កន្លែង​នៅ​​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង មាន​ព្រះថេរដីកា​ថា សមាជិក​របស់​ក្រុមហ៊ុន​បាន​មក​បញ្ចុះបញ្ចូល​ដល់​​ក្នុង​វត្ត​របស់​ព្រះអង្គ។ គ្រា​នោះ​សមាជិក​របស់​ក្រុមហ៊ុន​បាន​បញ្ជាក់​ហេតុ​ផល ដោយ​ផ្ដល់​ការ​ប្រាក់​ដល់​អតិថិជន​រៀង​រាល់​​ខែ​ដោយ​ពុំ​មាន​ការ​រអាក់រអួល​ ឡើយ។ ដោយ​តម្រូវ​បច្ច័យ​មួយ​ចំនួន​ដើម្បី​បន្ត​ការ​សិក្សា​រៀន​សូត្រ​របស់​ ព្រះអង្គ​ ឃើញ​ដូច​នេះ ព្រះអង្គ​ក៏​សម្រេច​ចិត្ត​ប្រមែប្រមូល រួម​ទាំង​ព្រះសង្ឃ​ដទៃ​ទៀត​ក្នុង​វត្ត បាន​ប្រាក់​ប្រមាណ ៣០០​ដុល្លារ ហើយ​យក​ទៅ​ដាក់​ជាមួយ​សមាជិក​ក្រុមហ៊ុន​នោះ​តែម្ដង។
ព្រះតេជព្រះគុណ ព្រះនាម រ័ត្ន ពិសិដ្ឋ៖ «មូលហេតុ​អ្វី​បាន​ជា​យក​លុយ​ ហ្នឹង​ទៅ​ដាក់? គឺ​ទី​១ អត់​បាន​គិត​ទៅ​លើ​បញ្ហា​​ថា វា​នឹង​មាន​បញ្ហា​អ៊ីចឹង។ ទី​២ អាត្មា​ដាក់​លុយ​ហ្នឹង គម្រោង​ថា​នៅ​ពេល​ដែល​យើង​រាល់​ខែ​អ៊ីចឹង​ទៅ យើង​គម្រប់​ថា​បាន​ពីរ​បី​ខែ​អ៊ីចឹង​ទៅ អាត្មា​ក៏​មាន​គំនិត​ថា ៣០០​របស់​អាត្មា​ហ្នឹង​វា​នឹង​អាច​កើត​កូន​បាន ហើយ​​ក្នុង​រយៈ​ពេល ២​បី​ខែ អាត្មា​ថា​នឹង​បើក​​យក​ទៅ​ប្រឡង គម្រោង​​អាត្មា​គឺ​​ប្រឡង​បាក់ឌុប ហើយ​អាត្មា​គិត​ថា យក​លុយ​ហ្នឹង​ទៅ​បំពេញ​ការ​រៀន​របស់​អាត្មា ដល់​ពេល​លទ្ធផល​ចុង​ក្រោយ​មក​អត់​បាន​ទទួល​អ្វី​សូម្បី​តែ​បន្តិច»
ព្រះអង្គ​មាន​ព្រះ​ថេរដីកា​បញ្ជាក់​បន្ថែម​ថា ក្រុមហ៊ុន​បណ្ដាញ​នេះ​ ធ្វើ​សកម្មភាព​នៅ​​ស្រុក​បាភ្នំ ចាប់​តាំង​ពី​ដើម​ខែ​មេសា ឆ្នាំ​២០១៣​ មក។ ក្នុង​នោះ​ថវិកា​របស់​ប្រជាពលរដ្ឋ​ចំណុះ​ជើង​វត្ត​ រួម​ទាំង​ព្រះសង្ឃ​ផង ​ដែល​បាន​​ចាញ់​បោក​តាម​រយៈ​ក្រុមហ៊ុន​មួយ​នេះ​ រួម​ប្រមាណ​ជាង ១​ម៉ឺន​ដុល្លារ​ហើយ។
វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​ប្រធាន​ក្រុមហ៊ុន​បណ្ដាញ អែហ្វ.អ៊ិច.អាយ.ស៊ី ដើម្បី​សុំ​ប្រតិកម្ម​តប​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ធ្នូ។ ប៉ុន្តែ​សមាជិក​ក្រុម​ការងារ​របស់​ក្រុមហ៊ុន គឺ​លោក ផល្លា បាន​ឲ្យ​ដឹង​ថា បញ្ហា​របស់​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​នៅ​ស្រុក​បាភ្នំ​នោះ​ ពុំ​មែន​ជា​កំហុស​របស់​ក្រុមហ៊ុន​ទេ គឺ​បញ្ហា​នេះ​បង្ក​ឡើង​ដោយសារ​អតិថិជន​មិន​យល់​ពី​គោលការណ៍​ និង​មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រុមហ៊ុន។
លោក ផល្លា៖ «ខ្ញុំ​ធ្លាប់​ឮ​ចេញ​ពី​ខាង​ហ្នឹង​មក​ដែរ ប៉ុន្តែ​ដោយសារ​តែ​លោក​ម្នាក់​ដែល​និយាយ​​ហ្នឹង​ប្រហែល​ជា​គាត់​ហ្នឹង​មិន​ មក​ចូល​រួម​នឹង​គេ។ គេ​អញ្ជើញ​គាត់​មក​ក្រុមហ៊ុន​ដើម្បី​ស្ដាប់​គេ​ស្ដាប់​ឯង​ថា តើ​ក្រុមហ៊ុន​យ៉ាង​ម៉េចៗ? គាត់​មិន​ដែល​មក​ចូល​រួម​កម្មវិធី​របស់​គេ ហើយ​គាត់​មក​និយាយ​អ៊ីចឹង។ ខ្ញុំ​មិន​កាន់​ជើង​ក្រុមហ៊ុន​ទេ ខ្ញុំ​ក៏​អ្នក​រក​ស៊ី​ដូច​គាត់​ដែរ ហើយ​ខ្ញុំ​ទៅ​ចូល​រួម​កម្មវិធី​របស់​ក្រុមហ៊ុន​ហើយ ក្រុមហ៊ុន​អត់​មាន​បញ្ហា​អី​ទេ»
ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ទីស្នាក់ការ​របស់​ក្រុមហ៊ុន​មាន​ទី​តាំង​នៅ​រាជធានី​ភ្នំពេញ ហើយ​ក្រុមហ៊ុន​បណ្ដាញ​មួយ​នេះ​បាន​ផ្លាស់​ទី​កន្លែង​ស្នាក់ការ​របស់​ខ្លួន​ ញឹកញាប់​រៀងរាល់ ៦​ខែ​ម្ដង។ សព្វ​ថ្ងៃ​ក្រុមហ៊ុន​បណ្ដាញ​ប្រភេទ​នេះ​បាន​វាយ​លុក​ក្នុង​រាជធានី​ភ្នំពេញ និង​រាលដាល​ដល់​ប្រជាពលរដ្ឋ​តាម​បណ្ដាល​ខេត្ត​ទូទាំង​ប្រទេស។ ហើយ​ប្រជាពលរដ្ឋ​ដែល​ពុំ​មាន​ការ​យល់​ដឹង​ពី​របរ​ជំនួញ​របស់​ក្រុមហ៊ុន​ ប្រភេទ​នេះ ជា​អ្នក​ងាយ​រងគ្រោះ ខាត​បង់​ប្រាក់​កាស​របស់​ខ្លួន៕

ប្រភព RFA

0 comments:

Post a Comment

អត្ថបទផ្សេងទៀតៈ

Blogger Tips and TricksLatest Tips And TricksBlogger Tricks